ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ២៧ ខែ​សីហា​នេះ ពី​ករណី​រក​ឃើញ​មេរោគ​កូវីដ ១៩ បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​ចំនួន ១ ៥៣៤ ករណី​ហើយ គិត​ត្រឹម​ថ្ងៃទី ២៦ ខែ​ សីហា ឆ្នាំ ២០២១ ដែល​មេរោគ​នេះ​បាន​គ្រប​ដណ្តប់​នៅ​ក្នុង​ ២៣ រាជធានី-ខេត្ត លើកលែង​តែ​ខេត្ត​ចំនួន ២ ប៉ុណ្ណោះ។

ក្រសួង​បាន​បញ្ជាក់​ថា រាជធានី-ខេត្ត ដែល​បាន​ឆ្លង​មេរោគ​កូវីដ ១៩ បំប្លែង​ថ្មី​នេះ កើត​ច្រើន​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​រហូត​ដល់ ៤៥០ នាក់ ខេត្ត​បន្ទាយមានជ័យ​ចំនួន ២៨៦ នាក់ ខេត្ត​ឧត្តរមានជ័យ ចំនួន ២០៧ នាក់ និង​ខេត្ត​សៀមរាប ១៧៨ នាក់។

ឯ​ខេត្ត​ដទៃ​ទៀត​មាន​មេរោគ​នេះ​ក្នុង​កម្រិត​តិចតួច និង​ក្រោម ១០០ ករណី ដោយ​ក្នុង​នោះ​ខេត្ត​ដែល​មាន​តិច​ជាង​គេ គឺ​ខេត្ត​កំពត ដែល​មាន​តែ​ ២ ករណី​ប៉ុណ្ណោះ។ ចំណែក​ខេត្ត​ដែល​មិន​ទាន់​មាន​ការ​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះ គឺ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នៅ​តែ​បន្ត​ធ្វើ​ការ​ក្រើនរំឭក និង​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំ​ភ្លេច​ខ្លួន​ឱ្យ​សោះ។

លោក​ថា៖ «ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ពាក្យ​ស្លោក​ដែល​ថា រៀន​រស់​នៅ​ធម្មតា​ជាមួយ​វីរុស​កូវីដ ១៩ តាម​បែប​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ សំដៅ​បង្ការ គ្រប់គ្រង និង​កាត់​ផ្តាច់​នូវ​ខ្សែ​ចម្លង​នៃ​វីរុស​កូវីដ ១៩ ជា​ពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ»។

ជាមួយ​គ្នានេះ​ ក្រសួង​សុខាភិបាល ក៏​បាន​អំពាវនាវ​ដល់​យុវវ័យ​គ្រប់​រូប សូម​ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ ដើម្បី​ការពារ បុគ្គល​ខ្លួន​ឯង កុំ​នាំ​វីរុស​កូវីដ ១៩ នេះ​ចូល​ផ្ទះ ដើម្បី​ការពារ​សមាជិក​គ្រួសារ​របស់​ខ្លួន ជា​ពិសេស ឪពុកម្តាយ ជីដូន ជីតា ក្នុង​គ្រួសារ​ដែល​ជា​បុគ្គល​ងាយ​រងគ្រោះ និង​ប្រឈម​ខ្ពស់​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ ឬ​ឈាន​ទៅ​ដល់​ការ​ស្លាប់​ផង​ដែរ៕