The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​កសិកម្ម​ បើក​យុទ្ធ​នាការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺដុំពក​លើ​សត្វ​គោក្របី​




ក្រសួង​កសិកម្ម​ បើក​យុទ្ធ​នាការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺដុំពក​លើ​សត្វ​គោក្របី​

Content image - Phnom Penh Post
ស្ថានភាពគោនៅខេត្តសៀមរាប​ដែលកើតជំងឺដុំពកនៅលើស្បែកកាលពីកន្លងមក ។រូបថត មន្ទីរព័ត៌មានខេត្តសៀមរាប

ក្រសួង​កសិកម្ម​ បើក​យុទ្ធ​នាការ​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺដុំពក​លើ​សត្វ​គោក្របី​

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease) នៅ​កម្ពុជា ​បន្ទាប់​ពី​វ៉ាក់​សាំង​ចំនួន​ ២ ​ម៉ឺន​ដុស ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀត​ណាម ​ក្នុង​លក្ខណៈ​បន្ទាន់​បាន​មក​ដល់​។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក ​វេង ​សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៩​ សីហា​នេះ ថា ​ជំងឺឆ្លង​នេះ​បាន​រីករាល​ដាល​យ៉ាង​លឿន​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ មក​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ជា​ពិសេស​នៅ​ខេត្ត​ត្បូង​ឃ្មុំ កំពង់​ចាម និង​ខេត្ត​ព្រៃវែង។

លោក​បាន​បន្តថា មក​ទល់ពេ​លនេះ ជំងឺឆ្លង​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​និង​ធ្វើ​ឲ្យ​សត្វ​គោ​ឈឺ​ចំនួន​ជាង​ ៣០ ០០០ ​ក្បាល​មក​ហើយ ជា​ពិសេស​បាន​ឆ្លង​ទៅលើ​កូន​គោដែល​បានធ្វើ​ឲ្យ​សត្វ​គោ​​ងាប់​មួយ​ចំនួននិង​ដែល​ធ្វើ​ក្រសួង​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​។

​លោក​វេង​សាខុន​បាន​អះ​អាង​ថា នា​ចុង​សប្តាហ៍​នេះ ក្រោយ​ពី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​មាន​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វជា​សេនា​ធិការ​បាន​ដាក់ចេញ​នូវ​វិធាន​ការជា​បន្ត​បន្ទាប់និងដោយ​មាន​ការគាំទ្រ​ថវិកា​ពី​សប្បុ​រសជន​ផង​នោះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ចំនួន​២​ម៉ឺនដុសនៅក្នុង​ដៃ​រួច​ហើយ។​

លោក​បាន​រៀប​រាប់​ថា៖ «វ៉ាក់សាំង​នេះបាន​បង្កលក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​ក្រសួង​មាន​លទ្ធភា​ព​ចាប់​ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​ទប់​ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី​ដែល​បាន​ចេញ​ប្រតិ​បត្តិ​ការ​ កាលពី​ថ្ងៃទី ២៨ ​ខែ សីហា ឆ្នាំ​ ២០២១ ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ដោយ​ឡែក​ថ្ងៃនេះ​យើង​បាន​និង​កំពុង​បន្ត​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ទៀត»​។

ជំងឺ​ដុំ​ពក​ស្បែក​គោក្របី គឺជា​ជំងឺ​ម្យ៉ាងដែ​លអាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ​។​ ចំពោះ​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថ​ភាព​បង្ក​កំណើត​ និង​មេ​ផើម​អាច​រលូត​កូន ហើយ​​មេរោគ​នេះ​អាច​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ​តាម​ការប៉ះ​ពាល់​ផ្ទាល់ ឬ​ពីស​ត្វ​ទៅ​សត្វ ដោយ​ប្រយោល​តាម​ភ្នាក់ងារ​ចម្លង​ផ្សេង។ជំងឺ​នេះ​អាច​ធ្វើឱ្យ​សត្វ​គោ​ក្របី​របស់​អ្នក​ស្រុក​មាន​អត្រា​ឈឺ​ពី​ ៥-៤៥​ ភាគ​រយ​ និង​អត្រា​ងាប់​តិច​ជាង ១០ ​ភាគ​រយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍