ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បន្ត​ជួយ​អន្តរាគមន៍​បញ្ជូន​ពលករ​ចំនួន ៩ ​នាក់​ទៀត​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ២៩-៣០ ​សីហា​នេះ ខណៈ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ឆុងឈីង​ប្រទេស​ចិន សហការ​ជាមួយ​អាជ្ញាធរ​ចិន បាន​ជួយសង្គ្រោះ​ស្ត្រី​កម្ពុជា​ចំនួន​ ១២ ​នាក់​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៩ សីហា​ថា ពលករ ពលការិនី ធ្វើការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំង ៩ ​នាក់​នេះ ដោយសារ​តែ​ជួប​ការលំបាក​ក្នុងអំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដូច្នេះ​ទើប​ពួកគេ​ចង់​ត្រឡប់មក​មាតុប្រទេស​វិញ ហើយ​ស្នើ​ស្ថានទូត​ឱ្យជួយ​។

លោក​បាន​ថ្លែងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​អន្តរាគមន៍​បាន​ជួយ​សម្របសម្រួល​បញ្ជូន​ពលករ-ពលការិនី​ និង​កុមារ​សរុប​ចំនួន ៩ ​រូប​មក​កម្ពុជា​វិញ ក្នុងនោះ​ ៨ ​នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​ជើងយន្តហោះ​អាកាសចរណ៍​សិង្ហបុរី​លេខ SQ158 នៅ​ថ្ងៃទី​ ២៩ ខែសីហា វេលា​ម៉ោង​ ៥:៣០ ​នាទី​ល្ងាច​។

ចំណែក​ពលការិនី​ម្នាក់ទៀត នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​ជើង​យន្តហោះ​អាកាសចរណ៍​សិង្ហបុរី​លេខ SQ158 នៅ​ថ្ងៃទី​ ៣០ ខែសីហា​វេលា​ម៉ោង​ ៥:៣០ ​នាទី​ល្ងាច​។

លោក កុយ គួង បញ្ជាក់ថា​៖ «​ស្ថានទូត​បាន​ជួយ​ចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន ចំពោះ​អ្នក​ដែល​គ្មាន​លិខិតឆ្លងដែន​»​។ ស្ថានទូត​ក៏បាន​ផ្តល់ជំនួយ​ជា​កញ្ចប់​ស្បៀងអាហារ​ដល់​ពលករ ពលការិនី​ដែល​ខ្វះខាត និង​ប្រាក់​ឧបត្ថម្ភ​មួយចំនួន​ផងដែរ ក្នុងអំឡុងពេល​រង់ចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​វិល​ត្រឡប់មក​កម្ពុជា​វិញ​។

ស្ថានទូត​ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ជូន​ដំណើរ​ពលករ-ពលការិនី និង​កុមារ​ខាងលើ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​រយៈ​ ៦ ​ខែ​ដើម​ឆ្នាំនេះ (​មករា-មិថុនា​) ពលករ ពល​ការិនី​ដែល​ស្ថានទូត​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា​វិញ សរុប​ចំនួន​ ៣៣២ ​នាក់​ក្នុងនោះ​មាន​ស្ដ្រី​ចំនួន​ ១៧៥ ​នាក់​»​។

ជាមួយ​គ្នា​នេះ​លោក កុយ គួង ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃទី ២៦ សីហា ស្ថានអគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ឆុងឈីង​ប្រទេស​ចិន បាន​ជូនដំណឹង​មក​ថា ស្ថាន​អគ្គកុងស៊ុល បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ១២ ​រូប ដែល​រងគ្រោះ​ដោយ​ការជួញដូរ​ឱ្យ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​។ បើតាម​លោក កុយ គួង ​ស្ត្រី​កម្ពុជា​ទាំង​ ១២ ​នាក់​នេះ គ្រោង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី ២ ខែកញ្ញា តាម​ជើងយន្តហោះ K6669​។

លោក កុយ គួង បានបញ្ជាក់​បន្ថែមថា រយៈពេល ៦ ​ខែ​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំនេះ ស្ត្រី​កម្ពុជា​ដែល​បាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចិន​សរុប​មាន​ចំនួន ២៣០ ​នាក់​។

ក្រៅពីនេះ កាលពី​ថ្ងៃទី​ ២៦ សីហា ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្នុង​កិច្ច​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន ២១ នាក់​ដែល​មកពី​តំបន់​ផ្សេងៗ​ក្នុងប្រទេស​ថៃ​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ខ្លងលឹក​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​នីតិវិធី​សុខាភិបាល​៕