ភ្នំពេញៈ ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន កំពុង​រៀបចំ​សិក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្លូវថ្នល់ ដើម្បី​ឈានទៅរក​ការផាកពិន័យ​ចំពោះ​យានយន្ត​ធុន​ធ្ងន់​ដែល​បើកបរ​យឺត ហើយ​មិន​ប្រកាន់​ស្តាំ ដែល​បណ្តាល​ឲ្យ​មានការ​រាំងស្ទះ​ដល់​អ្នកដទៃ ហើយ​ខុស​នឹង​ច្បាប់​កម្ពុជា​។​

ការអះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ដើម្បី​ជាការ​ឆ្លើយតប​នូវ​សំណួររបស់​ប្រជាពលរដ្ឋ ពី​សំណាក់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កម្មវិធី MPWT LIVE SHOW នា​ថ្ងៃ​ ៣០ សីហា ២០២១ ក្រោម​ប្រធានបទ សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចាប់ពី​ចុងឆ្នាំ ​២០១៨ ដល់ពេល​បច្ចុប្បន្ន និង​ផែនការ​កំពុង​បន្ត​រហូតដល់​ឆ្នាំ ២០២៣។​

ក្នុងឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​អះអាងថា ច្បាប់​ផ្លូវថ្នល់​កម្ពុជា បានចែង​ច្បាស់​ណាស់​ថា ការធ្វើដំណើរ​លើ​ដងផ្លូវ គឺ​ត្រូវ​ប្រកាន់​ស្តាំ លើកលែងតែ​​​ជែងគ្នា​។ លោក​បន្តថា ដោយសារតែ​បច្ចុប្បន្ន ក្រសួង​សង្កេតឃើញថា យានយន្ត​ជាច្រើន ជាពិសេស​រថយន្ត​ដឹកទំនិញធ្ងន់ៗ ដែល​បើកបរ​លើផ្លូវ ២ គន្លង​ទៅ​ ២​ គន្លង​មក មិនបាន​បើកបរ​ប្រកាន់​ស្តាំ​ទេ គឺ​ពួកគេតែងតែ​បើកបរ​លើផ្លូវ​ខាងឆ្វេង ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​ដទៃ​មិនអាច​​ជែង​បាន​ត្រឹមត្រូវ ហើយក៏​ធ្វើការ​​ជែង​ដោយ​ខុស​។

លោក​បាន​រៀបរាប់ថា​៖ «​ដូច្នេះ ត្រូវតែ​គោរព​ច្បាប់ គឺ​ប្រកាន់​ស្តាំ យើង​បើក​យឺត ត្រូវ​នៅ​ខាងស្តាំ ទុក​ផ្លូវ​ឲ្យ​គេ​អ្នកបើក​លឿន​នៅ​ខាងឆ្វេង ជាពិសេស គឺ​ឡានធំៗ ត្រូវតែ​បើក​ខាងស្តាំ កុំ​បើក​ខាងឆ្វេង​ឲ្យ​សោះ​។ យើង​កំពុង​រៀបចំ​ច្បាប់​យើង ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ហើយ​អាចមាន​ការផាកពិន័យ​ចំពោះ​រថយន្ត​ធុនធ្ងន់ ដែល​បើក​យឺត ហើយ​បើក​នៅ​គន្លង​ខាង​ឆ្វេង​»​។​

ការប្រកាស​ពី​ការផាកពិន័យ និង​ការចាត់វិធានការ​ចំពោះ​ករណីនេះ ដោយ​លោក ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា គឺ​ដើម្បី​កុំ​ឲ្យ​មានការ​រាំ​ងស្ទះ​ដល់​ការធ្វើដំណើរ​របស់​អ្នកបើកបរ​យានយន្ត​ដទៃទៀត ដែល​ត្រូវបាន​រាំ​ងស្ទះ​ដោយសារតែ​រថយន្ត​ប្រភេទ​ធំៗ បើកបរ​យឺត ហើយ​ប្រកាន់​ស្តាំ​ដែល​ខុស​នឹង​ច្បាប់​របស់​កម្ពុជា​៕