The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​រាជធានី​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អ្នកជំងឺ​កូវីដ​ដែល​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ករណី​ទុកដាក់​សំរាម មិន​បាន​ត្រឹមត្រូវ




សាលា​រាជធានី​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អ្នកជំងឺ​កូវីដ​ដែល​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ករណី​ទុកដាក់​សំរាម មិន​បាន​ត្រឹមត្រូវ

Content image - Phnom Penh Post
លោក កើត ឆែ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ

សាលា​រាជធានី​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អ្នកជំងឺ​កូវីដ​ដែល​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ករណី​ទុកដាក់​សំរាម មិន​បាន​ត្រឹមត្រូវ

ភ្នំពេញៈ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ប្រសិនបើ​ទុកដាក់​សំរាម មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញាធរ​នាពេល​កន្លងមក​។

លោក កើត ឆែ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា មាន​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ភាគច្រើន​បាន​អនុវត្ត​ត្រឹមត្រូវ និង​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាក់ទង​នឹង​ការទុកដាក់​សំរាម​នេះ ប៉ុន្តែ​មាន​អ្នកជំងឺ​តិចតួច ដែល​មិនបាន​អនុវត្ត​បាន​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ ណែនាំ​ដល់​ពួកគាត់​ផងដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ការអនុវត្ត​មិន​ត្រឹមត្រូវ​ពី​អ្នកជំងឺ​កូវីដ​ ១៩ ដែល​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ ពី​ការទុកដាក់​សំរាម​នេះ បាន​រាយការណ៍​ទៅ​អាជ្ញាធរ ហើយ​អាជ្ញាធរ​របស់​យើង ដែល​មាន​ប្រធានភូមិ សង្កាត់ និង​ប៉ូលិស​ប៉ុស្តិ៍ ក៏​បាន​ចុះទៅ​ធ្វើការ​ណែនាំ​ផងដែរ​»​។

លោក កើត ឆែ បាន​បន្តថា អភិបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជ្រើសរើស​យក​វិធានការ​អប់រំ ណែនាំ​ទៅដល់​អ្នក​ដែល​ធ្វើ​មិន​ត្រឹមត្រូវ​នេះ ច្រើន​ជាង​ចាត់វិធានការ​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មិនមាន​ការរាងចាល និង​បន្ត​ធ្វើ​ខុស​ដដែលៗ នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​តាមច្បាប់​ចំពោះ​ពួកគាត់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ពី​ការទុកដាក់​សំរាម​របស់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល ដែល​សម្រាក​ព្យាបាល ថែទាំ​នៅផ្ទះ ដោយ​ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ស្បោង​ឱ្យ​បាន​ត្រឹមត្រូវ និង​ដាច់ដោយឡែក​ពី​សំរាម​របស់​អ្នក​ផ្សេងទៀត​។

ការណែនាំ​នេះ​បាន​បញ្ជាក់​ទៀតថា ត្រូវ​ធ្វើការ​បាញ់​ថ្នាំ ឬ​អាល់កុល សម្លាប់​មេរោគ​កូវីដ​ ១៩ នៅលើ​សំរាម​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​ស្បោង ហើយ​ទុកដាក់​សំរាម​ដាច់ដោយឡែក​ចាប់ពី​ ៧២ ​ម៉ោង ទើប​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន ហើយ​ត្រូវដាក់​សំរាម​នៅក្នុង​ស្បោង​ពណ៌​លឿង ឬ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​នៅលើ​ស្បោង​ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។