ភ្នំពេញៈ ឧទ្យានជាតិ​ព្រះ​មុនីវង្ស​បូកគោ ជា​តំបន់​ប្រឈម​លើ​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​ខុស​ច្បាប់​ពី​សំណាក់​ក្រុម​ជន​ខិលខូច​ដែល​ទាមទារ​ឱ្យមន្ត្រី​ឧទ្យានុរក្ស​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ និង​មាន​ឧបករណ៍​សម្ភារ​ទំនើប​ដើម្បី​ជា​ជំនួយ​ក្នុង​ការងារ​ល្បាត ការ​ចុះ​អន្តរាគមន៍ ការ​បង្ក្រាប​បទល្មើស​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ នៃ​ក្រសួង​បរិស្ថាន ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​និង​ប្រគល់​បណ្ណ​សរសើរ ឧបករណ៍​ដ្រូន និង​សម្ភារ​ផ្សេងៗ​ទៀត ដល់​មន្ត្រី​ឧទ្យានុរក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូប​នេះ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ពី​ការ​លះបង់ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​មន្ត្រី​ឧទ្យានុរក្ស​ទាំង​អស់​ក្នុងការ​ថែ​រក្សា​និង​ការពារ​ធនធាន​ធម្មជាតិ សត្វព្រៃ ទី​ជម្រក​ធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កម្ពុជា​មាន។

លោក​ថា មន្រ្តី​ឧទ្យានុរក្ស​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយ​ហត់ និង​បាន​លះបង់​ខ្ពស់​ក្នុង​បុព្វហេតុ​ការពារ​នូវធនធាន​ធម្មជាតិ សត្វព្រៃ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

លោក​ថ្លែង​ថា៖ «មន្រ្តី​របស់​យើង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ ស្ថានភាព​លំបាក និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​ផ្សេងៗ​ពិសេស​ជនល្មើស​អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ពេល​មន្រ្តី​យើង​ចុះ​អនុវត្ត​ច្បាប់។ ក្រៅពី​នេះ​ពួកគាត់​ក៏​ប្រឈម​ទៅ​នឹង​កត្តា​ផ្សេងៗ​ទៀត​ដូចជា ជំងឺ ការ​ឆ្លង​កាត់ឧបសគ្គ​លំបាកៗ​ជាច្រើន​ក្នុង​ពេល​បំពេញ​ការងារ​ដូចជា​ទឹកជំនន់ សត្វ​ដែល​អាច​បង្ក​គ្រោះថ្នាក់...។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​រូប​នេះ​បាន​គូស​បញ្ជក់​ថា ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ មន្ត្រីឧទ្យានុរក្ស​ត្រូវ​បន្ត​ហ្វឹក​ហាត់ បង្កើន​សមត្ថភាព​ខ្លួន​ជា​ប្រចាំ​ទាំង​ផ្នែក​ក្រប​ខ័ណ្ឌ​ច្បាប់ និង​បច្ចេកទេស ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ខ្លួន​ឯង​លើ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន និង​បន្ត​ប្រតិបត្តិ​ក្រម​សីលធម៌ វិជ្ជាជីវៈ​ខ្ពស់​ក្នុង​នាម​ជា​ឆ្មាំ​ព្រៃ។

លោក​ថ្លែង​ថា៖​«ការ​បន្ត​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​គឺ​ជា​ការ​ចាំបាច់​បំផុត ព្រោះ​ការងារ​ជា​ឆ្មាំ​ព្រៃ​របស់​មន្ត្រី​ឧទ្យានុរក្ស​គឺ​ប្រឈម​មុខ​ច្រើន ក្នុងនោះ​ក្រុម​ជន​ល្មើស​ធនធាន​ធម្មជាតិ​ខ្លះ​មាន​ប្រើប្រាស់​អាវុធ​ទាំង​អាវុធពិត​និង​អាវុធ​កែច្នៃ រួម​ទាំង​គ្រោះថ្នាក់​ជាយថាហេតុ បង្ក​ឡើង​ដោយអន្ទាក់​គ្រប់​ប្រភេទ​ដែល​ត្រូវ​ជន​ខិល​ខូច​ដាក់​នៅ​ក្នុង​ព្រៃ​ដើម្បី​ចាប់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់»។

ក្នុង​ឱកាស​នោះ មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​ចំនួន ៥ រូប​ក្នុង ចំណោម​មន្ត្រី​ឧទ្យានុរក្ស ៤១ រូប​ដែល​កំពុង​ការពារ​និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​បាន​ទទួល​ប័ណ្ណ​សរសើរ​មេត្រី​ភាព​ពី​ក្រសួង​បរិស្ថាន។ ការ​ផ្តល់​បណ្ណ​សរសើរ​នេះ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​អបអរសាទរ​ទិវា​ឧទ្យានុរក្ស​ពិភពលោក ថ្ងៃទី ៣១ ខែកក្កដា។

លោកថ្លែងថា៖«បណ្ណសរសើរ​មេត្រី​ភាព​បរិស្ថាន​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​នូវ​ការ​លះបង់​កម្លាំង​កាយ កម្លាំង​ចិត្ត ដ៏​មោះមុតក្នុង​ការ​បំពេញ​ការងារ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា»។

បើ​តាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​កម្ពុជា​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១២៦០ នាក់​កំពុង​ឈរ​ជើង​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​លើ​តាមតំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្សជីវៈចម្រុះ​នៅ​ទូទាំង​ប្រទេស។

លោកថា កម្ពុជា​មាន​ផ្ទៃដី​អភិរក្ស​ទំហំ ៧,៣ លានហិកតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ដោយ​ចែក​ជា​ឧទ្យានជាតិ ដែនជម្រក​សត្វព្រៃ តំបន់​ការពារ​ទេសភាព តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង តំបន់​បេតិកភណ្ឌ​ធម្មជាតិ តំបន់​រ៉ាមសានិង របៀង​អភិរក្ស​ជីវៈ​ចម្រុះ៕