ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានញឹកញាប់ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន របស់ខ្លួន បានដឹងពីការចាក់វ៉ាក់សាំង និងទីតាំងចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ១៩។
ក្នុងពេលចុះផ្តល់ថវិកានិងសម្ភារឧបភោគបរិភោគមួយចំនួន ដល់មនុស្សចាស់អាយុពី ១០០ ឆ្នាំឡើង នៅក្នុងខេត្ត ប៉ៃលិន នៅថ្ងៃទី ២៧ ខែសីហា លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងថា ក្រសួងសុខាភិបាល បានប្រកាសរួចហើយ ពីយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមិនទាន់បានចាក់សោះ នៅតាមបណ្តារាជធានីខេត្តទាំងអស់ ត្រូវចាត់ចែងឱ្យមានទីតាំងសម្រាប់អ្នកមិនទាន់បានចាក់នេះ។
លោកស្រីមានប្រសាសន៍ថា៖ «តាមបណ្តារាជធានីខេត្ត អាចប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ របស់យើង សម្រាប់ចាក់វ៉ាក់សាំងនេះបាន ដោយសារតាមមូលដ្ឋានសុខាភិបាលទាំងនោះ មានប្រព័ន្ធចាក់ថ្នាំបង្ការថ្នាក់ជាតិស្រាប់ ដែលពួកគាត់មានសម្ភារបរិក្ខារនិងក្រុមគ្រូពេទ្យស្រាប់ ដែលអាចផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ប្រសិនបើនៅតាមភូមិឃុំដែលមានក្រុមគ្រូពេទ្យ កំពុងធ្វើការចាក់វ៉ាក់សាំងកូវីដ១៩នេះ អ្នកដែលមិនទាន់បានចាក់សោះ អាចទៅទទួលការចាក់នៅទីនោះបាន។
លោកស្រីបានថ្លែងថា៖ «សុំអភិបាលខេត្តទាំងអស់ ត្រូវចូលរួមធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត នូវការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី និងធ្វើយ៉ាងណា ជំរុញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យកាន់តែលឿនថែមទៀត»។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ មនុស្សវ័យចាស់ដែលមានអាយុពី ១០០ ឆ្នាំឡើង មានចំនួន ៨១ នាក់ហើយ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩៕
វីដេអូ៖