កណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​បើក​កិច្ចប្រជុំ ពិនិត្យ​វាយតម្លៃ កម្រិត​នៃ​ការកែប្រែ​ខ្លួន​របស់​ទណ្ឌិត ដែល​ត្រូវដាក់​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ខណៈ​ដែលមាន​ទណ្ឌិត​ចំនួន ៤៩ ​នាក់ ត្រូវបាន​ពន្ធនាគារ​ខេត្តកណ្តាល ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុងឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះខែ និង​អកអំបុក នាពេល​ខាងមុខ​។

នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​ ២៦ ​សីហា លោក គង់ សោភ័ណ្ឌ បាន​ស្នើឱ្យ​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ និង​ពិភាក្សា​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ទណ្ឌិត​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។

លោក​អភិបាលខេត្ត​បាន​លើកឡើងថា ការបន្ធូរបន្ថយ​ទោស​ និង​ការលើកលែង​ទោស​ទណ្ឌិត គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យបាន​សមស្រប​ទៅនឹង​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា​សំដៅ​ជ្រើសរើស​ទណ្ឌិត​ដែល​បាន​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ជា​អ្នកមាន​ការតាំង​ចិត្ត​កែប្រែ​ខ្លួន ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​ជាតិ​ពិតប្រាដក​អាច​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ​ជាមួយ​ក្រុមគ្រួសារ ក៏ដូចជា​ក្នុងសង្គម​ទាំងមូល​។

លោក​បញ្ជាក់ថា ទណ្ឌិត​ទាំងឡាយ ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ត្រូវមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​កំណត់​ដោយ​ច្បាប់​។

ចំណែក​ទោស​ដែល​មិនមែន​ជា​កម្មវត្ថុ ក្នុង​ការលើកលែងទោស បន្ធូរ​បន្ថយទោស ឬ​ពិបាក​ក្នុង​ការលើកលែងទោស និង​បន្ថយទោស នោះ​គឺមាន​ដូចជា​ទោស ចាប់ជំរិត​ទារប្រាក់ ប្លន់​សម្លាប់ រំលោភ​សម្លាប់ ឃាតកម្ម​សាហាវឃោរឃៅ ទោស​ផលិត និង​ជួញដូរ​គ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិត​ទទួលទោស​ច្រើនដង ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ​ច្រើនដង និង​ទណ្ឌិត​ធ្លាប់​ល្មើស​ជាប់​ពិន័យ​ជាដើម​។

ជាមួយ​គ្នា​នេះ លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បានឱ្យដឹងថា អង្គភាព​ពន្ធនាគារ​ខេត្តកណ្ដាល​បាន​ជ្រើស​យក​ទណ្ឌិត​ចំនួន ២៣ ​នាក់ ស្រី ២ ​នាក់ មក​ដាក់ជូន គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត ក្នុង​ឱកាស​បុណ្យ​ឯករាជ្យជាតិ​។

លោក​បន្តថា ជា​លទ្ធផល​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៣ ​ខែ​មាន​ចំនួន ១៤ ​នាក់ សម្រេច​ឱ្យ ១២​ ​នាក់ ទណ្ឌិត​ដែល​បានស្នើ​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៦ ​ខែ​មាន​ចំនួន ២ ​នាក់​សម្រេច​ឱ្យបាន ១ ​នាក់ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៩ ​ខែ​មាន ៤ នាក់​សម្រេច​ឱ្យបាន ១ ​នាក់ និង​ទណ្ឌិត​ស្នើសុំ​បន្ទូរបន្ថយ​ទោស​រយៈពេល ១២ ​ខែ​មាន ៣ ​នាក់ ស្រី​ ២ ​នាក់ សម្រេច​ឱ្យបាន​ទាំង ៣ ​នាក់​។

ដោយឡែក​ទណ្ឌិត​ដែល​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​រួមមាន​ទណ្ឌិត​ចំនួន ២៦ ​នាក់ ស្រី​ ៥ ​នាក់​។

ក្នុង​នោះ​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៣ ​ខែ​មាន​ចំនួន ១៧ ​នាក់ ស្រី​ ៥ ​នាក់ សម្រេច​ឱ្យ ១២ ​នាក់​។

ទណ្ឌិត​ដែល​បានស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៦ ​ខែ មាន​ចំនួន ៣ នាក់ ស្រី​ ១ ​នាក់ សម្រេច​ឱ្យបាន​ទាំង ៣ ​នាក់ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស រយៈពេល ៩ ​ខែ​មាន ២ ​នាក់ សម្រេច​ឱ្យបាន ១ ​នាក់ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ១២ ​ខែ​មាន ២ ​នាក់​សម្រេច​ឱ្យបាន​ទាំង ២ ​នាក់ និង​ទណ្ឌិត​សុំ​លើកលែងទោស ២ ​នាក់ ត្រូវបាន​សម្រេច​យល់ព្រម​លើកលែង​បាន ១ ​នាក់​។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​កំណត់​យក​ពិធីបុណ្យ​ចំនួន​ ០៥ សម្រាប់​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ឱ្យ​ទណ្ឌិត​ក្នុង​នោះ​មាន ១ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧ មករា ២ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ៣ ពិធីបុណ្យ​វិសាខបូជា ៤ ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ទី​ ៥ ​គឺ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​៕