ភ្នំពេញៈ សមត្ថកិច្ច​កំពុង​តាម​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​សម្លាប់​ក្មេងប្រុស​យក​ទ្រព្យ​បន្តិចបន្តួច នៅក្នុង​បន្ទប់​ជួល​មួយកន្លែង នៅ​ភូមិ-សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ថ្ងៃទី​ ២៦ ខែសីហា ហើយ​បានគេច​ខ្លួន​។ យោងតាម​ការ​ឱ្យដឹងពី លោក ជា សុវណ្ណ អធិការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែនជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ សីហា​។

លោក ជា សុវណ្ណ ថ្លែងថា​៖ «​បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​គាត់​ជា​ម្ចាស់​បន្ទប់​។ ​គាត់​មិនមែន​ជា​ជនសង្ស័យ​ទេ​ ចំណែកឯ​ជនសង្ស័យ​យើង​កំពុង​តាម​ចាប់​»​។

តែ​ទោះយ៉ាងណា​លោក សុវណ្ណ មិនបាន​បញ្ជាក់​លម្អិត​អំពី​អង្គហេតុ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាជាង ៦ ល្ងាច​ថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ​ ២០២១ នៅ​បន្ទប់​ជួល​លេខ​ ៧ ជាន់​ទី​ ១ ភូមិ-សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

មន្ត្រីនគរបាល​ ១ ​រូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ សីហាថា ដោយ​យោងតាម​សម្តី​ម្តាយ​ក្មេង​រងគ្រោះ​ថា ស្ត្រី​ជា​ម្ដាយ​ក្មេងប្រុស ជា​ស្ត្រី​មេម៉ាយ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង គាត់​ជា​ស្ត្រី​មេម៉ាយ គាត់​បានមក​រាជធានី​ភ្នំពេញ​ប្រហែល​ ២ ​ឆ្នាំ និង​បាន​ជួល​បន្ទាប់​លេខ​ ៧ ​ជាន់​ទី​១ ​ស្នាក់​នៅក្នុង​កន្លែងកើតហេតុ​រហូតមក គាត់​មាន​កូន​ស្រី​ម្នាក់​អាយុ​ ១៥ ​ឆ្នាំ និង​កូនប្រុស​ម្នាក់​អាយុ​ ១២ ​ឆ្នាំ​។

មន្ត្រីនគរបាល​រូបនេះ​បាន​ឱ្យ​ដឹងថា ម្តាយ​ក្មេងប្រុស​រងគ្រោះ​ធ្វើការ​រោងចក្រ​កាត់ដេរ​ជាមួយ​កូនស្រី ចំណែក​កូនប្រុស​របស់គាត់​នៅ​បន្ទប់​ជួល​ម្នាក់ឯង​។

មុន​កើតហេតុ​គាត់​បាន​ទូរស័ព្ទ​មក​កូនប្រុស​របស់គាត់ ប៉ុន្តែ​ទូរស័ព្ទ​មិន​ចូល​។ គាត់​ក៏មាន​ការសង្ស័យ ហើយ​បាន​នាំ​កូនស្រី​មកដល់​បន្ទប់​តែ​មិនឃើញ​កូន​ក៏​ភ័យ​ហើយ​ឱ្យ​អ្នកជិតខាង​ជួយ​ដើររក ក៏​កើតការ​ឆោឡោ​នាំគ្នា​ដើររក​មួយសន្ទុះ​ធំ​មក​ក៏​សង្ស័យ​ព្រោះ​គេ​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​លេង​ជាមួយ​ក្មេងរងគ្រោះ​នៅ​បន្ទប់​ជួល​លេខ​ ១៣ ​ជាន់​ទី​២ ​។ ​ពេលនោះ​ក៏​ចូលក្នុង​បន្ទប់​រកមើល​ក៏​ឃើញ​ជើងមនុស្ស​នៅក្នុង​ការុង​ហើយ​ក៏​នាំគ្នា​ទាញ​ចេញពី​ការុង​ក៏​ដឹងថា​ជា​ក្មេងរងគ្រោះ​។

មន្ត្រី​បញ្ជាក់ថា ឈ្មោះ គ្រីប ពាន់ ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ​បាន​ជួល​បន្ទប់​លេខ​ ១៣ ​ស្នាក់នៅ​ហើយ​ឈ្មោះ​ ខ្ទើយ ​ដែលជា​មនុស្ស​ភេទ​ទី​៣ មក​ស្នាក់នៅ​ជាមួយ​រយៈពេល​ខ្លី​។ ដោយឡែក​នៅ​ថ្ងៃកើតហេតុ​នោះ​ឈ្មោះ​ គ្រីប ពាន់ បាន​ចេញទៅ​ក្រៅ​។

មន្ត្រី​រូបនេះ​បានឱ្យដឹងថា​៖ «​ក្រោយ​កើតហេតុ​ឈ្មោះ​ ខ្ទើយ ​បាន​គេចខ្លួនបាត់​។ ​ដូច្នេះ​សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ជនម្នាក់​នោះ​ជា​អ្នក​សម្លាប់​ក្មេង ព្រោះ​ទ្រព្យសម្បត្តិ​ដែល​ម្តាយ​ក្មេងរងគ្រោះ​បាត់បង់​មាន​ប្រាក់​ជាង ​៣០០ ​ដុល្លារ ខ្សែក​ប្លាទីន​ទម្ងន់​ ២ ​ជី និង​ទូរស័ព្ទដៃ​ ១ ​គ្រឿង​»​។

លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យ​ឯកទេស​ផ្នែក​កោសល្យវិច័យ​សាកសព​ប្រាប់​នៅ​ថ្ងៃទី​ ២៩ ​សីហា​ថា ក្មេងរងគ្រោះ​ត្រូវបាន​ជនល្មើស​ចាក់​នឹង​កាំបិត​ចុងស្រួច​ចិតបន្លែ​ចំនួន​ ២ ​កាំបិត​ដោយ​កាំបិត​គឺ​នៅជាប់​នឹង​ខ្លួន​ក្មេងរងគ្រោះ​។

លោក នង សុវណ្ណរ័ត្ន បាន​និយាយ​ឱ្យដឹងទៀតថា​៖ «១ ​កាំបិត​ជនល្មើស​ចាក់​ផ្នែក​ខាងឆ្វេង​លិច​កប់​ដល់​ដង​ធ្លុះ​ទៅ​ចំសួត​នៅ​ខ្នង​ខាងស្តាំ​លិច​ពាក់កណ្តាល​កាំបិត​»៕

វីដេអូ៖