ភ្នំពេញៈ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បើក​ដំណើរការ​គម្រោង​ថ្មី​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ (CTIP) រយៈពេល​ ៥ ​ឆ្នាំ ដើម្បី​ស្វះស្វែង​រក​ការការពារ​ជន​ងាយ​រងគ្រោះ​ពី​ការជួញដូរ​ និង​ការរំលោភបំពាន​។

គម្រោង​នេះ​អនុវត្ត​ដោយ​អង្គការ Winrock International ចាប់ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ​ ២០២៦ និង​មាន​វិសាលភាព​គ្របដណ្តប់​ចំនួន​ ៨ ​រាជធានី-ខេត្ត​រួមមាន​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង កំពង់ចាម កោះកុង ព្រះសីហនុ បាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ​។

គម្រោង​នេះ​ក៏មាន​ទិសដៅ​ស្វែងរក​ដំណោះស្រាយ ឫសគល់​បញ្ហា​បង្កឱ្យ​មាន​ការជួញដូរ និង​ការពារ​ប្រជាជន​ដែលមាន​ហានិភ័យ​ពី​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន និង​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ជួយ​ជន​រងគ្រោះ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក Mark Laylor ប្រធាន​គម្រោង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (CTIP) ​នៃ​អង្គការ Winrock International ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ គម្រោង​នេះ​កាលពី​ថ្ងៃទី​ ២៦ ខែសីហា​ថា គម្រោង​នេះ​នឹង​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស ពង្រឹង​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ និង​ជួយ​ជនរងគ្រោះ​ពី​ការជួញដូរ និង​ពង្រឹង​គណនេយ្យភាព ដោយ​ឱ្យ​ជនល្មើស​ត្រូវ​ទទួល​ការផ្តន្ទាទោស​តាមច្បាប់​។

លោក​ថ្លែងថា កម្មវិធី​នៅក្នុង​គម្រោង​នេះ​នឹង​ផ្តោតលើ​សន្តិសុខ​ស្បៀង​អាហារ ប្រាក់ចំណូល​ជា​មូលដ្ឋាន​របស់​ប្រជាជន ដើម្បី​ចៀសវាង​ការប្រឈម​នឹង​ការចំណាកស្រុក ដោយ​ប្រថុយប្រថាន​។ នៅពេល​ពួកគាត់​ទទួលបាន​ឱកាស​ការងារ នៅក្នុង​ស្រុក ពួកគាត់​នឹង​សម្រេចចិត្ត មិន​ធ្វើ​ចំណាកស្រុក​តទៅទៀត​នោះទេ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ចំណាកស្រុក​ផងដែរ​។

លោក Mark Laylor ថ្លែងថា​៖ «​ជំនួយ​របស់​យើង យើង​មើល​ទៅលើ​តម្រូវការ​ខាង​ផ្នែក​ទីផ្សារ​បានន័យថា ជួយ​ទៅលើ​មុខរបរ ឬ​ផ្នែក​ណា​ដែលមាន​ទីផ្សារ​ដែល​អាច​ឱ្យ​គាត់​លក់ដូរ រកចំណូល​បាន​»​។

គម្រោង​នេះ ក៏​នឹង​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ផ្លាស់ប្តូរ​ឥរិយាបថ​ ឬ​ផ្នត់គំនិត ដែលមាន​កន្លងមក ចំពោះ​ការជួញដូរ​មនុស្ស​ក៏ដូចជា​ការចំណាកស្រុក​ដោយ​ប្រថុយប្រថាន​។ លើសពីនេះ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ និង​ជំរុញ​ទៅដល់​ឱកាស​ការងារ​ផ្សេងៗ​ដើម្បីឱ្យ​ពលរដ្ឋ​ទាំងនោះ​អាច​មាន​ឱកាស​ធ្វើ​ការងារ​នៅក្នុង​ស្រុក​។

លោក​បន្តថា​៖ «​យើង​ចង់​លើក​ទឹកចិត្ត​ឱ្យ​គ្រប់គ្នា​នៅផ្ទះ​ ពីព្រោះ​នៅផ្ទះ​គឺ​មាន​សុវត្ថិភាព ដោយ​បង្កើត​ជីវភាព​សេដ្ឋកិច្ច​ក្នុង​សហគមន៍​នៅ​ភូមិ​ស្រុក​របស់គាត់​នៅ​កម្ពុជា​ហ្នឹង​តែម្តង​»​។

លោក Mark Laylor បន្តថា គម្រោង CTIP នឹង​ពង្រឹង​ប្រព័ន្ធ​របស់​រដ្ឋាភិបាល ដើម្បី​កំណត់​អត្តសញ្ញាណ និង​បញ្ជូន​ជនរងគ្រោះ​នៃ​ការជួញដូរ​ដើម្បី​ទទួលបាន​សេវា​ចាំបាច់ និង​ពង្រីក​សេវា​ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​ក្នុង​ការទទួលបាន​យុត្តិធម៌ តាមរយៈ​កិច្ចសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គភាព​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​ពិធី​នេះ​ថា គោលដៅ​គម្រោង​នឹង​ស្វះស្វែង​រក​ឫសគល់​នៃ​អំពើ​ជួញដូរ​មនុស្ស​ដើម្បី​ជួយ​ប្រជាជន ដែល​រងគ្រោះ ដោយសារ​ការរំលោភបំពាន​ដើម្បី​ទប់ស្កាត់​ការចំណាកស្រុក​ដោយ​ប្រថុយប្រថាន និង​ការធ្លាក់​ទៅក្នុង​អំពើ​ជួញដូរ​។

អង្គការ Winrock International ត្រូវបាន​គេ​ទទួលស្គាល់​ច្រើន សម្រាប់​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស ដោយមាន​ទាំង​បទពិសោធ មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ​តែ​ថែមទាំង​នៅក្នុង​តំបន់​ទៀតផង​។

លោក Patrick Murphy ថ្លែងថា ការជួញដូរ​មនុស្ស​កើតឡើង​គ្រប់កន្លែង​ក្នុងអំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស កាន់តែ​មាន​ការលំបាក​។ ជោគជ័យ​របស់​កម្ពុជា​លើ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស គឺជា​ជោគជ័យ​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​ក្នុង​សកលលោក​ដែល​កិច្ចការ​នេះ​តម្រូវឱ្យ​ធ្វើការ​រួមគ្នា​។

លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គជបជ​) ថ្លែង​ក្នុង​ពិធី​នោះ​ថា តាមរយៈ​ការគាំទ្រ​ពី​គម្រោង​ថ្មី CTIP នេះ​និង​ដៃគូ​ដទៃទៀត គជបជ នឹង​អាច​រុករក​បន្ថែមទៀត ដើម្បី​កែលម្អ​នូវ​ករណី​បញ្ជូន​ជនល្មើស​ទៅ​តុលាការ ប្រព័ន្ធ​ក្នុង​ការរាយការណ៍ ការការពារ និង​ការផ្តល់​សេវា​ជួយ​ដល់​ជនរងគ្រោះ​។

លោកស្រី​ថ្លែងថា តាមរយៈ​ការគាំទ្រ​នេះ គជបជ ចូលរួម​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ថ្នាក់ជាតិ ថ្នាក់​អន្តរជាតិ​ទ្វេភាគី និង​ថ្នាក់​តំបន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​សេវា​គាំទ្រ​ដល់​ជនរងគ្រោះ​ ដោយសារ​ការជួញដូរ​ជាពិសេស​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។

លោកស្រី ជូ ប៊ុនអេង បន្តថា គជបជ ស្វាគមន៍​រាល់​កិច្ចសហប្រតិបត្តិការ​របស់​គម្រោង CTIP របស់ USAID នេះ​ដើម្បី​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរ ក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ការជួយ​ដល់​ជនរងគ្រោះ​ការការពារ និង​ស្តារឡើងវិញ​អ្នករងគ្រោះ និង​អ្នក​ដែល​ងាយរងគ្រោះ​។ ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​អាច​នឹងមាន​ផលប៉ះពាល់​ច្រើន​បន្ថែមទៀត ប៉ុន្តែ​វា​មិនអាច​បញ្ឈប់​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​នោះបានទេ​៕