ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ សាកសព​មនុស្ស​ប្រុស​ស្រី​ ២ ​នាក់ ​ដែល​ត្រូវបាន​គេ​បាញ់​ចំក្បាល​ និង​ម្នាក់ទៀត​ត្រូវគេ​វាយ​ក្បាល​សម្លាប់ បន្ទាប់ពី​គេ​ប្រទះឃើញ​សព​កប់​ក្នុង​ដី​នៅ​វាលស្រែ​ក្នុងភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល កាលពី​ព្រឹក​ថ្ងៃទី​ ២៧ សីហា​។

លោក ឈឹម សាវុទ្ធ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ប្រាប់​​នៅ​ថ្ងៃទី​ ២៩ សីហា​ថា ករណី​សាកសព​មនុស្ស​ប្រុស​ស្រី​ចំនួន ២ ​នាក់ នៅពេលនេះ​នគរបាល​ជំនាញ​កំពុង​យក​សាកសព​ទាំង​ ២ ​ទៅធ្វើ​កោសល្យវិច័យ​។

សាកសព​ទាំង​ ២ ​នាក់ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​។ លោក​ថ្លែងថា​៖ «​យើង​កំពុង​ស្វែងរក​សាច់ញាតិ​ជនរងគ្រោះ​ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​។ សាកសព​នៅសល់តែ​គ្រោងឆ្អឹង​ទេ​»​។ លោក​ សាវុទ្ធ រៀបរាប់​តាម​សម្តី​អ្នកភូមិ​ថា នៅពេល​ល្ងាច​ថ្ងៃទី​ ២៧ សីហា ឆ្នាំ​ ២០២១ មាន​បុរស​ជា​អ្នកភូមិ​ម្នាក់​បាន​ដើររក​ជីក​ទំពាំង​ឫស្សី​ក្នុង​ព្រៃរបោះ​។ ពេល​គាត់​កំពុង​ដើរកាត់​វាលស្រែ​ក៏​ស្រាប់តែ​ប្រទះឃើញ​លលាដ៍​ក្បាលមនុស្ស​ម្នាក់​ហើយ​ក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​កន្ទោក ពី​ហេតុការណ៍​នេះ​។

បន្ទាប់មក នគរបាល​ប៉ុស្តិ៍ បាន​រាយការណ៍​ទៅ​លោក ហង្ស មុនី អធិការ​ខណ្ឌ​កំបូល​។

បន្ទាប់ពី​មានការ​រាយការណ៍​មក​លោក​អធិការ​បាន​បញ្ជា​ឱ្យ​លោក ឈឹម សាវុទ្ធ ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​ដែល​ឃើញ​សាកសព​នោះ​ភ្លាមៗ​។

នៅពេលនោះ​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​គាស់​យកបាន​សាកសព​បុរស​ម្នាក់ ដែល​ជនដៃដល់​កប់​ដី​ជម្រៅ​មិន​ដល់​កន្លះម៉ែត្រ​ផង​។ បន្ទាប់មក​ដោយមាន​ការសង្ស័យ​សមត្ថកិច្ច​បាន​តាម​ជីក​រកមើល​បន្តទៀត​ប្រមាណ​ជា​ ១ ​ទៅ​ ២ ​ម៉ែត្រ​ចម្ងាយ​ពីគ្នា​ក៏​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ទៀត​។

លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជា​គ្រូពេទ្យ​កោសល្យវិច័យ​របស់​ក្រសួងសុខាភិបាល បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ សីហា​ថា ករណីនេះ រូបលោក​រួម​នឹង​នគរបាល​កោសល្យវិច័យ បាន​ចុះ​ធ្វើ​ការងារ​នេះ​ពេញ​​មួយ​ថ្ងៃទី​ ២៨ សីហា​។ ចំពោះ​សាកសព​ទី​១ បាន​រលេះរលួយ​សាច់​អស់​ទៅហើយ ប៉ុន្តែ​នៅ សល់​ផ្នែក​ខ្លះ​ជា​ប្រដាប់ភេទ បុរស​ និង​សម្គាល់​ឆ្អឹងត្រគាក ជា​ឆ្អឹងត្រគាក​មនុស្ស​ប្រុស​។ ជនរងគ្រោះ​មាន​ស្នាម​បាញ់​ដោយ​គ្រាប់កាំភ្លើង​ពី​ថ្ងាស​ខាងមុខ​ឆ្លុះ​ដល់​ក្បាល​ខាងក្រោយ​។ លោក​បន្តថា ជនរងគ្រោះ​មាន​អាយុ​ចន្លោះ​ពី ៤៥ ​ឆ្នាំ​ទៅជិត​ ៦០ ​ឆ្នាំ​។

ចំពោះ​សាកសព​ម្នាក់ទៀត​ជា​ស្ត្រី មាន​អាយុ​ចន្លោះ​ពី​ ៣៥ ​ឆ្នាំ ទៅជិត​ ៤០ ​ឆ្នាំ​។ សាកសព​មាន​សក់វែង​ហើយ​ត្រូវគេ​វាយ​ក្បាល​ព្រោះ​មាន​ស្នាម​ប្រេះ​លលាដ៍ក្បាល​ ២ ​កន្លែង​។ លោក​ថា​៖ «​សាកសព​ទាំង​ ២ ​នាក់​អាច​ត្រូវគេ​សម្លាប់​ចន្លោះ​ពី​ ៤ ​ទៅ​ ៦ ​ខែ​មុន​។ សាច់​នៅសល់តែ​រលួយ​អស់ហើយ​»៕

វីដេអូ៖