ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំពីការពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ ១៩ នៅជុំទី១ ដោយលោកបានឱ្យអភិបាលរាជធានីខេត្តទាំងអស់ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងលើការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយចាត់ទុកជាការងារស្នូលអាទិភាពខ្ពស់បំផុតរបស់ខ្លួន។
នៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ២៨ ខែសីហា បានលើកឡើងថា ការពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩នេះដែរ ក៏ដើម្បីសម្រេចឱ្យបានឆាប់រហ័សនូវការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួនដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ ១៩។
លោកបានឱ្យដឹងថា៖ «គិតមកទល់ពេលនេះ ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលាឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក»។
បន្ថែមពីនេះលោក ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការសម្រេចបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ ហើយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយសហការជាមួយអភិបាលរាជធានីខេត្ត ត្រូវបន្តរៀបចំឱ្យមានទីតាំងសម្រាប់ការផ្តល់សេវាចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាពឬតាមទីតាំងផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដោយមូលហេតុផ្សេងៗអាចទៅទទួល ការចាក់វ៉ាក់សាំងនេះបាន៕