កណ្តាលៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ២៩ សីហា ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​។

លោក​ សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​ថ្លែងថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​ ២៩ សីហា បានសម្រេច​ឃុំខ្លួន​ឈ្មោះ កុសល្យ វាស្នា ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​ជននេះ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ តាម​ដីកាចាប់ខ្លួន​របស់​ចៅក្រម​ជម្រះ​ហើយ​»​។

នៅពេល​ទាក់ទង​ពីថ្ងៃ​ទី​ ២៩ សីហា លោក​ ឈុន ជីឈួន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកណ្តាល​ថ្លែងថា កម្លាំង​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​ស្វែងរក​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ មិន​បានដឹង​ចំនួន​គ្រឿងញៀន​ប៉ុន្មាន​ទេ​។

ជុំវិញ​ករណីនេះ មិនមាន​ប្រភព​ណាមួយ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា តើ​បុរស​ជាប់​ចោទ​រូបនោះ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ទម្ងន់​ប៉ុន្មាន​គីឡូក្រាម​នោះទេ​។

លោ​ អាំ ធូ អធិការនគរបាល​ស្រុក​លើកដែក​ថ្លែង​នៅ​ថ្ងៃទី​ ២៩ សីហា ថា កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន ឈ្មោះ កុសល្យ វាស្នា តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ និង​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល​។ លោក​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​នោះ​នៅ​ថ្ងៃទី​ ២៨ សីហា នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។

លោក​ថ្លែងថា​៖ «​ជន​នោះ​ជាប់​ក្នុង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ ខ្ញុំ​តាម​ប្រមាញ់​រហូត គ្រាន់តែ​ថា ពេល​ដែល​គាត់​គេច​ពី​សមត្ថកិច្ច គាត់​ឆ្លៀត​ម្តងម្កាល​ធ្វើ​សកម្មភាព​។ យើង​ក៏​ទទួលបាន​ព័ត៌មាន​ជា​បន្តបន្ទាប់ ព្រោះ​ដឹងថា គាត់​នៅក្នុង​មូលដ្ឋាន រហូត​ប្រមាញ់​បានតែ​ម្តង​»​។

បើតាម​លោក​ អាំ ធូ ព័ត៌មាន​ដែល​សរសេរ​ក្នុង​ផេច​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ថា​មាន​ការលួច​ថត​នារី​ងូតទឹក និង​គំរាម​រំលោភ​នោះ គឺជា​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ដើម្បីឱ្យ​សមត្ថកិច្ច​ឆាប់​មាន​ចំណាត់ការ​ឱ្យបាន​ទាន់ពេលវេលា​។ ព្រោះ​គាត់​បារម្ភ​ខ្លាច​កើតមាន​រឿង ដូចដែល​បុគ្គល​ល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​នោះ​បាន​ដើរ​និយាយ​។

លោក​ថ្លែងថា​៖ «​ព័ត៌មាន​នៅក្នុង​ផេច​ហ្នឹង គឺ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ដោយសារ​គាត់​ហ្នឹង​ [​ជន​ត្រូវ​ចោទ​] បាន​និយាយ​សម្តី​អី​ខាងក្រៅ​ដូច​ថា ជាការ​ចេះ​តែ​និយាយ អ៊ីចឹង​ទៅ ហើយ​ប្រជាពលរដ្ឋ​ភ័យខ្លាច​។ អ៊ីចឹង​គាត់​ជូនដំណឹង​ដាក់ចូល​ក្នុង​ផេច​ក្នុង​អី​អ៊ីចឹងទៅ ដើម្បីឱ្យ​សមត្ថកិច្ច​យើង​មាន​ចំណាត់ការ​» ។

លោក​អធិការនគរបាល​ស្រុក​លើកដែក​បញ្ជាក់ថា ជន​ត្រូវ​ចោទ​មាន ឈ្មោះ កុសល្យ វាស្នា ហៅ​ (​វាសនា​) ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អំពិលទឹក ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។

យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៥២៤ ចុះ​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២០ របស់លោក អឿង វណ្ណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​បាន​ចោទ​ឈ្មោះ កុសល្យ វាស្នា ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២០ ​តាម​បញ្ញត្តិ​មាត្រា​ ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

បន្ថែម​លើ​នោះ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​ ៨២៤ ​ដក​បខ ចុះ​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ​របស់​លោក​ ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ក៏បាន​ចោទ​ជននេះ​ពី​បទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែកទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ១ ​មិថុនា ឆ្នាំ​ ២០២០ ​ផងដែរ​៕