ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៅតែ​បារម្ភ​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី ប្រភេទ​ដែលតា (Delta) ដែល​កំពុងតែ​បន្ត​រាតត្បាត នៅក្នុង​ប្រទេស​កម្ពុជា ដែល​មកដល់​ត្រឹម​ថ្ងៃទី​ ២៨ សីហា​អ្នក​ឆ្លង​វីរុស​​កូវីដ​បំប្លែង​ថ្មី​នេះ​បាន​រកឃើញ​រហូតដល់​ជាង​ ១ ៧០០ ​នាក់​ហើយ ក្នុង​រាជធានី​ខេត្ត​ចំនួន​ ២៣ លើកលែងតែ​ខេត្ត​កែប និង​ខេត្តក្រចេះ​ប៉ុណ្ណោះ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាលពី​យប់​ថ្ងៃទី​ ២៨ សីហា បាន​ឱ្យ​ដឹងថា សរុប​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា មាន​ចំនួន​ ១ ៧៥២ ​នាក់ ដែល​ភាគច្រើន​រកឃើញ​នៅក្នុង​រាជធានី​ភ្នំពេញ​រហូតដល់ ៥៣២ នាក់​បន្ទាប់មក​មាន​ខេត្ត​បន្ទាយមានជ័យ​ចំនួន ៣២៥ ​នាក់ ខេត្ត​ឧត្តរមានជ័យ​ចំនួន ២២៥ ​នាក់ និង​ខេត្តសៀមរាប​ចំនួន ១៨០ ​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៩ សីហា ថា ការចរាចរ​វីរុស​កូវីដ​ ១៩ ជាពិសេស​វីរុស​បំប្លែង​ថ្មី​នេះ នៅតែ​កំពុងមាន​ភាពសកម្ម​នៅឡើយ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​សុំ​ប្រជាពលរដ្ឋ​របស់​យើង កុំ​មានការ​ធ្វេសប្រហែស​ឱ្យសោះ ទោះបីជា​យើង​មាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ហើយ​ជិត​ឈានដល់​គោលដៅ​សម្រេច​ ១០ ​លាន​នាក់​ហើយក៏​ដោយ ក៏ប៉ុន្តែ​យើងទាំងអស់​គ្នា​ត្រូវតែ​បន្ត​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​មេរោគ​កូវីដ​ ១៩ ​នេះ​»​។

លោកស្រី​ក៏បាន​អំពាវនាវ​ទៅដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ត្រូវធ្វើ​ចលនា​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​កូវីដ​ ១៩ ​ឱ្យបាន​សស្រោកសស្រាំ​ដោយសារ​បើ​ពឹងផ្អែក​តែ​លើ​វ៉ាក់សាំង គឺ​មិន​គ្រប់គ្រាន់​ទេ សម្រាប់​ការការពារ​សរីរាង្គ​របស់​មនុស្ស​ម្នាក់​។ ដូចនេះ​អ្វីដែល​សំខាន់ គឺ​ការរួមគ្នា​អនុវត្ត​ទប់ស្កាត់​នូវ​ការចម្លង​វីរុស​កូវីដ​ ១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ហើយ​វិធានការ​សំខាន់​គឺ ៣​ការពារ ៣​កុំ និង​ការចាក់​វ៉ាក់សាំង​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​៖ «​ប្រសិនបើ​យើង​អនុវត្ត​នូវ​វិធានការ​ទាំងនេះ​បាន នៅតាម​សហគមន៍ ហើយ​ជាពិសេស​នៅតាម​សហគមន៍​នីមួយៗ លោក​ត្រូវតែ​មានការ​ភ្ញាក់រឭក​ខ្ពស់ ហើយ​បុគ្គល​ម្នាក់ៗ​ត្រូវតែ​ទទួលខុសត្រូវ​ទៅលើ​សុខភាព​របស់ខ្លួន និង​គ្រួសារ​របស់ខ្លួន ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ចម្លង​វីរុស​កូវីដ​ ១៩»​។

ទាក់ទង​នឹង​កូវីដ​បំប្លែង​ថ្មី​នេះ​ទំព័រ​ហ្វេសប៊ុក​របស់​អនុគណៈកម្មការ ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ ឱ្យដឹងថា នៅ​ថ្ងៃទី​ ២៩ សីហា នេះ​ក្រុមគ្រូពេទ្យ​ «​សម្ដេចតេជោ​» បាន​យក​សំណាក​អាជីវករ នៅ​ផ្សារ​អូរឫស្សី ក្នុង​ខណ្ឌ​៧មករា បន្ទាប់ពី​នៅ​ថ្ងៃទី​ ២១ សីហា មាន​អ្នកជំងឺ​បាន​ចូលក្នុង​ផ្សារ​នេះ​។ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ បញ្ជាក់ថា​៖ «​លទ្ធផល​តេស្ត​រហ័ស​លើក​ទី​ ១ រកឃើញ​វិជ្ជមាន​កូវីដ ៦ ​នាក់ ក្នុងចំណោម​អ្នកធ្វើ​តេស្ត ៣៣៣ ​នាក់​។ ក្នុងនោះ​មាន​អាជីវករ​លក់​បន្លែ និង​ជាង​អ៊ុតសក់​»​។

ក្រៅពី​រកឃើញ​លទ្ធផល​នេះ អនុគណៈកម្មការ​បញ្ជាក់​ថា ក្រុមគ្រូពេទ្យ​នៅ​បន្ត​រង់ចាំ​លទ្ធផល​វិភាគ​រក​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី Delta ដោយ​សូមឱ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​ខាងលើ មេត្តា​សហការ​ទៅយក​សំណាក និង​ដាក់ខ្លួន​ដាច់​ដោយឡែក​រយៈពេល ២១ ​ថ្ងៃ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។

ជាមួយគ្នានេះ​នៅ​ព្រឹក​ថ្ងៃទី​ ២៩ សីហា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ «​សម្តេចតេជោ​» បាន​ចុះ​យក​សំណាក​ពី​អាជីវករ​ផ្សារ​ជម្ពូវ័ន​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ដោយបាន​រកឃើញ​អ្នកមាន​ផ្ទុក​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ដែលតា​ចំនួន​ ១ ​នាក់​។ បើតាម​គណៈកម្មការ​ផ្សារ​ជម្ពូវ័ន​ឱ្យដឹងថា ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​អាជីវករ​ផ្សារ​ជម្ពូវ័ន​សរុប​ចំនួន​ ១១៤ ​នាក់ និង​បាន​រកឃើញ​លទ្ធផល​វិជ្ជមាន​ចំនួន​ ១ ​នាក់​។

ដោយឡែក ក្រសួង​សុខាភិបាល​នា​យប់​ថ្ងៃទី​ ២៨ សីហា បានប្រកាស​ប្រាប់​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យដឹងពី​ការងារ​ស្រាវជ្រាវ​រក​ប្រភព​នៃ​មេរោគ​កូវីដ​ ១៩ ដោយបាន​គាំទ្រ​ការស្រាវជ្រាវ​នេះ ប៉ុន្តែ​ប្រឆាំង​ចំពោះ​ការប្រើប្រាស់​ឧបាយកល​នយោបាយ​។

ក្រសួង​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយបាន​បញ្ជាក់ថា​៖ «​ក្រសួង​សុខាភិបាល​សូមជម្រាបថា ការងារ​ស្រាវជ្រាវ​រក​ប្រភព​របស់​មេរោគ​កូវីដ​ ១៩ គឺជា​ការងារ​វិទ្យាសាស្ត្រ​សុទ្ធសាធ​។ កម្ពុជា​គាំទ្រ​ក្នុងការ​ស្វែងរក​ប្រភព​នៃ​មេរោគ​នេះ តាមបែប​វិទ្យាសាស្ត្រ និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការប្រើប្រាស់​ឧបាយកល​នយោបាយ​លើ​លទ្ធផល​វិទ្យាសាស្ត្រ (political manipulation) និង​ការដាក់បន្ទុក​ដល់​អ្នក​ដទៃ ដោយ​គ្មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ច្បាស់លាស់​»៕

វីដេអូ៖