ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ ចំនួន​ជាង ៤០០​ នាក់​បន្ថែ​មទៀត និង​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន​​ជាង ៣០០​ នាក់​ ខណៈ​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះមាន​ចំនួន ១១ ​នាក់​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន ៤៣៨ នាក់​ទៀត ​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ ១៩ និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន ៣៤៥ នាក់​ផងដែរ។ អ្នក​ដែល​បាន​ឆ្លង​ថ្មី​ទៀត​នេះ ត្រូវបាន​រក​ឃើញ​ករ​ណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៣២៣ នាក់ និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន ១១៥ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២១ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​សរុប​ចំនួន ៩២ ២០៨ នាក់ អ្នកជា​សះស្បើយ​ចំនួន ៨៨ ១១៩ នាក់ និង​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​រហូត​ដល់ ១ ៨៨១ នាក់៕