ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (ក.ប.ប) នៅ​ថ្ងៃទី ២៨ ខែសីហា​នេះ ប្រកាសថា មន្ត្រី​ជំនាញ​របស់ខ្លួន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ២ ទីតាំង​នៅ​ខេត្តតាកែវ និង ៦ ទីតាំង​នៅ​ភ្នំពេញ នៅតែ​បន្ត​ប្រកប​អាជីវកម្ម​មិន​សុចរិត។

មន្ត្រី​ជំនាញ សាខា ក.ប.ប. ខេត្តតាកែវ បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និង​តម្លៃ​លក់រាយ​ប្រេងឥន្ធន: តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ ស្ថិតក្នុង​ឃុំ​ពុទ្ធសរ និង​ឃុំ​ក្រាំងធ្នុង ស្រុក​បាទី ខេត្ត​តាកែវ នៅ​ថ្ងៃទី ២៧ ខែសីហា បាន​រកឃើញ​ថា ថ្លៃ​លក់រាយ​របស់​ស្ថានីយ និង​ដេប៉ូ​ទាំងអស់​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ដោយឡែក​មាន ២ ទីតាំង​លក់​មិន​គ្រប់​លីត្រ។ នេះ​បើតាម​ហ្វេសប៊ុក “ក.ប.ប” នៅ​រសៀល​ថ្ងៃទី ២៨ ខែសីហា​នេះ។

ហ្វេសប៊ុក​នេះ​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ចំនួន ២ ទីតាំង ប្រកប​អាជីវកម្ម​មិន​អនុលោម​តាមច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ត្រូវបាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​អាជីវកម្ម​ទាំង ២ នោះ​ផងដែរ។ ដោយឡែក ដេប៉ូ​លក់​ប្រេងឥន្ធនៈ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏​នៅតែ​បន្ត​ប្រកប​អាជីវកម្ម​ដោយ​មិន​ស្មោះត្រង់​ផងដែរ។

នៅ​ថ្ងៃ​ដដែល​នោះ មន្ត្រី​សាខា ក.ប.ប. រាជធានី ភ្នំពេញ ក៏បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាជីវកម្ម​ប្រេងឥន្ធនៈ​តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ ក្នុង​រាជធានី​ភ្នំពេញ ដោយ​រកឃើញ​មាន៦ទីតាំង នៅតែ​លក់​មិន​គ្រប់​លីត្រ។

នៅលើ​ហ្វេសប៊ុក “ក.ប.ប” សរសេរ​ថា៖ «មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធន:​ចំនួន ៦ ទីតាំងនៅ​ភ្នំពេញ ប្រកប​អាជីវកម្ម​មិន​សុចរិត និង​បាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់»៕