ភ្នំពេញៈ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានប្រកាស​ប្រាប់​ដល់​សាធាណជន​ថា ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​គួរ​ធ្វើឡើង​នៅ​ចន្លោះ​ខែ​ទី​ ៦ និង​ខែ​ទី​ ៨ បន្ទាប់ពី​ទទួល​ការចាក់​វ៉ាក់សាំង​មូលដ្ឋាន​បាន​គ្រប់​ដូស ខណៈ​ដែល​មន្ត្រី​បម្រើការ​ជួរមុខ មនុស្ស​ចាស់​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង និង​អ្នក​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​អាច​ចាក់​នៅ​ចន្លោះ​ខែ​ទី​ ៤ និង​ខែ​ទី​ ៦ ​បាន​។

លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃទី​ ២៥ ខែសីហា បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ​ថា ចំពោះ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ ទោះបី​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ដូចគ្នា ឬ​ខុសគ្នា​ក៏ដោយ មិន​បង្កឱ្យមាន​ផលរំខាន​ច្រើន​លើសពី​ផល​រំខាន​ដែល​បង្កឡើង​ដោយ​វ៉ាក់សាំង​នីមួយៗ​ជាធម្មតា​នោះទេ​។

លោក​ថា៖ «​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ ​អាច​បង្កើនបាន​នូវ​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​រឹងមាំ​ក្នុង​ការទប់ទល់​នឹង​មេរោគ​កូវីដ​ ១៩ ប្រភេទ​ដែលតា (Delta) និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេងទៀត​ផងដែរ​»​។

លោក​លើកឡើងថា សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ Inactivated Virus ដូចជា​វ៉ាក់សាំង​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ចំនួន ២ ​ដូស​រួចហើយ អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​ដូចគ្នានេះ​ជា​ដូស​ជំរុញ​ក៏បាន ឬ​អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​ផ្សេងគ្នា ដូចជា​វ៉ាក់សាំង ប្រភេទ Viral Vector (​វ៉ាក់សាំង AstraZeneca) ឬ​វ៉ាក់សាំង​ប្រភេទ mRNA (​វ៉ាក់សាំង Pfizer ឬ Moderna) ​ជា​ដូស​ជំរុញ​ក៏បាន​។

លោក ម៉ម ប៊ុនហេង បញ្ជាក់ថា៖ «​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ AstraZeneca ឬ Johnson & Johnson ជា​វ៉ាក់សាំង​មូលដ្ឋាន​បាន​គ្រប់​ដូស​រួចហើយ​អាច​ចាក់​វ៉ាក់សាំង​ប្រភេទ​ដូចគ្នានេះ​ជា​ដូស​ជំរុញ​ក៏បាន ឬ​អាច​ចាក់វ៉ាក់សាំង​ប្រភេទ mRNA ដូចជា​វ៉ាក់សាំង Pfizer ឬ Moderna ជា​ដូស​ជំរុញ​ក៏បាន​»​។

ដោយឡែក​ចំពោះ​ការចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ជា​ដូស​ជំរុញ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ AstraZeneca ឬ Johnson & Johnson ជា​វ៉ាក់សាំង​មូលដ្ឋាន​បាន​គ្រប់​ដូស​រួចហើយ​នោះ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​នៃ​ក្រសួង​សុខាភិបាល​នឹងសិក្សា​បន្ថែម ហើយ​ក្រសួង​នឹង​ជូនដំណឹង​ដល់​សាធារណជន​អំពី​លទ្ធផល​នៃ​ការសិក្សា​នេះ​នៅពេល​ក្រោយ​។

ទន្ទឹមនឹង​នេះដែរ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ក៏បាន​ឱ្យដឹង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​នូវ​ទីតាំង​ចំនួន​ ៨ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ឆ្នាំ​ឡើងទៅ និង​ក្រុមមនុស្ស​អាយុ​ចាប់ពី ១២ ​ឆ្នាំ​ដល់​ក្រោម ១៨ ​ឆ្នាំ ដែល​ខកខាន​មិនបាន​មក​ទទួល​វ៉ាក់សាំង​អាច​ទៅ​ចាក់​នៅ​ទីតាំង​ទាំង​នោះបាន​ចាប់ពី​ពេលនេះ​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​។

លោក​បានឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​មួយចំនួន ខកខាន​មិនទាន់បាន​ទៅ​ទទួល​វ៉ាក់សាំង​នៅឡើយ​ដោយ​មូលហេតុ​ផ្សេងៗ ដូច​ជាមាន​បញ្ហា​សុខភាព​ជាប់​អនុវត្ត​វិធាន​ចត្តាឡីស័ក ទើប​គ្រប់​អាយុ​កំណត់ ឬ​ជាប់​ធុរៈ​ផ្សេងៗ​ជាដើម​។

លោក ឃួង ស្រេង បញ្ជាក់ថា៖ «​ដើម្បី​បន្ត​អនុវត្ត​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ឱ្យសម្រេច​បាន​តាម​លទ្ធផល​គ្រោងទុក និង​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​ឱ្យ​កាន់តែ​រឹងមាំ​នោះ អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ១ ​ដល់​អ្នក​ដែលមាន​អាយុ​ពី ១២ ​ឆ្នាំ ដល់​ក្រោម ១៨ ​ឆ្នាំ និង​បន្ត​ការចាក់​ដូស​ទី​ ១ និង​ដូស​ទី​ ២ ដល់​ប្រជាពលរដ្ឋ​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​នៅតាម​មន្ទីរពេទ្យបង្អែក​ចំនួន​ ៨ ​ទីតាំង​»​។

ទីតាំង​ទាំងនោះ​រួមមាន មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ មន្ទីរពេទ្យបង្អែក​ចតុមុខ មន្ទីរពេទ្យ​បង្អែក​ដង្កោ មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង មន្ទីរពេទ្យបង្អែក​ព្រែកព្នៅ និង​មន្ទីរពេទ្យបង្អែក​សម្ដេចឪ-សម្ដេចម៉ែ​។

លោក ឃួង ស្រេង បញ្ជាក់​ថា អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​នេះ ដល់​ក្រុមមនុស្ស​អាយុ​ពី​ ១២ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​បាន​ប្រមាណ​ជាង ២០ ​ម៉ឺន​នាក់​រួចមកហើយ ខណៈពេល​ដែល​ប្រជាពលរដ្ឋ​មាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​សម្រេចបាន​ជិត ១ ​លាន ៧ សែន​នាក់ ស្ទើរ​គ្រប់​តាម​ផែនការ​កំណត់​។

គួរបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សម្រេច​អនុវត្ត​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ ដល់​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើង​ទៅ ដែល​ការចាក់​នេះ​នឹង​ចាប់ផ្តើម​ពី​ខែសីហា ឆ្នាំនេះ​រហូតដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ ២០២២​។

ជាមួយ​គ្នា​​នេះ សម្រាប់​ការអនុវត្ត​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ​គឺ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ស្ម័គ្រចិត្ត គោលការណ៍​ឥតគិតថ្លៃ ការធ្វើ​អាទិភាវូបនីយកម្ម​នៃ​ការចាក់វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​ទៅលើ​ក្រុមមនុស្ស និង​តាម​ទីតាំង​ភូមិសាស្ត្រ​ការធានា​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ និង​យន្តការ​អនុវត្ត​គោលនយោបាយ​៕