ភ្នំពេញៈ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ ១៩ នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា អាជីវករ​ផ្សារ​អូ​ឫស្សី​ចំនួន ៦ នាក់ ត្រូវបាន​រកឃើញ ​ឆ្លងជំងឺ​កូ​វិដ ១៩ ដែល​អាចពាក់ព័ន្ធ​នឹងវីរុស​​បំប្លែង​ថ្មី Delta។

ទំព័រ​ហ្វេ​ស​ប៊ុក​របស់​អនុគណៈកម្មការ ស្រាវជ្រាវ​ជំងឺ​កូ​វីដ ១៩ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ២៩ សីហា នេះ​ ក្រុមគ្រូពេទ្យ​ «សម្ដេច​តេ​ជោ​ប្រឆាំង​កូ​វីដ ១៩» បាន​យក​សំណាក​អាជីវករ នៅ​ផ្សារ​អូរឫស្សី ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា បន្ទាប់ពី​នៅ​ថ្ងៃទី ២១ សីហា មាន​អ្នកជំងឺ បាន​ចូលក្នុង​ផ្សារ ដើម្បី​ទិញ​នំ​ពង​ទា និង​បន្លែ សម្រាប់​សែន។

ស្ថាប័ន​នេះ បាន​បញ្ជាក់ថា៖ «លទ្ធផល​តេស្ត​រហ័ស​លើក​ទី១ រកឃើញ​វិជ្ជមាន​កូ​វីដ ០៦ នាក់ ក្នុងចំណោម​អ្នកធ្វើ​តេស្ត ៣៣៣ នាក់។ ក្នុងនោះ​មាន​អាជីវករ​លក់​បន្លែ និងជាង​អ៊ុតសក់)»។

ក្រៅពី​រកឃើញ​លទ្ធផល​នេះ អនុគណៈកម្មការបញ្ជាក់​ថា ក្រុមគ្រូពេទ្យនៅ​បន្ត​រង់ចាំ​លទ្ធផល​វិភាគ​រក​មេរោគ​កូ​វីដ​ ១៩ បំប្លែង​ថ្មី Delta ដោយ​សូម​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​ ដែល​ពាក់ព័ន្ធ​និង​ទីតាំង​ខាងលើ​ មេត្តា​សហការ​ទៅយក​សំណាក និង​ដាក់ខ្លួន​ដាច់ដោយឡែក រយះពេល ២១ ថ្ងៃ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា៕