លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​រើសអើង​ប្រភេទ​វ៉ាក់សាំង​កូវីដ​ ១៩ ​នោះទេ ដោយសារ​វ៉ាក់សាំង​ដែល​ផលិត​ចេញ​មកនេះ​មាន​ការសិក្សា​ និង​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​។

លោកស្រី​បានលើកឡើង​ដូចនេះ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃទី​ ២៦ ខែសីហា អំពី​ការចាក់​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​ការពារ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី ឱ វណ្ណឌីន បាន​មានប្រសាសន៍​ថា៖ «​វ៉ាក់សាំង​ណាក៏ដោយ​គឺ​ដូច​តែ​គ្នា​ទេ ខ្ញុំ​ឃើញ​បងប្អូន​យើង​មួយចំនួន​ហាក់​មាន​ការរើសអើង​សម្រាប់​វ៉ាក់សាំង​។ មិនត្រូវ​ធ្វើការ​រើសអើង​សម្រាប់​វ៉ាក់សាំង​ទេ ដោយសារ​វ៉ាក់សាំង​នេះ​មុន​នឹង​គេ​ផលិត​ចេញមក​គឺ​មាន​ការសិក្សា ស្រាវជ្រាវ និង​វាយតម្លៃ​ត្រឹមត្រូវ​ណាស់ មុន​នឹង​គេ​ដាក់ឱ្យ​ប្រើប្រាស់​នៅលើ​ទីផ្សារ​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា ទាក់ទង​នឹង​វ៉ាក់សាំង​នេះដែរ អ្នកជំនាញ​ក៏​កំពុង​តែ​ធ្វើការ​ពិភាក្សា​គ្នា​ថា​តើ​វ៉ាក់សាំង​នេះ​អាច​នឹង​ឈាន​ដល់​ការចាក់​ដូស​រំឭក​ដែរឬទេ ប៉ុន្តែ​សម្រាប់​លោកស្រី​ផ្ទាល់​គិតថា វា​ប្រហែល​ជា​អាច​នឹងមាន​ការចាក់​ដូស​រំឭក ដោយសារ​អង់ទីគ័រ​ដែល​បង្កើត​នៅក្នុង​ខ្លួន​មនុស្ស​មិនអាច​នៅបាន​យូរ ដែល​វា​ជា​លទ្ធភាព​របស់​វ៉ាក់សាំង​ និង​ការឆ្លើយតប​របស់​សរីរាង្គ​របស់​មនុស្ស​ម្នាក់ៗ​។

លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា៖ «​សុំ​បងប្អូន​កុំ​មាន​ការព្រួយបារម្ភ​ច្រើនពេក​លើ​បញ្ហា​នេះ ហើយ​សុំឱ្យ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កម្មវិធី​នៃ​ការចាក់​វ៉ាក់សាំង​ និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​របស់​យើង ដោយសារ​ខ្ញុំ​គិតថា​សម្តេចតេជោ​មាន​ការពិចារណា​ល្អិតល្អន់​ណាស់ ដោយ​មិនមែន​ចេះតែ​សម្រេចចិត្ត​ដោយ​គ្មាន​មូលដ្ឋាន​នោះទេ​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែសីហា មាន​ចំនួន​ជាង​ ៨,៨ ​លាន​នាក់​ ឬ​ស្មើនឹង ៨៨,៧៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ និង​លើ​ក្រុមមនុស្ស​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ មាន​ចំនួន​ជាង​ ១,៣ ​លាន​នាក់​ ឬ​ស្មើ ៦៦,២១% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​។ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ​៣ មកដល់​ពេល​នេះ​មាន​ចំនួន​ជាង​ ៥៦ ​ម៉ឺន​នាក់​ផងដែរ​៕