ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ AstraZeneca ដូស​ជំរុញ ឬ​ដូស​ទី​៣ សម្រាប់​មន្ត្រី​ក្រសួង​ចាប់ពី​ឋានៈ​ប្រធាន​នាយកដ្ឋាន​ចុះ​រហូត​ដល់​មន្ត្រី​ជាប់កិច្ចសន្យា នៅ​មន្ទីរពេទ្យ​កុមារជាតិ រយៈពេល​ ៦ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៣០ ខែសីហា តទៅ​។

យោងតាម​សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃទី​ ២៧ ខែសីហា នេះ បានឱ្យដឹងថា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក-១៩) នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ប្រភេទ​ AstraZeneca ដូស​ទី៣ ជូន​ដល់​មន្ត្រី​នៃ​ក្រសួង​អប់រំ​នៅ​មន្ទីរពេទ្យ​កុមារជាតិ ចាប់ពី​ថ្ងៃទី​ ៣០ ខែ សីហា ដល់​ថ្ងៃទី​ ០៤ ខែ កញ្ញា ឆ្នាំ​ ២០២១ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា ការចាក់​នេះ​នឹង​ធ្វើឡើង​ពេលព្រឹក​ចាប់ពី​ម៉ោង ០៨:០០ នាទី ដល់​ម៉ោង ១១:០០ នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង ១៤:០០ នាទី ដល់​ម៉ោង ១៧:០០ នាទី​។

អ្នក​ដែល​ត្រូវ​ចាក់​ត្រូវ​យកមក​ជាមួយ​នូវ​ឯកសារ រួមមាន បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ ឬ​បណ្ណ​សម្គាល់​មន្ត្រី​ជាប់កិច្ចសន្យា និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ដែល​ប្រើប្រាស់​ក្នុង​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣៕