ក្រចេះ/សៀមរាបៈ គ្រោះ​រាំងស្ងួត​បានធ្វើឱ្យ​ស្រូវស្រែ​របស់​ប្រជាកសិករ​នៅ​ខេត្ត​ក្រចេះ ខេត្តសៀមរាប និង​បណ្តា​ខេត្ត​មួយចំនួនទៀត សរុប​រាប់ម៉ឺន​ហិកតា បាន​រង​ការខូចខាត​យ៉ាងដំណំ និង​អាចធ្វើ​ឱ្យ​ខូចខាត​កាន់តែច្រើន​ជាងនេះទៀត ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​នៅក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​ទេនោះ​។

លោក​ សេង ហេង មេឃុំដារ​នៃ​ស្រុក​ចិត្របុរី ​ខេត្ត​ក្រចេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការផ្លាស់ប្តូរ​រដូវ​ក្រោម​ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់ តាំងពីដើម​រដូវវស្សា​នាំឱ្យ​ប្រជាកសិករ​ភាគច្រើន​មាន​ការយល់ច្រឡំ ហើយ​នាំគ្នា​ធ្វើការ​ដាំដុះ​ដំណាំ​ស្រូវស្រាល​ក្នុង​ដើមរដូវ ដោយ​រំពឹងថា​នឹង​អាច​ប្រមូលផល​ស្រូវ​បាន​ច្រើន​។

ប៉ុន្តែ​ក្ដី​រំពឹង​របស់​ពួកគេ​បាន​ក្លាយជា​អាសាបង់ នៅពេល​កូន​រដូវប្រាំង ដែល​បាន​កើតឡើង និង​អូសបន្លាយ​ស្ទើរ​ពេញ​ ១ ​ខែ​ធ្វើឱ្យ​ស្រូវ​របស់​ពួកគេ​ក្រៀម​ស្វិត​ព្រោះតែ​គ្មាន​ទឹក​ស្រោចស្រព​។

លោក ហេង ដែល​បានធ្វើ​ស្រូវ​នៅ​ដើម​រដូវវស្សា​បាន​ជាង​ ១០ ​ហិកតា​នោះ បាន​និយាយថា​៖ «​ស្រូវ​របស់​គ្រួសារ​ខ្ញុំ ក៏ដូចជា​គ្រួសារ​បងប្អូន​កសិករ​យើង ក្នុង​ឃុំ​ដារ​ទាំងមូល​គឺ​ខូច​អស់​ស្ទើរ​ទាំងស្រុង ព្រោះ​ភាគច្រើន វា​បាន​ងាប់​អស់​ទៅហើយ ទើប​មាន​ភ្លៀង​ធ្លាក់​មក​។ ស្រូវ​ខ្លះ​ក៏​ឃើញ​មាន​ស្ទុះ​ងើបឡើង​វិញ ប៉ុន្តែ​មិនដឹងថា វា​អាច​ផ្ដល់​ផល​បានជា​ពូជ​សម្រាប់​ដាំ​ស្ដារឡើងវិញ ឬមួយ​យ៉ាងណា​នោះទេ​»​។

បើតាម​លោក ហេង ស្រូវ​ដើម​រដូវវស្សា​របស់​ប្រជាកសិករ​នៅ​ទូទាំង​ឃុំ​ដារ ដែល​រង​ការខូចខាត​ដោយ​គ្រោះរាំងស្ងួត​នៅក្នុង​ឆ្នាំនេះ​មាន​ចំនួន​ជាង​ ៣០០ ហិកតា​។ ប៉ុន្តែ​ក្រៅពី​ស្រូវ ដំណាំ​សាកវប្បកម្ម​ផ្សេងទៀត ដូចជា​ដំឡូងមី និង​ស្វាយចន្ទី មិនមាន​បញ្ហា​នោះទេ​។

អ្នកស្រី យក់ ស៊ីថុត អាយុ​ ៥៥ ​ឆ្នាំ​ជា​កសិករ​នៅ​ភូមិ-ឃុំ​ដារ ស្រុក​ចិត្របុរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​ការពិត​ដំណាំ​ដំឡូងមី​របស់​អ្នកស្រី​លើ​ផ្ទៃដី​ ៥ ​ហិកតា​កំពុង​លូតលាស់​យ៉ាង​ល្អ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ ១ ​មេធំ​កាលពី​ ៣-៤ ​ថ្ងៃមុន​។

ប៉ុន្តែ​អ្នកស្រី​ថា ផល​ពី​ដំឡូងមី​មិនអាច​ទប់ទល់​ការខូចខាត​ដំណាំ​ស្រូវ​របស់​អ្នកស្រី​ប្រមាណ​ជាង​ ១០ ​ហិកតា​បាន​នោះទេ​។ អ្នកស្រី​បញ្ជាក់ថា​៖ «​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ស្រូវ​លើ​ផ្ទៃដី​ ២០ ​ហិកតា ដោយ​បែងចែក​ជា​ ២ ​ប្រភេទ​ក្នុង​នោះ​ស្រូវធ្ងន់​ ៥ ​ហិកតា និង​ស្រូវស្រាល​ ១៥ ​ហិកតា​។ ប៉ុន្តែ​ក្រោយ​ការដាំដុះ​បាន​ ៣ ​សប្ដាហ៍​មេឃ​ក៏​រាំងភ្លៀង​រហូតដល់​ដើមខែ​សីហា​បាន​ធ្លាក់ភ្លៀង​ ១ ​មេ​ធំ​ម្ដង ហើយក៏​រាំង​ទៅវិញ ធ្វើឱ្យ​ស្រូវស្រាល​ស្ទើរ​ទាំងអស់​ត្រូវ​ងាប់​»​។ ចំណែក​ស្រូវធ្ងន់ គឺ​នៅ​មិនទាន់​ងាប់​នោះទេ ប៉ុន្តែ​ទំនង​ជា​មិន​ផ្ដល់​ផល​ដូច​ការគ្រោងទុក​នោះឡើយ​។

ស្រូវ​ដែល​ជួប​គ្រោះរាំងស្ងួត​នៅក្នុង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ រូបថត ក្រសួង​ព័ត៌មាន

ជុំវិញ​ករណីនេះ លោក សៀន គិន ​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តក្រចេះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ករណីនេះ​លោក​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ​។ លោក​ថ្លែងថា ជា​ការពិត​របាយ​ទឹកភ្លៀង​នៅ​មិនទាន់​ធ្លាក់​រាយប៉ាយ គ្របដណ្ដប់​ពេញ​ទូទាំង​ខេត្ត​នោះទេ​ ប៉ុន្តែ​វា​បាន​ធ្លាក់​ក្នុង​កម្រិត​បង្គួរ​ផងដែរ កាលពី​ ៣-៤ ​ថ្ងៃមុន​។

លោក​បញ្ជាក់ថា​៖ «​កាលពី​អំឡុង​ខែ​កក្កដា វា​ពិតជា​មាន​កូន​រដូវប្រាំង កើតឡើង​មែន ប៉ុន្តែ​នៅ​ដើមខែ​សីហា​ភ្លៀង​ក៏​​ចាប់ផ្ដើម​ធ្លាក់​មក​ច្រើន​ដែរ​គ្រាន់តែ​មិន​​បាន​រាយប៉ាយ​គ្រប់​ទីកន្លែង​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​យល់ថា​ស្រូវ​របស់​កសិករ នៅក្នុង​តំបន់​នោះ​ទំនង​ជា​មិន​ខូចខាត​​ធ្ងន់ធ្ងរ​នោះទេ​»​។

ចំណែក​នៅឯ​ខេត្តសៀមរាប​វិញ អាជ្ញាធរ​បាន​រាយការណ៍​ថា ស្រូវ​ស្រែ​របស់​ប្រជាពលរដ្ឋ​ជិត​ ១ ​ម៉ឺន​ហិកតា​កំពុង​រង​ការខូចខាត​ ដោយសារ​គ្រោះរាំងស្ងួត​។

លោក លី សំរិទ្ធ អភិបាលរង​ខេត្ត​សៀមរាប​ទទួល​បន្ទុក​ផ្នែក​គ្រោះ​មហន្តរាយ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កូន​រដូវប្រាំង​ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រែប្រួល​អាកាសធាតុ​បាន​បង្កឱ្យមាន​គ្រោះរាំងស្ងួត​អូសបន្លាយ​រយៈពេល​យូរ​ធ្វើ​ឱ្យ​ស្រូវ​រដូវវស្សា​របស់​ប្រជាកសិករ​ជាង ១ ​ម៉ឺន​ហិកតា នៅក្នុង​ស្រុក​ចំនួន​ ៥ រងការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

ក្នុង​នោះ​ស្រុក​ស្រីស្នំ រងការខូចខាត​ជាង​ ១ ០០០ ​ហិកតា ស្រុក​ក្រឡាញ់​ជាង​ ១ ០០០ ​ហិកតា ស្រុក​ពួក​ជាង​ ៨០០ ​ហិកតា ស្រុក​វ៉ារិន ជាង​ ១ ០០០ ​ហិកតា និង​ស្រុក​ជីក្រែង​ជាង​ ៦ ៦០០ ​ហិកតា​។

លោក សំរិទ្ធ បញ្ជាក់ថា​៖ «​ស្រូវ​ទាំងនេះ​មាន​ការខូចខាត​ទាំងស្រុង​នៅក្នុង​ស្រុក​ជីក្រែង​លើ​ផែ្ទ​ដី​ស្រូវស្រាល​ចំនួន​ ២ ៨០០ ​ហិកតា​។ ក្រៅពីនោះ​អាច​នៅមាន​សង្ឃឹម ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​គ្រប់គ្រាន់​ដូច​ការព្យាករ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​មែន​នោះ​»​។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២០ ​សីហា​ថា គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែសីហា ដំណាំ​ស្រូវ សរុប​ចំនួន ៦៧ ៩៤២ ​ហិកតា គឺ​ស្មើនឹង ២,៥៦ ​ភាគរយ​នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្តបាន​ទូទាំងប្រទេស​បានទទួល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះរាំងស្ងួត​។

លោក​មានប្រសាសន៍​ថា ក្នុងនោះ​ដំណាំ​ស្រូវ​នៅក្នុង​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និង​ខេត្តសៀមរាប បាន​រង​ផលប៉ះពាល់ និង​ខូចខាត ដោយ​គ្រោះរាំងស្ងួត ដែល​តាម​ការវាយតម្លៃ​ខេត្ត​ទាំង​ ៤ ​នេះ​មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនួន ១០ ៥៥៣ ​ហិកតា និង​ស្តារ​បានតែ​ចំនួន ២ ៣៧៦ ​ហិកតា ប៉ុណ្ណោះ​។

យោងតាម​ការព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៤ សីហា បណ្តា​ខេត្ត​នៅតាម​តំបន់​វាលទំនាប​កណ្តាល តំបន់​ជាប់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី​ ៣១ សីហា ដោយមាន​លាយឡំ​ជាមួយ​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​៕