ភ្នំពេញៈ អាជ្ញាធរ​មីន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត និង​សហគមន៍​ផ្តល់ជំនួយ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បោសសម្អាត​មីន​ ដើម្បី​អភិវឌ្ឍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​ឱ្យអស់​ក្នុង​ឆ្នាំ​ ២០២៥​។

យោងតាម លោក លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​មីន​ ដើម្បី​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការងារ​សម្រេចបាន​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​ ៣ ​ឆ្នាំ ២០១៨-២០២០ កន្លងមក តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ភ្នាក់ងារ​អន្តរជាតិ តំណាង​ដៃគូ​អភិវឌ្ឍន៍ ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អង្គទូត ប្រចាំ​នៅ​កម្ពុជា និង​ប្រតិបត្តិករ​បោសសម្អាត​មីន​ជាតិ-អន្តរជាតិ ព្រមទាំង​គណៈកម្មាធិការ​សកម្មភាព​មីន​រាជធានី-ខេត្ត ផងដែរ​។

លោក បានឱ្យ​ដឹងថា សមិទ្ធផល​ការងារ​សម្រេចបាន​ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព ៣ ​ឆ្នាំ ២០១៨-២០២០ កន្លងមក កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ចំនួន ៤២១ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ៦៦% នៃ​ផែនការ​ ៣ ​ឆ្នាំ​។ ក្នុងនោះ​រកឃើញ និង​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៤៩ ២៥៦ គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ៩៥៦ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២២១ ៣៧២ គ្រាប់ ព្រមទាំង​មាន​អ្នកទទួលផល​ចំនួន​ប្រមាណ ២ លាន​នាក់​។ ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ចំនួន ២ ៨៤០ ៦១២ នាក់​បាន​ទទួល​សារ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផងដែរ​។

លោក លី ធុជ ថ្លែងថា​៖ «​ខ្ញុំ​ក៏​អំពាវនាវ​ឱ្យ​ប្រទេស​ជា​មិត្ត និង​សហគមន៍​ផ្តល់ជំនួយ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន​ ដើម្បី​អភិវឌ្ឍ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​កម្ទេច​គ្រាប់មីន​ឱ្យអស់​ពី​ទឹកដី​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២៥ ខាងមុខ​»​។

លោក​បាន​បន្តថា ការចូលរួម​ដ៏សប្បុរស​នេះ គឺជា​ការបង្ហាញ​នូវ​សមិទ្ធផល​ដ៏គួរឱ្យ​កត់សម្គាល់ ដែល​បានមកពី​ការរួមចំណែក​ក្នុង​ការធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​ចំពោះ​សុខ​សុវត្ថិភាព សន្តិសុខ និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ដែល​ងាយ​រងគ្រោះ និង​កំពុង​រស់នៅក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយ​មីន​។

លោក​ថ្លែងថា ការកៀរគរ​ធនធាន​គាំទ្រ​ការអនុវត្ត​ផែនការ​សកម្មភាព ៣ ឆ្នាំ បន្ត ២០២១-២០២៣ ដែល​បញ្ហា​ទាំងនេះ ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការឆ្លើយតប​ទៅនឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ការគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​នៅតែ​បន្ត​កើតមានឡើង​ក្នុង​អត្រា​ខ្ពស់​។

គិត​ត្រឹម​រយៈពេល​ប្រមាណ​ ៧ ​ខែ ក្នុង​ឆ្នាំ​ ២០២១ ​នេះ មាន​ជនរងគ្រោះ​ចំនួន ៣២ ​នាក់​។ លោក​បាន​បញ្ជាក់ថា ឆ្នាំ​ ២០២០ វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា បាន​ឈានដល់​ចំណុច​របត់​មួយ​បញ្ចប់​នៃ​ផែនការ​អនុវត្ត ​៣ ​ឆ្នាំ ២០១៨-២០២០ ក្នុងពេល​ជាមួយ​គ្នា ដែល​ប្រទេស​កម្ពុជា​​ ក៏​កំពុង​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ និង​បាន​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

លោក លី ធុជ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជា​មិត្ត និង​សហគមន៍​ម្ចាស់ជំនួយ​រួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ នូវែលសេឡង់ សាធារណរដ្ខ​កូរ៉េ កាណាដា ស្វ៊ីស ន័រវែស ឥណ្ឌា បារាំង អៀរឡង់ បែលហ្ស៊ិក អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហុងគ្រី UNDP និង UNICEF ព្រមទាំង​មូលនិធិ អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ដែល​តែងតែ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។

លោក Rho Hyun Jun តំណាង KOICA នៅ​កម្ពុជា​បាន​ថ្លែងថា ប្រទេស​កូរ៉េ មាន​ប្រវតិ្តសាស្ត្រ​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​កម្ពុជា ដោយសារ​តែមាន​មីន​នៅតាម​ព្រំដែន​កូរ៉េខាងត្បូង​ និង​កូរ៉េខាងជើង​ផងដែរ​។ នេះ​ជា​សមិទ្ធផល​ដ៏សំខាន់​មួយ​នៃ​វិស័យ​មីន​សម្រាប់​ជា​ឯកសារ​មានតម្លៃ​មួយ​ដើរតួ​ជា​ឯកសារយោង​ណែនាំ​ដល់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ តាម​ប្រទេស​កម្ពុជា​ជា​ប្រទេស​គ្មាន​មីន​ហើយ​ជា​កន្លែង​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​សង្គមមនុស្ស​ឱ្យមាន​ការរីកចម្រើន​។

លោក​ថ្លែងថា​៖ «​យើង​ចង់​សម្រេច​ទៅដល់​គោលដៅ​នេះ ហើយ​នៅតែ​ប្ដេជ្ញា​គាំទ្រ អាជ្ញាធរ​មីន ដើម្បី​សម្រេច​តាម​ផែនការ​។ KOICA ប្តេជ្ញា​គាំទ្រ យុទ្ធសាស្ត្រ​គ្មាន​មីន​របស់​កម្ពុជា រួមទាំង​ការផ្តល់​ថវិកា​ ដើម្បី​កម្ចាត់មីន ​ការពង្រឹង​សមត្ថភាព ការគាំទ្រ​ជនរងគ្រោះ និង​ការលើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​មីន​ ដើម្បី​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​ ២០២៥»​។

លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​សាទរ​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​វិស័យ​មីន​នៅ​កម្ពុជា​នេះ ដោយ​ចាត់ទុកថា ភាពជោគជ័យ​នេះ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការធានា​បាន​នូវ​ការបោសសម្អាត​មីន ក៏ដូចជា​​ជូនពរ​ឱ្យសម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដើម្បី​កម្ពុជា​គ្មាន​មីន និង​សម្រេចបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​សុវត្ថិភាព​ និង​ជឿជាក់​ថា ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ដែល​បាន​បង្កើតឡើង​ជាមួយ​ទីភ្នាក់ងារ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​សកម្មភាព​កម្ចាត់មីន​រួមទាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​អន្តរជាតិ​នៃ​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធរុស្ស៊ី​»៕