ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​សម្រេច​យក​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​មធ្យោបាយ​មួយ ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផលការងារ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា ដែល​ជា​យន្តការ​មួយ​មាន​ការ​ពាក់​ព័ន្ធ​យ៉ាង​ជិត​ដិត​បំផុត​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃរបស់​បង​ប្អូន ជា​ពិសេស​ការ​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន។

លោក ស ខេង បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ថា ចាប់​ពី​ពេល​នេះ​តទៅ គេហទំព័រ​ហ្វេសប៊ុក​របស់​លោកនឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​នូវ​សមិទ្ធផល​ការងារ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា ដែល​ជា​យន្តការ​មួយ​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ដិត​បំផុត​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ប្រទេស​កម្ពុជា​យើង​ក៏​ធ្លាប់​មាន​ប្រព័ន្ធ​អភិបាលកិច្ច​មូលដ្ឋាន​ជាយូរលង់​មក​ហើយ ប៉ុន្តែ​ប្រព័ន្ធ​អភិបាល​កិច្ច​នេះ មានការ​ប្រែប្រួល​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ​ជាច្រើន​លើក​ច្រើន​សារ។ ទោះ​បី​មាន​ការ​ផ្លាស់ប្តូរ​នូវ​របប​នយោបាយ​បែប​នេះ​ក្តី ក៏​ជា​ទូទៅប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ក្នុង​ប្រទេស​យើង​នៅ​រក្សា​របៀប​គ្រប់គ្រង​តាម​បែប​មជ្ឈការ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​យូរយារ​មកហើយ»។

កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​កំណែ​ទម្រង់​ក្នុង​វិស័យ​អភិបាល​កិច្ច​ដ៏​មាន​សារៈសំខាន់​របស់​រាជរដ្ឋាភិបាល ដោយផ្តោត​សំខាន់​លើ​ការ​រៀប​ចំ​ឡើងវិញ នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ដោយ​ឈរ​លើ​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព និង​ការ​អភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ។

កំណែទម្រង់នេះ គឺជា​ការ​ផ្ទេរ​មុខ​ងារ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ និងការ​អភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង របស់​ប្រជាពលរដ្ឋ និង រួម​ចំណែក​កាត់​បន្ថយភាព​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក ស ខេង បាន​ឱ្យ​ដឹង​ថា ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្លាស់​ប្តូរ​នូវ​របប​នយោបាយ​ទាំង​នេះ ជា​អកុសល ប្រទេស​យើង​ក៏​បាន​ជួប​នូវ​សោកនាដកម្ម​ដ៏​សែន​ឈឺចាប់​ជា​ទី​បំផុត នោះ​គឺ​សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ពេល​វេលា​ជាច្រើន​ទសវត្សរ៍ ជា​ពិសេស​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ដែល​បាន​ធ្វើ​ទារុណកម្ម និង​កាប់​សម្លាប់​ប្រជាជន​យ៉ាង​រង្គាល ព្រម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធសង្គម​គ្រប់​វិស័យ និង​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​នៅ​គ្រប់​ថ្នាក់ ព្រម​ទាំង​ធនធាន​មនុស្ស។

លោកថា៖«បើទោះបីជា ប្រទេសជាតិ​របស់​យើង​ត្រូវ​រំដោះ​ឱ្យ​ចាក​ផុត​ពី​របប​យង់​ឃ្នង​នេះ​ក៏​ដោយ ក៏​ប្រទេស​ជាតិ​យើង​នៅ​តែ​បន្ត​មាន​សង្រ្គាមស៊ីវិល​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ទៀត រហូត​ដល់​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​នា​ចុង​ឆ្នាំ ១៩៩៨»។

លោកបន្តទៀតថា ដើម្បី​ធានា​ដល់​ការ​សម្រេច​បាន​នូវ​ទិសដៅ​ជា​សារវន្ត​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​សកម្មភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នានា​ដែល​ក្នុង​នោះ​រួម​មាន យុទ្ធសាស្ត្រ​ចតុកោណ​តាម​នីតិកាល​នីមួយៗ​នៃ​រដ្ឋសភា ដោយ​កំណត់​យក​កំណែ​ទម្រង់អភិបាលកិច្ច​ធ្វើ​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ទាំង​នេះ។ «ក្នុង​ន័យ​នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បាន​ផ្តល់​នូវទស្សនទាន​ណែនាំ​ជា​គន្លឹះ​ថា កំណែ​ទម្រង់​រស់ បើ​មិន​ធ្វើ​កំណែ​ទម្រង់​ស្លាប់, កំណែ​ទម្រង់​គឺជា​កត្តា​ស្លាប់​រស់​របស់​កម្ពុជា, កម្ពុជា​គ្មាន​ជម្រើសណា​ល្អ​ប្រសើរ​ក្រៅពី​ការ​ធ្វើកំណែ​ទម្រង់​ទេ ក្នុង​ឱកាស​ដែល​ប្រទេស​ជាតិ​យើង​កំពុង​តែ​ទទួល​ផល​ចំណេញ​ពី​សន្តិភាព និង​ស្ថិរភាព​ដែល​យើងខិត​ខំ​កសាង និង​ការពារ​បាន​យ៉ាង​លំបាក”។

លោក ស ខេង បានថ្លែងថា៖ «ដូចខ្ញុំបានបញ្ជាក់​ជូន​ខាងលើ កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ គឺជា​កំណែ​ទម្រង់​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ចំណោម​កម្មវិធី​កំណែ​ទម្រង់​នានា​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​របស់​រាជរដ្ឋាភិបាល។ រូបខ្ញុំផ្ទាល់​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) និងសហការី ពិសេស​លេខាធិការដ្ឋាន គ.ជ.អ.ប រីករាយក្នុង​ការ​បកស្រាយ និង​ជជែក​ពិភាក្សា​ជាមួយ​បងប្អូន​ជន​រួមជាតិ​លើ​សំណួរ​ទាំង​នេះ​ជា​បន្តបន្ទាប់​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់ខ្ញុំ»៕