កំពតៈ នគរបាល​ខេត្ដ​កំពត​គ្រោង​បញ្ជូន​បុរស​ម្នាក់​ទៅ​​តុលាការ​នៅ​ថ្ងៃ​ ៣០ ​សីហា​នេះ​ ក្រោយពី​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​​នឹង​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​​លើ​អនីតិជន​ជា​កូនចុង​អាយុ​ ៨ ​ឆ្នាំ​បង្ក​ឱ្យ​របួសធ្ងន់ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​ ២៧ ខែសីហា នៅ​ភូមិ​អូរច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ នេះ​បើតាម​លោក លក ញ៉ាវ ស្នងការរង​នគរបាល​ខេត្ដ​កំពត​ពីថ្ងៃ​ទី​ ២៩ ​សីហា​។

លោក លក ញ៉ាវ ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា កាលពី​ថ្ងៃទី​ ២៧ សីហា វេលា​ម៉ោង​ប្រហែល​ ២០ មាន​ករណី​ប្រើ​ហិង្សា​លើ​អនីតិជន​ (​ឪពុកចុង​វាយ​កូនចុង​)​ នៅ​ភូមិ​ខាងលើ​។

លោក​បានឱ្យដឹងថា ជនរងគ្រោះ​​ឈ្មោះ ឃុន សុខហេង ភេទ​ប្រុស អាយុ​ ៨ ​ឆ្នាំ មាន​លំនៅ​ក្នុង​​ភូមិ​ឃុំ​កើតហេតុ រងរបួស​ត្រង់​​ខ្នង និង​ភ្លៅ ទាំងសងខាង ផ្ទៃមុខ​ខាងស្តាំ​ ១ ​កន្លែង​។ រីឯ​ជនដៃដល់​ឈ្មោះ ខាន់ ខា អាយុ​ ៣២ ​ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​អូរច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

លោក​ថា​៖ «​ឪពុកចុង​រូបនេះ​បាន​ប្រព្រឹត្ដ​អំពើហិង្សា​លើ​កូនចុង​មិនមែន​ទើបតែ​លើក​ទី​ ១ ​ទេ កន្លងមក​ក៏​កើតមានឡើង​ដែរ ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ដូច​លើក​នេះ​»​។

លោក ញ៉ាវ បានឱ្យដឹងថា ករណីនេះ​កើតឡើង​ពេល​ជនដៃដល់​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​ពូចិន ហើយ​បានឃើញ​​ជនរងគ្រោះ​យក​របស់របរ​របស់​​ខ្លួន​លេង និង​ហូបបាយ​ម្ហូប​មិន​ទុក​ឱ្យ​គាត់ ក៏​កើត​កំហឹង​យក​ខ្សែភ្លើង​វាយ​លើ​ជនរងគ្រោះ​តែម្តង​។ ​ក៏ប៉ុន្តែ​ក្រោយ​កើតហេតុ​ភ្លាម​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​រួច​បញ្ជូនបន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក​បាន​បញ្ជាក់ថា​៖ «​ជន​បង្កហិង្សា​ពេលនេះ យើង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត​។ យើង​នឹង​បញ្ជូន​ជនបង្ក​ទៅ​តុលាការ​នៅ​ព្រឹកស្អែក​ថ្ងៃទី​ ៣០ ខែសីហា​នេះ​»​។

បើតាម​លោក លក ញ៉ាវ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង ជនបង្ក​ក្នុងករណី​ហិង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​លើ​​អនីតិជន​។ ចំណែក​ការចោទប្រកាន់​បន្ត​យ៉ាងណា​គឺជា​នីតិវិធី​របស់​តុលាការ​៕