លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ទី ៩ លាន​នាក់​គឺ​បាន​ទៅ​លោកយាយ​ ព្រំ កួយ អាយុ ៧៦ ឆ្នាំ រស់នៅ​ភូមិ​ថ្មសំលៀង ឃុំ​មៀន ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ។

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​ហ្វេសប៊ុក​លោក​ថា៖ "ខ្ញុំ​សូម​អបអរសាទរ​លោកយាយ​ ព្រំ កួយ ​អាយុ ៧៦ ឆ្នាំ​រស់នៅ​ភូមិ​ថ្មសំលៀង​ ឃុំ​មៀន ស្រុក​អូរាំងឪ​ ខេត្ត​ត្បូងឃ្មុំ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​លេខ​រៀង​ទី ៩ លាន​នៅថ្ងៃនេះ"។

លោក​បាន​បន្ថែមថា៖ "មកទល់​ពេលនេះ​កម្ពុជា​យើង​សម្រេច​បាន​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ចំនួន ៩ លាន​នាក់ គឺ​ស្មើនឹង ៩០% នៃ​ប្រជាពលរដ្ឋ ១០ លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។ ចំនួន​នេះ​មិនទាន់​គិតពី​ការចាក់​ជូន​កុមារ​ និង​យុវវ័យ​ដែល​មកដល់ពេលនេះ​ចាក់​បាន ៦៩,៤៧ ភាគរយ​នៃ​ចំនួន ១ ៩៦៦ ៩៣១ នាក់​ដែល​ត្រូវ​ចាក់​ព្រមទាំង​បងប្អូន​ដែល​បាន​ចាក់​ដូស​ទី ៣ ឬ​ដូស​ជំរុញ​នោះទេ។ ប្រសិន​និយាយ​ពី​តួលេខ​សរុប​យើង​ចាក់​បាន​លើស ១០ លាន​នាក់​ដែល​ប្រមាណ ៦៥ ភាគរយ​នៃ​ប្រជាជន​សរុប ១៦ លាន​នាក់"។

លោក​សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​ចូលរួម​នៅក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នឹង​នាំយក​ថវិកា ១០ លាន​រៀល និង​សម្ភារ​មួយចំនួនទៀត​ ដែល​ជា​ជំនួយ​របស់លោក​នាយករដ្ឋមន្ត្រី​ទៅ​ប្រគល់​ជូន​លោកយាយ ព្រំ កួយ ដោយផ្ទាល់៕