ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ២៨ ខែសីហា​នេះ​បាន​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​អូរប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ និង​សិក្សា​បន្ថែម​នូវ​ប្រព័ន្ធ​លំហូរ​ទឹក​ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​ក្រុងព្រះសីហនុ បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង​ជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ២៨ ខែសីហា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​អូរប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ និង​សិក្សា​បន្ថែម​នូវ​ប្រព័ន្ធ​លំហូរ​ទឹក​ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​ក្រុងព្រះសីហនុ បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងពេល​ថ្មីៗ​នេះ។

ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​រសៀល​នេះ​បានឱ្យ​ដឹងថា ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការស្តារ​អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ ទៅតាម​និយាមកាប្លង់​ប្រព័ន្ធ​សុរិយោដី ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា និង​កុំឱ្យ​ជន់លិច​ផ្ទះ​ប្រជាពលរដ្ឋ។

លើ​ហ្វេសប៊ុក​ខេត្ត​នេះ​សរសេរ​ថា៖ «ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង អាជ្ញាធរ​ខេត្ដ ដោយ​ធ្វើការ​វេចខ្ចប់​ទុកដាក់​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ កុំ​បោះចោល​សំរាម​ចូលក្នុង​អូរប្រឡាយ ដែល​ធ្វើឱ្យមាន​ការកកស្ទះ​លំហូរ​ទឹក និង​ជា​ផ្នែក​មួយ​ដែល​បង្កឱ្យមាន​ការជន់លិច​ផងដែរ»។

កាលពី​រសៀល​ថ្ងៃទី ២៧ ខែសីហា ក្រុមការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត បុគ្គលិក​អនាម័យ​ក្រុង ក្រុមហ៊ុន​សំរាម និង​ក្រុមការងារ​យុវជន​ក្រុម ៨ ខេត្ត​ព្រះសីហនុ បាន​ចូលរួម​សហការគ្នា​ប្រមូល​សំរាម​នៅ​តំបន់ឆ្នេរ​អូរឈើទាល ២ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ភ្លៀង​ខ្លាំង​បណ្តាល​ឱ្យ​មាន​សំរាម​ជាច្រើន​នៅ​រាយប៉ាយ​តាម​មាត់​ឆ្នេរ។

ហ្វេសប៊ុក​ខេត្ត​នេះ​សរសេរ​ថា៖ «សកម្មភាព​នេះ​គឺជា​គំរូ​ដ៏ល្អ​មួយ ដើម្បី​ចូលរួមចំណែក​សម្អាត​អនាម័យ​បរិស្ថាន និង​បាន​បង្កើន​សោភ័ណភាព​តំបន់ឆ្នេរ​ឱ្យ​ស្រស់ស្អាត​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​ថែមទៀត»៕