ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ លោក​ នេត សាវឿន សម្រេច​កែសម្រួល​សមាសភាព​ក្រុមការងារ​ស៊ើបអង្កេត ជម្លោះ​ដីធ្លី និង​បង្ការ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ទូទាំងប្រទេស ដោយ​ក្នុងនោះ​បានតែងតាំង​លោក ​ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ ធ្វើជា​ប្រធាន​ក្រុមការងារ​នេះ​។

យោងតាម​សេចក្តី​សម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​ចុះហត្ថលេខា ដោយ​អគ្គស្នងការ​នគរបាលជាតិ លោក​ នេត សាវឿន ចុះ​ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ​ ២០២១ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ២៨ សីហា បាន​សម្រេច​កែសម្រួល​សមាសភាព​ក្រុមការងារ​ប្រមូល​ព័ត៌មាន​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​ជម្លោះដីធ្លី និង​បង្ការ​បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​ភូមិសាស្ត្រ​រាជធានី-ខេត្ត ដែល​ក្រុមការងារ​នេះ​មាន​សមាសភាព​ចំនួន​ ២១ ​រូប​។

បើតាម​សេចក្តីសម្រេច ក្នុង​ចំណោម​មន្ត្រី​ទាំង​ ២១ ​រូបនោះ លោក​ ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ ត្រូវ​បាន​តែងតាំង ធ្វើជា​ប្រធាន​ក្រុមការងារ អមដោយ​អនុប្រធាន​ចំនួន​ ៤ ​រូប និង​មាន​សមាជិក​ចំនួន​ ១៦ ​រូប​។

សេចក្តី​សម្រេច​នេះ​ចាត់តាំង​ឱ្យ​ក្រុមការងារ​ត្រូវមាន​ភារកិច្ច​ «​ប្រមូល​ព័ត៌មាន​អំពី​សកម្មភាព​ញុះញង់ ឧបត្ថម្ភ គាំទ្រ​ដល់​ការបង្កើត​ឱ្យ​មាន​ការតវ៉ា​ទាមទារ​ ឬ​ប្រើប្រាស់​ល្បិចកល​អុជអាល​ឱ្យមាន ជម្លោះដីធ្លី ឬក៏​ធ្វើ​សកម្មភាព​ទន្ទ្រាន កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដែល​បង្កចលាចល​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ខេត្ត​»​។

សេចក្តី​សម្រេច​បញ្ជាក់ថា​៖ «​កំណត់​មុខសញ្ញា​សកម្មជន​ដីធ្លី​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទល្មើស ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​កុំឱ្យ​បទល្មើស​ដដែល​កើតឡើង​សាជាថ្មី​»​។

សេចក្តី​សម្រេច​បន្តថា ក្រុម​ការងារ​ត្រូវ​វាយតម្លៃ​ករណី​រឿង​ និង​ស្នើសុំ​គោលការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដើម្បី​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ប្រមូល​ភ័ស្តុតាង និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ហើយ​ត្រូវ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំខែ រាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) លោក​ ប៉ែន ប៊ុណ្ណារ៍ សម្តែង​ក្តីសង្ឃឹម​ថា ក្រុមការងារ​ថ្មី នឹង​ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ និង​ស៊ើបអង្កេត​ករណី​ជម្លោះដីធ្លី​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​។ លោក​ថា ការ​ដោះស្រាយ​ជម្លោះដីធ្លី កន្លងមក​មិនមាន​តម្លាភាព​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​កន្លងមក​មន្ត្រី​នគរបាល​យុត្តិធម៌ ស៊ើបអង្កេត​មិន​បាន​ពេញលេញ នៅមាន​ចន្លោះ​ប្រហោង​ច្រើន​។ អ៊ីចឹង​បើសិន​ក្រុមការងារ​នេះ​ធ្វើការ​ដោយមាន​ប្រសិទ្ធភាព ហើយ​បញ្ជូន​សំណុំរឿង​ពាក់ព័ន្ធ​ជាមួយ​ដី​រដ្ឋ និង​ទំនាស់​ដីធ្លី​ទៅ​តុលាការ​ដោយ​តម្លាភាព និង​មានការ​កាត់ទោស​អ្នក​ទន្ទ្រាន​ដី​រដ្ឋ​ជាក់ស្តែង មិន​ពិបាក​ទេ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ដែល​ពិបាក​ថា តើ​មន្ត្រី​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿងនេះ មាន​ការវែកមុខ​ជនល្មើស​នៅ​ពីក្រោយ​បាន​កម្រិតណា​? ព្រោះ​កន្លងមក​អត់​មាន​ទេ​»៕