កណ្តាលៈ ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​ ២៦ ​សីហា បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ចាប់​បង្ខាំង​ក្មេងស្រី​វ័យ​ ១១ ​ឆ្នាំ​ម្នាក់ ដើម្បី​កំហែង​យកប្រាក់​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​។

លោក ឡាក់ ម៉េងធី ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ​សីហា​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ហេង ស្រីវី អាយុ​ ១៩ ​ឆ្នាំ មាន​លំនៅ​ភូមិ-ឃុំ​ខ្ពបអាទាវ ស្រុក​លើកដែក ខេត្តកណ្ដាល​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចាប់​ឃាត់ខ្លួន នៅ​ថ្ងៃទី​ ២៥ សីហា បន្ទាប់ពី​នាង​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​កុមារី អាយុ​ ១១ ​ឆ្នាំ​ម្នាក់ ឈ្មោះ ផេង ស្រីលាភ ដើម្បី​កំហែង​យកប្រាក់​ចំនួន​ ១ ៥០០ ​ដុល្លារ​ពី​បុរស​ម្នាក់​ឈ្មោះ​ ​រិ រី អាយុ​ ៣៣ ​ឆ្នាំ ជា​ឪពុកមា​របស់​កុមារី​រងគ្រោះ​។

លោក ម៉េងធី បាន​បញ្ជាក់ថា​៖ «​បើតាម​ចម្លើយសារភាព​របស់​ស្ត្រី​សង្ស័យ ករណី​បង្ខាំង​ក្មេងស្រី​ដើម្បី​កំហែង​យកប្រាក់​នេះ​គឺមាន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ទៀត ឈ្មោះ​ ហេង សាទី មាន​លំនៅ​ភូមិ-សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​លោក ម៉េងធី ស្ត្រី​សង្ស័យ​ត្រូវបាន​ក្រុមមន្ត្រី​នគរបាល​ជំនាញ​កសាង​សំណុំរឿង​ចោទប្រកាន់​ក្នុង​បទល្មើស «​កំហែង​យកប្រាក់​មាន​ស្ថាន​ទម្ងន់ទោស​» និង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​ ២៦ ​សីហា​។

យោងតាម​កំណត់ហេតុ​របស់​នគរបាល​នៅ​ព្រឹក​ថ្ងៃទី​ ២៦ សីហា ស្ត្រី​សង្ស័យ​ឈ្មោះ ហេង ស្រីវី និង​ម្ដាយ​កុមារី​រងគ្រោះ ផេង ស្រីលាភ គឺ​អ្នកស្រី រិ រួន បាន​រាប់អាន​ធ្វើជា​បងប្អូន​ធម៌​នឹង​គ្នា​រយៈពេល​ជាង​ ២ ​ឆ្នាំ​មកហើយ​។ ពួកគេ​គឺជា​កម្មករ​ក្នុង​ការដ្ឋាន​សំណង់​មួយ ដែលមាន​ទីតាំង​ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​។

កាលពី​ថ្ងៃទី​ ២១ ខែសីហា លោក រិ រី ដែលជា​ប្អូនប្រុស​របស់​អ្នកស្រី រួន បាន​នាំ​ក្មួយ​ស្រី​ឈ្មោះ ផេង ស្រីលាភ [​កុមារី​រងគ្រោះ​] ​ទៅ​លេង​ផ្ទះ​យាយ​តា​នៅឯ​ស្រុកកំណើត​ក្នុង​ភូមិ​បាក់ដាវលើ ឃុំ​បាក់ដាវ​ ស្រុក​ខ្សាច់កណ្តាល ហើយ​ស្ត្រី​សង្ស័យ​ក៏​តាម​ទៅ​ជាមួយ​។

ស្ត្រី​សង្ស័យ​បាន​ដេក​ស្នាក់​នៅផ្ទះ​ឪពុកម្ដាយ​របស់លោក រី ជាមួយ​នឹង​ស្រី​លាភ អស់​រយៈពេល​ ៣ ​ថ្ងៃ​ក្នុង​អំឡុងពេល​នោះ​នាង​បាន​ប្រើល្បិច​ខ្ចី​ទូរស័ព្ទ​របស់​លោក​ រី ប្រើ​ទាក់ទង​ទៅ​បុរស​ម្នាក់​ឈ្មោះ ហេង សាទី ដើម្បី​សហការ​បោក​យក​ម៉ូតូ​ម៉ាក​ Dream ១២៥ សេរី​ថ្មី​របស់លោក រី​។

ដោយ​គិតថា ជា​មនុស្ស​រាប់អាន​គ្នា លោក រី ក៏​ព្រមឱ្យ​នាង​ខ្ចី​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​។ លុះដល់​ព្រឹក​ថ្ងៃទី​ ២៤ ​សីហា បុរស​ឈ្មោះ ហេង សាទី បាន​ធ្វើ​ពុត​ជា​ទូរស័ព្ទ​មក​ប្រាប់ថា ម្ដាយ​នាង​ចង់​ផ្ញើ​លុយ​ ៥០ ​ដុល្លារ​ឱ្យ​នាង​តាមរយៈ​ប្រព័ន្ធ​វីង​វេលុយ​។ លោក រី ដែល​មិនដឹង​ពី​ល្បិចកល​នេះ​ក៏​ព្រមឱ្យ​នាង​ខ្ចី​ម៉ូតូ​របស់ខ្លួន​ទៅ​ដក​លុយ ដោយ​បាន​ឱ្យ​ក្មួយ​ស្រី​របស់ខ្លួន​ទៅ​ជាមួយ​គ្រាន់​បានជា​គ្នា​ផងដែរ​។

កំណត់ហេតុ​របស់​នគរបាល​បាន​ដកស្រង់​សម្ដី​របស់​លោក​ រី ​មក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ភ័យ​ណាស់ នៅពេល​ក្មួយ​ស្រី​ខ្ញុំ​ប្រាប់ថា នាង​នៅក្នុង​ផ្ទះសំណាក់​មួយ​នៅ​អ្នក​លឿង​ហើយ​ស្ត្រី​សង្ស័យ​បាន​ប្រាប់​ខ្ញុំ​ឱ្យ ផ្ញើ​លុយ​ ១ ៥០០ ​ដុល្លារ​ឱ្យ​នាង ដើម្បី​លោះ​យក​ក្មួយ​ស្រី និង​ម៉ូតូ​ត្រឡប់​ទៅវិញ​»​។

ពេលនោះ លោក រី ក៏បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ និង​ស្វែងរក​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​។

មិនយូរប៉ុន្មាន នៅ​រសៀល​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២១ ក្រុម​សមត្ថកិច្ច​បាន​ចាប់​ស្ត្រី​សង្ស័យ​បាន​នៅ​ចំណុច​ក្បែរ​ផ្ទះសំណាក់​ភ្នំ​មាស ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ និង​បាន​ឈានទៅ​រំដោះ​កុមារី​រងគ្រោះ​ពី​ផ្ទះសំណាក់​មួយ​ដែល​នាង​បាន​បង្ខាំង​ទុក រួច​ហើយ​ទៅយក​ម៉ូតូ​ដែល​នាង​បាន​បញ្ចាំ​។ ប៉ុន្តែ​ទូរស័ព្ទដៃ​ដែល​នាង​ខ្ចី​ប្រើ​នោះ រក​មិនឃើញ​ទេ ទំនង​ជា​ត្រូវ​បុរស​សង្ស័យ​ឈ្មោះ សាទី យក​ទៅ​បាត់​៕