កណ្តាលៈ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានបន្តដាក់វិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល រយៈពេល ១៤ថ្ងៃទៀត។
យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី ២៦ ខែសីហា បានឱ្យដឹងថា ការបន្តអនុវត្តវិធានការរដ្ឋបាលនេះ នឹងចាប់អនុវត្តពីថ្ងៃទី ២៧ ខែសីហា ដល់ថ្ងៃទី ៩ ខែកញ្ញា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta)។
លោក គង់ សោភ័ណ្ឌ បានលើកឡើងថា អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
លោកបានបញ្ជាក់ថា ៖ «ក្រៅពីសកម្មភាពការងារ មុខរបរ ទាំងនេះ រដ្ឋបាលខេត្តកណ្តាល នឹងពិនិត្យសម្រេចផ្អាកសកម្មភាពផ្សេងៗទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩»។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែចំពោះករណីចាំបាច់ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ៕