ភ្នំពេញៈ ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាននិង​កំពុង​ចាប់ផ្តើម​អភិវឌ្ឍ​សមត្ថភាព​សុនខ​ចំនួន​ ៩ ​ក្បាល​ក្នុង​ដំណាក់កាល​ទី​២ ​បន្ថែមទៀត បន្ទាប់ពី​ឆ្លង​ផុត​ដំណាក់កាល​បឋម​ពាក់ព័ន្ធ​នឹង​ការបង្វឹក​លើ​ជំនាញ​រក​អ្នក​ផ្ទុក​វីរុស​កូវីដ​ ១៩ មុននឹង​ដាក់ឱ្យ​អនុវត្ត​ជាក់ស្តែង​។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៦ ខែ​សីហា​ថា អ្នកជំនាញ​របស់​អង្គភាព​ស៊ីម៉ាក់ កំពុងតែ​ពង្រីក​ការស្រាវជ្រាវ​បន្ថែមទៀត​ទៅលើ​សុនខ​ចំនួន ៩ ​ក្បាល ដែល​ទទួលបាន​ជោគជ័យ​ដោយ​ឆ្លង​ផុត​វគ្គ​បឋម​ក្នុងចំណោម​សុនខ​ ១០ ​ក្បាល ដែល​ត្រូវបាន​បង្វឹក​នាពេល​កន្លងមក​។

លោក​បាន​បន្តថា សម្រាប់​វគ្គ​ទី​២ ​នេះ​អង្គភាព​ស៊ីម៉ាក់​កំពុងតែ​រង់ចាំ​សំណាក​ប្រមាណ ៦០ ​សំណាក ​ពី​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​បំពាក់​ឱ្យ​សុនខ​ហិតក្លិន ដោយ​មិន​ប្រកាន់​ថា សំណាក​នោះ​មាន​ជំងឺ​កូវីដ​ ១៩ ឬ​មិនមាន​ទេ​។

លោក​បាន​ថ្លែងថា សំណាក​លើក​មុន​ត្រូវ​បាន​យកចេញ​ពី​មនុស្ស​ដែលមាន​សុខភាព​ល្អ ហើយ​ផ្ទុក​វីរុស​ជំងឺ​កូវីដ​ ១៩ ដែល​មិនមាន​ជំងឺ​ដទៃ​ផ្សេង​ទេ ប៉ុន្តែ​ឥឡូវនេះ​ក្នុង​ដំណាក់កាល​ទី​២ វា​ចូលដល់​អ្នកដែល​មាន​ជំងឺ​ទូទៅ​ និង​កំណត់​មុខសញ្ញា​មាន​​ដូចជា ជំងឺរបេង និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​ ដើម្បី​យក​ឱ្យ​សុនខ​ទាំងនេះ​ហ្វឹកហ្វឺន​។

លោក ហេង រតនា បាន​បញ្ជាក់ថា ក្រោយ​ឆ្លង​វគ្គ​បឋម សុនខ​ទាំងនេះ​អាច​ប្រើប្រាស់​ហិត​រក​អ្នកមាន​វិជ្ជមាន​កូវីដ​ ១៩ ​បាន​ហើយ ប៉ុន្តែ​ត្រូវការ​សិក្សា​លម្អិត​ពាក់ព័ន្ធ​នឹង​ជំនាញ​ក្រោម​ខ្យល់ លើ​ខ្យល់ ចម្ងាយ​ប៉ុន្មាន ដែល​អាចឱ្យ​ហិត​រកឃើញ​បាន​។

លោក​ថា​៖ «​យើង​កំពុងតែ​ដំណើរការ​សាកល្បង​ហ្វឹកហ្វឺន​ជំនាញ​នេះ​ក្នុង​ចម្ងាយ​សុវត្ថិភាព​ឱ្យ​វា​ហិត​ក្នុង​ចម្ងាយ​ ១ ​ម៉ែត្រ​កន្លះ ឬ​ ២ ​ម៉ែត្រ​លើ​ខ្យល់ ឬ​ក្រោម​ខ្យល់ ក្រុមបច្ចេកទេស គេ​កំពុងតែ​ដំណើរការ​ស្រាវជ្រាវ​»​។

លោក រតនា បាន​រំពឹងទុក​ថា ក្រោយ​បិទបញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ក្នុង​ដំណាក់កាល​ទី​២ ​នេះ សុនខ​ទាំង​ ៩ ​ក្បាល​នេះ​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការអនុវត្ត​ជាក់ស្តែង​ក្នុង​ការស្វែងរក​អ្នក​ផ្ទុក ឬ​មាន​វិជ្ជមាន​កូវីដ​ ១៩ នៅតាម​ទីសាធារណៈ​បាន ប៉ុន្តែ​សុនខ​ទាំងនេះ គ្រាន់តែ​កំណត់​មុខសញ្ញា​លើ​ជន​ណា​ដែល​ត្រូវបាន​សង្ស័យថា មាន​វិជ្ជមាន​ ឬ​មិនមាន​ប៉ុណ្ណោះ​។ ​ដំណើរការ​នេះ​ដូច​ទៅនឹង​ការប្រើប្រាស់​ឧបករណ៍ Rapid Test ដែរ ហើយ​ការងារ​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀត​ជា​តួនាទី​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​។

លោក ម៉ម ម៉ាឡៃ សមាជិក​ក្រុមប្រឹក្សា​ និង​ជា​អតីត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ស្វាគមន៍​ចំពោះ​សមិទ្ធផល​ថ្មី​របស់​អង្គភាព​ស៊ីម៉ាក់​ដែល​ខិតខំ​បណ្តុះបណ្តាល​សុនខ​ឱ្យមាន​សមត្ថភាព​ក្នុង​ការហិត​ស្វែងរក​អ្នក​ផ្ទុក​វីរុស​កូវីដ ​១៩ ​នៅក្នុង​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​ស្នើឱ្យ​អង្គភាព​ស៊ីម៉ាក់​បន្ត​ខិតខំ​ប្រឹងប្រែង និង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​មាន​ការរីករាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា នៅពេល​ដែល​យើង​បណ្តុះបណ្តាល​សុនខ​នេះ​បាន វា​គឺជា​ផ្នែក​មួយ​ចំពោះ​ការចូលរួម​ និង​ធានាបាន​នូវ​ការកាត់បន្ថយ​ចំពោះ​ការចម្លង​ថ្មី​តាមរយៈ​ការរកឃើញ​ពី​សុនខ​ទាំងនេះ​។

មួយវិញ​ទៀត​ក្នុង​ការ​ស្វែងរក​មីន​យើង​យក​សុនខ​នេះ​ស្រាវជ្រាវ ឥឡូវ​យើង​វិវឌ្ឍសុនខ​នេះ មករក​ជំងឺ​កូវីដ​ ១៩ ​ទៀត វា​កាន់តែ​ប្រសើរ​ថែមទៀត​»៕