ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅដល់បណ្តារាជធានីខេត្តមួយចំនួនទាក់ទងនឹងភាពយឺតយ៉ាវក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ ទៅដល់ពលរដ្ឋ ដោយលោកបានបញ្ជាដាច់អហង្ការឱ្យពន្លឿនការចាក់វ៉ាក់សាំង និងត្រូវយកការងារនេះជាអាទិភាពទី១ ដែលត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
លោកបានព្រមានដូចនេះ តាមរយៈសារសំឡេង ដែលលោកបានថ្លែងទៅកាន់អភិបាលរាជធានី-ខេត្ត កាលពីយប់ថ្ងៃទី ២៥ ខែសីហា ដោយលោកបានបញ្ជាក់ពីការរកឃើញនូវចំណុចមួយចំនួន ដែលចាំបាច់ត្រូវតែកែសម្រួលជាបន្ទាន់ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ ១៩។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសុំដាក់ចេញនូវបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកកិច្ចការដែលជាអាទិភាពទី១ ត្រូវតែជាកិច្ចការប្រឆាំងនឹងកូវីដ ១៩ ក្នុងការប្រយុទ្ធនឹងកូវីដនេះគឺអាទិភាពទី ១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលលើបញ្ហាការចាក់វ៉ាក់សាំងដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ»។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានហាមដាច់ខាតមិនត្រូវឱ្យមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំង ខណៈដែលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ ដោយលោកបានរកឃើញនូវមូលហេតុដែលនាំឱ្យមានភាពយឺតយ៉ាវនៅកន្លែងមួយចំនួនដែលបណ្តាលមកពីការផ្គត់ផ្គង់វ៉ាក់សាំង។
លោកបានថ្លែងថា៖ «យើងមានវ៉ាក់សាំងគ្រប់គ្រាន់ ដែលត្រូវតែជំរុញវ៉ាក់សាំងនេះឱ្យទៅដល់គោលដៅ។ បទបញ្ជារបស់ខ្ញុំបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តត្រូវតែធ្វើជាមេបញ្ជាការក្នុងការចាក់វ៉ាក់សាំង ដោយត្រូវតែពិនិត្យមើលឱ្យបានច្បាស់ថាតើវ៉ាក់សាំងមានគ្រប់គ្រាន់ដែរឬទេ និងត្រូវធ្វើសំណើក្នុងករណីវ៉ាក់សាំងមិនគ្រប់គ្រាន់»។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ត្រូវបញ្ជូនវ៉ាក់សាំងទៅតាមបណ្តាខេត្ត ហើយខេត្តនីមួយៗ ត្រូវរៀបចំកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំងដោយខ្លួនឯងឱ្យបានល្អ។ សម្រាប់ខេត្តនៅឆ្ងាយដែលពិបាកដឹកជញ្ជូនវ៉ាក់សាំងតាមរថយន្ត លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យក្រសួងការពារជាតិអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការទ័ពអាកាសត្រូវតែប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីដឹកវ៉ាក់សាំងទៅកាន់បណ្ដាខេត្តទាំងនោះ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបញ្ជាដាច់ណាត់ថា មិនឱ្យផែនការចាក់វ៉ាក់សាំងនេះក្លាយទៅជាបញ្ហារយីករយាកទេ។ វ៉ាក់សាំងមាននៅក្នុងឃ្លាំង ខណៈពេលដែលនៅតាមបណ្តាស្រុក ឃុំ ពុំមានវ៉ាក់សាំងចាក់នោះឡើយ។ ខ្ញុំមិនអនុញ្ញាតឱ្យមានរបៀបនេះកើតឡើងឡើយ»។
លោកបានបញ្ជាក់ថា៖ «អភិបាលរាជធានីខេត្តត្រូវតែទទួលខុសត្រូវចំពោះមុខលោកនាយករដ្ឋមន្ត្រី ចំពោះរាជរដ្ឋាភិបាល ចំពោះជោគជ័យ ឬបរាជ័យនៃដំណើរការចាក់វ៉ាក់សាំងនេះ»។
ខេត្តមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីបានសង្កេតឃើញមានអ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ស្ពឺ ហើយមានខេត្តមួយចំនួនទៀតដែលមិនទាន់បានចាក់អស់។ ជាមួយគ្នានេះដែរ លោកក៏បានសរសើរចំពោះខេត្តរតនគិរីដែលបានចាក់វ៉ាក់សាំងទៅដល់ពលរដ្ឋលើសពីចំនួនពលរដ្ឋក្នុងខេត្តរបស់ខ្លួន។
លោក ហ៊ុន សែន បានថ្លែងទៀតថា៖ «យើងធ្លាប់បានរកឃើញអ្នកចាក់វ៉ាក់សាំងទី ៦ លាន ៧ លាន និង ៨ លានក្នុងល្បឿនលឿន ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ នៅពេលដែលមានវ៉ាក់សាំងគ្រប់គ្រាន់ បែរជាល្បឿននៃការចាក់វ៉ាក់សាំងរបស់យើងមានការថយចុះយ៉ាងខ្លាំង»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានរំឭកដល់គ្រប់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសម្រេចកិច្ចការងារនេះដោយការទទួលខុសត្រូវ ហើយពិនិត្យមើលការងារណាដែលមិនសូវសំខាន់ទុកមួយឡែកសិន ដោយយកកិច្ចការប្រឆាំងនឹងជំងឺកូវីដ-១៩ ជាកិច្ចការអាទិភាពស្លាប់រស់របស់ប្រទេសជាតិ និងត្រូវធ្វើរបាយការណ៍បញ្ជូនមកកាន់ប្រព័ន្ធ WhatsApp របស់លោកជារៀងរាល់ថ្ងៃ។
លោកបានបន្ថែមថា៖ «ខ្ញុំមានជំនឿថា វ៉ាក់សាំងរបស់យើងមិនខ្វះទេ ប៉ុន្តែអ្វីដែលជាកង្វះគឺការទទួលខុសត្រូវរបស់ខេត្ត-រាជធានីមួយផ្នែក និង ១ ផ្នែកទៀតគឺគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងដែលខ្វះការទទួលខុសត្រូវជំរុញចលនានៃការចាក់វ៉ាក់សាំង»។
លោក ហ៊ុន សែន ថានឹងតាមដានមើលលើករណីនេះរហូតដល់ទីបញ្ចប់ ដោយលោកមិនព្រមចុះចាញ់លើសមរភូមិដ៏ខ្ជីខ្ជាបែបនេះឡើយ ដែលទុកឱ្យនាយទាហាន ពលទាហានខ្វះគ្រាប់គឺវ៉ាក់សាំងក្នុងការប្រយុទ្ធនឹងកូវីដ ១៩ នេះ។
ទាក់ទងនឹងដំណើរការចាក់វ៉ាក់សាំងនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែសីហា ថា មកទល់ពេលនេះ ពលរដ្ឋក្នុងខេត្តរបស់លោកចាក់វ៉ាក់សាំងកូវីដ ១៩ បានប្រមាណជាង ៥០ ភាគរយប៉ុណ្ណោះ ដោយសារក្នុងខេត្តលោកមានការឆ្លងរាលដាលពីមេរោគកូវីដ ១៩ នេះ យឺតជាងខេត្តផ្សេងៗមួយចំនួន។
លោកបានប្រាប់ថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺផ្តល់វ៉ាក់សាំងទៅដល់រាជធានីខេត្តដែលមានការរីករាលដាលខ្លាំងពីជំងឺកូវីដ ១៩ ហើយខេត្តត្បូងឃ្មុំមានឆ្លងមេរោគនេះក្នុងក្រុងសួងនៅចុងខែមិថុនា។ ដូចនេះយើងទើបតែចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងក្នុងអំឡុងចុងខែមិថុនាមកនេះ»។
លោក ច័ន្ទសោភ័ណ បានឱ្យដឹងថា ខេត្តលោកទទួលបានវ៉ាក់សាំងកូវីដ ១៩ យឺតជាងខេត្តដទៃមួយចំនួនពី ២ ទៅ ២ ខែកន្លះ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានខិតខំពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងនេះ។
បើតាមលោក ជាម ច័ន្ទសោភ័ណ មកទល់ពេលនេះមានប្រជាជនចំនួនជាង ៦០ ម៉ឺននាក់ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង បានទទួលចាក់វ៉ាក់សាំងរួចរាល់ហើយ ហើយនៅសល់ប្រមាណជិត ៣ សែននាក់ទៀតដែលកំពុងបន្តចាក់។
លោកបានបញ្ជាក់ថា៖ «យើងនឹងខិតខំធ្វើការងារនេះក្នុងការចាក់វ៉ាក់សាំងទៅដល់បងប្អូនយើងដែលមិនទាន់បានចាក់ ដែល ១ ថ្ងៃ យើងចាក់ឱ្យបានពី ១ ម៉ឺន ទៅជាង ១ ម៉ឺននាក់នៅទូទាំងខេត្ត ដែលយើងមាន ៦០ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្នុងស្រុក ៥ ទៀត ខណៈដែលនៅតាមក្រុងស្រុកខ្លះ យើងបានបញ្ចប់ការចាក់ទាំងដូសទី ១ និងដូសទី ២ រួចហើយ»។
លោក ជាម ច័ន្ទសោភ័ណ ថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តត្បូងឃ្មុំនឹងបញ្ចប់ក្នុងពេលឆាប់ៗហើយខេត្តមិនមានការខ្វះខាតវ៉ាក់សាំងឡើយ ដោយសារថ្នាក់ជាតិបានផ្តល់តាមតម្រូវការខេត្តត្រូវការ ហើយរដ្ឋបាលខេត្តក៏មិនបានទុកវ៉ាក់សាំងនៅក្នុងឃ្លាំងផងដែរ គឺបញ្ជូនទៅតាមបណ្តាស្រុកដែលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១ ពលរដ្ឋជាង ៨,៨ លាននាក់ ឬស្មើនឹង ៨៨,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ បានចាក់វ៉ាក់សាំង ហើយសម្រាប់ក្រុមមនុស្សដែលមានអាយុពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំ ចំនួនជាង ១ លាននាក់ ឬស្មើ ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅជិត ២ លាននាក់បានចាក់រួចរាល់នៅទូទាំងប្រទេស៕
វីដេអូ៖