ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​លើ​ស្បែក​គោ និង​ក្របី (Lumpy Skin- Disease) ដែល​បាន​ឆ្លង​ចូលមកក្នុង​បណ្ដា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា និង​បាន​ឆ្លង​រាតត្បាត​ទៅលើ​សត្វ​គោក្របី​ជាង​ ៣ ​ម៉ឺន​ក្បាល​។

ទំព័រ​ហ្វេសប៊ុក​របស់លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ សីហាថា ​ជំងឺឆ្លង​នេះ​បាន​រីករាលដាល​យ៉ាង​លឿន​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ មក​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តព្រៃវែង​។ មកទល់ពេលនេះ ជំងឺឆ្លង​នេះ​បានធ្វើឱ្យ​ប៉ះពាល់ និង​ធ្វើឱ្យ​សត្វ​គោ​ឈឺ​ចំនួន​ជាង ៣០ ០០០ ​ក្បាល​មកហើយ ជាពិសេស​បាន​ឆ្លង​ទៅលើ​កូន​គោ​ដែល​បានធ្វើឱ្យ​សត្វ​គោ​ងាប់​មួយចំនួន និង​បានធ្វើឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។

ជាមួយ​គ្នា​នេះ លោក វេងសាខុន បាន​អះអាង​ទៀតថា​៖ «​ការរីករាលដាល​នៃ​ជំងឺឆ្លង​នេះ​បាន​រាលដាល​យ៉ាង​លឿន​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ​ដែល ធ្វើ​ក្រសួង​មានការ​ព្រួយបារម្ភ​ជាខ្លាំង​»​។

លោក វេង សាខុន បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​ថា ក្រសួង​មាន​វ៉ាក់សាំង​ចំនួន​ ២ ​ម៉ឺនដូស​នៅក្នុង​ដៃ​រួចហើយ​ដោយបាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម និង​ ៤០ ០០០ ​ដូស​ទៀត​នឹង​មកដល់​ក្នុង​សប្ដាហ៍​បន្ទាប់ ក្រោយពី​បញ្ជា​ទិញ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។

លោក​បាន​រៀបរាប់ថា​៖ «​វ៉ាក់សាំង​នេះ​បាន​បង្កលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ក្រសួង​មានលទ្ធភាព​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​ដុំពក​លើ​ស្បែក​គោ និង​ក្របី​ដែល​បានចេញ​ប្រតិបត្តិការ​កាលពី​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ ២០២១ នៅ​ខេត្ត​ត្បូងឃ្មុំ​។ ដោយឡែក​ថ្ងៃនេះ​យើង​បាននិង​កំពុង​បន្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំពក​លើ​ស្បែក​គោ​នៅក្នុង​ខេត្តកំពង់ចាម​ទៀត​»​។

ជំងឺ​ដុំពក​ស្បែក​គោក្របី គឺជា​ជំងឺ​ម្យ៉ាងដែ​លអាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ​។ ចំពោះ​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព​បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន ហើយ​មេរោគ​នេះ​អាច​ឆ្លង​ពី​សត្វ​ ១ ​ទៅ​សត្វ​ ១ ​តាម​ការប៉ះពាល់​ផ្ទាល់ ឬ​ពី​សត្វ​ទៅ​សត្វ ដោយ​ប្រយោល​តាម​ភ្នាក់ងារ​ចម្លង​ផ្សេងៗ​។ ​ជំងឺ​នេះ​អាចធ្វើឱ្យ​សត្វ​គោក្របី​របស់​អ្នកស្រុក​មាន​អត្រា​ឈឺ​ពី ៥-៤៥ ​ភាគរយ និង​អត្រា​ងាប់​តិចជាង ១០ ​ភាគរយ​។

លោក តាន់ ផានណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ សីហា​ថា កម្ពុជា​នឹង​ប្រើប្រាស់​វ៉ាក់សាំង​ដែល​ទទួល​បាន​ក្នុង​ពេលនេះ​ចាក់​ស្រោច​ទៅលើ​តំបន់​ដែលមាន​ការផ្ទុះ​រាលដាល​ខ្លាំង​នៃ​ជំងឺ​នេះ ដើម្បី​កាត់ផ្តាច់​ការចម្លង​ទៅកាន់​សត្វ​គោ និង​ក្របី​របស់​អ្នកស្រុក​។

លោក​បាន​ថ្លែងថា​៖ «​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​នេះដែរ យើង​អត់​មាន​យកលុយ​យកកាក់​អី​ពី​ប្រជាជន​ទេ​។ ដោយសារ​តែ​វ៉ាក់សាំង យើង​ទើប​ទទួលបាន ២ ​ម៉ឺន​ដូស យើង​នឹងធ្វើ​ការបែងចែង​ទៅតាម​ខេត្ត​អាស្រ័យ​ស្ថានភាព​ឆ្លង​ជាក់ស្តែង​នៃ​ជំងឺ​។ យើង​នឹង​ពិនិត្យ​ទៅលើ​ជំងឺ​ដែល​ឆ្លង​ពី​ណា​ទៅណា ហើយ​យើង​នឹង​ចាក់​កាត់ផ្តាច់​»​។

ទោះយ៉ាងណា លោក​ថ្លែងថា​៖ «​យើង​នៅមាន​វ៉ាក់សាំង ដែល​ស្ថិតក្នុង​កម្រិត​តិចតួច​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ថ្លែងឱ្យដឹងថា ការផ្តល់​វ៉ាក់សាំង​ឱ្យដល់​សត្វចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេលនេះ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង គឺអាច​កាត់បន្ថយ​ការងាប់ និង​ឈឺ ដែលជា​គ្រឿង​សម្រាប់​ជួយ​សម្រាល​បន្ទុក​​ប្រជាកសិករ​ខ្មែរ នឹង​កាត់បន្ថយ​ការព្រួយបារម្ភ​របស់​​ពលរដ្ឋ​ក្នុង​ការចិញ្ចឹមសត្វ​គោ​ និង​ក្របី​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា បេសកកម្ម​នេះ គឺជា​កាតព្វកិច្ច​របស់​អាជ្ញាធរ ដែល​គាត់​ត្រូវតែ​ឆ្លើយតប ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​បែបនេះ ហើយ​វា​គឺជា​រឿង​ល្អ​មួយ​ដែល​បង្ហាញ​អំពី​សេវាកម្ម និង​ការទទួលខុសត្រូវ របស់​អាជ្ញាធរ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ទៅតាម​វិស័យ​របស់ខ្លួន​នីមួយៗ​»​។

លោក ថេង សាវឿន បាន​ថ្លែង ដោយ​រំពឹងថា រដ្ឋាភិបាល​នឹង​ស្វែងរក​វ៉ាក់សាំង​ប្រភេទ​នេះ ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែលមាន​សត្វ​គោ និង​ក្របី​ឱ្យបាន​គ្រប់ៗ​គ្នា​ក្នុង​ពេល​ឆាប់ៗ ជាពិសេស​ចំពោះ​ប្រជាកសិករ​ដែល​ចិញ្ចឹមសត្វ​គោ និង​ក្របី​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ដើម្បី​បញ្ចៀស​នូវ​ការខាតបង់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ពឹងផ្អែក​ទៅលើ​សត្វ​៕