ភ្នំពេញៈ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានចាត់អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតចុះជួបណែនាំ ដល់ទីតាំងក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលដាក់ស្លាកសញ្ញាផលិតផលគុយទាវភ្នំពេញ និងរូបសញ្ញាប្រាសាទអង្គរវត្តនៅលើកញ្ចប់គុយទាវ ដែលកំពុងដាក់លក់នៅសហរដ្ឋអាមេរិក ដោយគ្មានការអនុញ្ញាត។
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃទី ២៦ សីហា ថាថ្មីៗនេះស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសម្បកវេចខ្ចប់មានប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ីក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។
ស្ថានទូតបានបន្តថា ការប្រើប្រាស់ពាក្យ និងម៉ាកនេះដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំអំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។
ប្រភពដដែលបានបញ្ជាក់ថា៖ «ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតចុះជួបណែនាំ ដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះឱ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតផលបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្តក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង»។
ទន្ទឹមនឹងនេះដែរ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក ឈប់ជាវយកមកប្រើប្រាស់នូវផលិតផលក្លែងបន្លំនេះ។
ស្ថានទូតក៏បានស្នើឱ្យពលរដ្ឋខ្មែរនៅទីនោះ ជូនដំណឹងមកស្ថានទូតតាមរយៈគេហទំព័រ Facebook ស្ថានទូតក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផលណាដែលមានប្រើប្រាស់រូបសញ្ញាដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្តាទីផ្សារនានាក្នុងសហរដ្ឋអាមេរិក ដើម្បីស្ថានទូតអាចរៀបចំនីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ផលិតផលក្លែងបន្លំនេះបានទាន់ពេលវេលា៕
វីដេអូ៖