បាត់ដំបងៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង​បាន​បញ្ជូន​បុរស​ជា​មេខ្យល់​ចំនួន​ ៦ ​នាក់​ ទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​ ២៦ ​សីហា បន្ទាប់ពី​ឃាត់ខ្លួន​បាន ៣ ​ថ្ងៃ នៅ​ស្រុក​សំពៅលូន និង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ខណៈ​ពលករ​​ចំនួន​ ២១ ​នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ចត្តាឡីស័ក​។

លោក​ ប៊ន់ វណ្ណរ៉ា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តបាត់ដំបង បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២៦ ​សីហា​ថា សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​ ៦ ​នាក់​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​ ២៦ ​សីហា​។ ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​លួច​នាំ​ពលករ​ឆ្លងដែន​ដោយ​ថ្មើរជើង​ចូល​ទៅ​ប្រទេស​ថៃ​ចំនួន​ ២១ ​នាក់​ (​ក្មេង​ ២ ​នាក់​) ​ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគេ​បាន​កាលពី​ថ្ងៃទី​ ២៣ ​សីហា​។

លោក​បាន​ថ្លែងថា​៖ «​ពាក់ព័ន្ធ​សំណុំរឿង​ពួកគេ​ទៅ​តុលាការ​វិញ គឺ​ខ្ញុំ​មិនអាច​ប្រាប់​ឈ្មោះ​ជនសង្ស័យ​បានទេ ព្រោះ​សំណុំ​រឿងនេះ គឺ​កំពុង​ស្ថិតក្នុង​ចំណាត់ការ​របស់​តុលាការ​»​។

បើតាម​លោក​ វណ្ណរ៉ា ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេខ្យល់​ទាំង​ ៦ ​នាក់​នេះ ៣ ​ករណី​ក្នុងស្រុក​សំពៅលូន និង​ស្រុក​ភ្នំព្រឹក​នៅ​ថ្ងៃទី​ ២៣ ​សីហា​ដូចគ្នា​។ នៅ​ស្រុក​សំពៅលូន សមត្ថកិច្ច​ឃាត់ និង​ទប់ស្កាត់បាន​ពលករ​ចំនួន​ ៦ ​នាក់ ក្នុងនោះ​មាន​ស្រី​ ៤ ​នាក់ និង​ប្រុស​ ២ ​នាក់ និង​មេខ្យល់​ ២ ​នាក់ សរុប​ទាំងអស់​ចំនួន​ ៨ ​នាក់​។

ចំណែក​នៅក្នុង​ស្រុក​ភ្នំព្រឹក​វិញ គឺ​សមត្ថកិច្ច​ឃាត់ និង​ធ្វើការ​ទប់ស្កាត់​ពលករ​ក្នុង​ ២ ​គោលដៅ​។ គោលដៅ​ទី​ ១ ​ទប់ស្កាត់​បាន​ពលករ​ចំនួន​ ៥ ​នាក់​ក្នុង​នោះ​ស្រី​ ២ ​នាក់ និង​បុរស​ជា​មេខ្យល់​ម្នាក់​សរុប​ចំនួន​ ៦ ​នាក់​។ រីឯ​គោលដៅ​ទី​ ២ សមត្ថកិច្ច​ទប់ស្កាត់បាន​ពលករ​ ១០ ​នាក់ ក្នុងនោះ​មាន​ស្រី​ ៨ ​នាក់ រាប់ទាំង​ក្មេងស្រី​ ២ ​នាក់​ផង និង​ឃាត់ខ្លួន​មេខ្យល់​បាន​ ៣ ​នាក់​។

លោក​បញ្ជាក់​ប្រាប់ថា ករណី​នេះ​បុរស​ជា​មេខ្យល់​ទាំង​ ៦ ​នាក់​បាន​យក​លុយ​ពី​ពលករ​មុន​ជា​ថ្នូរ​នឹង​ការនាំ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​លោក​មិន​ចាំ​ថា ក្នុង​ពលករ​ម្នាក់​ត្រូវ​បាន​មេខ្យល់​យកលុយ​អស់​ចំនួន​ប៉ុន្មាន​នោះទេ​។ ចំពោះ​ពលករ​ប្រុស-ស្រី​ទាំង​ ២១ នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​អស់ហើយ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​ទប់ស្កាត់​ពួកគេ​មក​។

លោក​ ហេង បារាំង ​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២៦ ​សីហា​ថា នៅ​ថ្ងៃទី​ ២៣ ​សីហា សមត្ថកិច្ច​របស់លោក​បាន​ឃាត់ខ្លួន​មេខ្យល់​បាន​ចំនួន​ ៤ ​នាក់ និង​ទប់ស្កាត់បាន​ពលករ​ ១៥ ​នាក់​។

លោក​ថា​៖ «​មេខ្យល់​តែងតែ​គិតថា កន្លែង​ព្រៃ​ ឬ​ទី​ស្ងាត់​ប្រហែល​ជា​សមត្ថកិច្ច​ទៅ​មិន​ដល់​អ៊ីចឹងទៅ​។ តែ​តាមពិត​យើង​ដាក់​កម្លាំង​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់ មិនដូច​ពួកគេ​គិត​នោះទេ​»​។

ចំណែក​លោក​អធិការ​នគរបាល​ស្រុក​សំពៅលូន​លោក​ ទឹម វិឆ័យ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៦ ​សីហា​ថា កងកម្លាំង​របស់​លោក​បាន​ធ្វើការ​ទប់ស្កាត់​ពលករ​បាន​ចំនួន​ ៦ ​នាក់ និង​ឃាត់​មេខ្យល់​បាន​ ២ ​នាក់​។

សមត្ថកិច្ច​និយាយថា បើទោះបី​ជា​នៅ​ប្រទេស​ថៃ​មាន​ការផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​យ៉ាងខ្លាំង​ក៏ដោយ​ក៏នៅតែ​មាន​មេខ្យល់​លួច​នាំ​ពលករ​ឆ្លងដែន​ទៅ​ថៃ​ដែរ​៕