អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បានសម្រេច​កែសម្រួល​សមាសភាព​ក្រុមការងារ​ស៊ើបអង្កេត ជម្លោះដីធ្លី និង​បង្ការ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស ដោយ​ក្នុងនោះ​បានតែងតាំង​លោក លោក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ ធ្វើជា​ប្រធាន​ក្រុមការងារ​នេះ។

យោង​សេចក្តី​សម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​ចុះហត្ថលេខា​ដោយ​អគ្គស្នងការ​នគរបាលជាតិ​លោក នេត សាវឿន ចុះ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃនេះ​បាន​សម្រេច​កែសម្រួល​សមាសភាព​ក្រុមការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​ជម្លោះដីធ្លី និង​បង្ការ-បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​ភូមិសាស្ត្រ​រាជធានី-ខេត្ត ដែលមាន​ក្រុមការងារ​នេះ​មាន​ចំនួន ២១ រូប។ សេចក្តី​សម្រេច​បន្តថា ក្នុង​ចំណោម ២១ រូប ត្រូវ​បាន​តែងតាំង លោក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ ធ្វើ​ជា​ប្រធាន​ក្រុមការងារ អនុប្រធាន​ចំនួន ៤ រូប និង​មាន​សមាជិក​ចំនួន ១៦ រូប។

តាមរយៈ​សេចក្តី​សម្រេច​នេះ​ក្រុមការងារ​ត្រូវមាន​ភារកិច្ច​រួមមាន៖ «ប្រមូល​ព័ត៌មាន​អំពី​សកម្មភាព​ញុះញង់ ឧបត្ថម្ភ គាំទ្រ​ដល់​ការបង្កើត​ឱ្យ​មាន​ការតវ៉ា ទាមទារ ឬ ប្រើប្រាស់​ល្បិចកល​អុជអាល​ឱ្យមាន​ជម្លោះដីធ្លី ឬក៏​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដែល​បង្កចលាចល​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ខេត្ត»។

ត្រូវ​កំណត់​មុខសញ្ញា​សកម្មជន​ដីធ្លី​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទល្មើស ដើម្បី​បង្ការ​ទប់ស្កាត់ និង បង្ក្រាប​កុំឱ្យ​បទល្មើស​ដដែល​កើតឡើង​សាជាថ្មី ។

សេចក្តី​សម្រេច​បន្តទៀត​ថា ក្រុម​ការងារ​ត្រូវ​វាយតម្លៃ​ករណី​រឿង និង​ស្នើសុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ប្រមូល​ភ័ស្តុតាង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ហើយ​ត្រូវ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ រាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ៕