ភ្នំពេញៈ ​​មេរោគ​កូវីដ ​១៩​ បំប្លែង​ថ្មី​ប្រភេទ​ដែល​តា ​(Delta)​ បាន​ឆ្លង​រីករាល​ដាល​ដល់​ ​២៣ រាជ​ធានី​-​ខេត្ត​ ​ ហើយ​បាន​ឆ្លង​ទៅ​លើ​មនុស្ស​សរុប​ ​ជាង​ ១ ៧០០​ ករណី​ ​ក្រោយ​ពី​វីរុស​ប្រភេទ​ថ្មី​នេះ ​ឆ្លង​ចូល​មក​កម្ពុជា​ចាប់​តាំង​ពីចុង​ខែ​មីនា​ លើក​លែង​តែ​ខេត្ត​ក្រចេះ​និងខេត្ត​កែប​ ​ដែល​មិន​មាន​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះចូល​។

​អភិបាល​រង​ខេត្ត​ក្រចេះ ​លោក ​ប៉ែន​ ​លីណាត​ ​បាន​ប្រាប់​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ៣០ ​ខែ​សីហាថា​ ​វា​ជា​​មោទ​នភាព​ ដែល​មកដល់​ពេល​នេះ ​ខេត្ត​នេះ​ បាន​ទប់ស្កាត់​បាន​នូវ​ការ​ឆ្លង​ចូល​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​ ​ហើយ​អ្វី​ដែល​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បាន​នេះ​គឺ​វិធាន​ការ​អប់រំ​ ​និង​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា។

លោក​ថ្លែង​ថា​៖​ ​«​វិធាន​ការ​របស់​ខេត្ត​ គឺ​យើង​សំខាន់​ក្រៅពី​វិធាន​ការ​សុខាភិ​បាល ​គឺ​ការ​អប់រំ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវ​ធ្វើ​ការ​ពាក់ម៉ាស​ជា​ប្រចាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​និង​អនុវត្ត​ចាំបាច់​នូវ​វិធាន​ការ​ ៣ ការ​ពារ​ ​និង ​៣​ កុំ​ របស់​រាជ​រដ្ឋាភិ​បា​ល​ផង​ដែរ​»​។​

លោក​ ​ប៉ែន​ ​លីណាត​ ​បាន​ឱ្យ​ដឹង​ថា ​ការ​អប់រំ ការ​ណែ​នាំ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​ពិសេស​អាជ្ញា​ធរ​នៅ​តាម​មូលដ្ឋាន​ដែល​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​តាម​ដាន​និង​ត្រួត​ពិនិត្យ​ចំពោះ​អ្នក​ចំណូល​ស្រុក​ថា​តើ​ពួក​គាត់​មក​ពី​តំបន់​ណា​ ឬ​មក​ពី​ខាង​ណា​ដើម្បី​អាជ្ញាធរ​ធ្វើ​ចត្តាឡី​ស័ក​និង​ពិនិត្យ​សុខភា​ព​រ​បស់​ពួក​គាត់​ជា​ប្រចាំ។

លោក​ថា​ ​សម្រាប់​អ្នក​ដែល​ជា​ជន​ចំណាក​ស្រុក ​ឬ​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​ផ្សេង​ចូល​មក​ក្នុង​ខេត្ត​ក្រចេះ ​គឺ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ត្រូវ​តាម​ដាន ​​និង​រក្សា​គម្លាត​ពីក្រុម​គ្រួសារ​របស់​ពួក​គាត់់​ ​ដើម្បី​ចៀស​វាង​ការ​ឆ្លង​វីរុស​នេះ​ ​ដោយ​សារ​ពេល​ចូល​មក​ដល់​ភ្លាម​ មិន​ទាន់​ដឹង​ថា​ពួក​គាត់​​មាន​វីរុស​ដែល​តា​នោះ​ទេ។​ នៅ​តាម​ច្រក​ព្រំដែន​ខេត្ត​ក្រចេះ​មិន​មាន​ការ​ដាក់​កម្លាំង​សម្រាប់​ធ្វើ​ការ​ពិនិត្យ​សុខភាព​ទេ​។

លោក​ថ្លែង​ថា​៖ ​«​ខ្ញុំ​យល់​ថា ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​មាន​ការ​យល់​ច្បាស់​ណាស់​ពី​មេរោគ​ ​និង​ការ​ការពារ​ពី​មេរោគ​កូវីដ ​១៩ ​នេះ​ដែរ​ ​ដោយ​សារ​ការ​ផ្សព្វផ្សាយ ​និង​ការ​អប់រំ​ពី​បញ្ហា​​មេរោគ​ថ្មី​មួយ​នេះ​គឺ​មាន​រយៈ​ប្រមាណ​ជិត​ ២ ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​ប្រទេស​យើង​មាន​ការ​ឆ្លង​ចូល​នូវ​ជំងឺ​នេះ​»​។​

លោក​ ​ប៉ែន​ ​លី​ណាត​ ​ក៏​បាន​ស្នើ​សុំ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ទៀត ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នូវ​ជំងឺ​នេះ ​ពិសេស​គឺ​ប្រភេទ​ដែល​តា ​ហើយ​លោក​ក៏​នឹង​បន្ត​ធ្វើ​ការ​សហ​ការ​ជា​មួយ​នឹង​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​ជា​មួយ​នឹង​ខេត្ត​ក្រចេះ​ទៀត​ក្នុង​ការ​ទប់​ស្កាត់​នូវ​វីរុស​កូវីដ ១៩ ​នេះ។​

យោង​តាម​​ការ​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​ នៅ​យប់​ថ្ងៃទី ​២៨​ ​ខែ​សីហា ​បាន​ឱ្យ​ដឹង​ថា ​គិត​ចាប់​ពីថ្ងៃទី​​ ៣១​ ​ខែ​មីនា​ មក​ដល់​ថ្ងៃ​ទី​ ២៨​ ​ខែ​សីហា ​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ចំនួន ​១ ៧៥​២​ នា​ក់ ​ដែល​ភាគ​ច្រើ​ន​រក​ឃើញ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ​និង​ខេត្ត​សៀម​រាប​ ហើយ​មាន​តែ​ខេត្ត​ ២ ប៉ុណ្ណោះ​ ដែល​មិន​មាន​វីរុ​ស​នេះ​ឆ្លង​ចូល​។​

អ្នក​វិជ្ជមាន​ទាំង​នោះ​រួម​មាន​ ​អ្នក​ដំណើរ​តាម​ជើង​ហោះ​ហើរ ពលករ​មក​ពី​ប្រទេស​ថៃ ​ពី​ប្រទេស​វៀត​ណាម​ ប្រជា​ជន​ក្នុង​សហ​គមន៍​ ​ក្រុម​ហ៊ុន​ឯក​ជន​ ​បុគ្គលិក​សុខាភិ​បាល​ អាជីវ​ករ មន្រ្តី​រាជ​ការ​ ​យោធា​ ​ពិរុទ្ធ​ជន​ ​អ្នក​បក​ប្រែ​ភា​សា ​ជន​ជាតិ​បរទេស​ ​បុគ្គលិក​រោង​ចក្រ​កាត់​ដេរ​ ​បុគ្គ​លិក​ធនា​គារ​ ដូន​ជី​នៅ​វត្ត​ ​និង​សិស្ស។​

លោ​ក​ស្រី​ ​លី​ ​អៃ​ឡែន​ ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា ​បាន​សរសេរ​លើ​បណ្តាញ​ Twitter​ កាល​ពី​ថ្ងៃ​ទី​ ២៩​ ​ខែ​សីហាថា​ ​វីរុស​កូវីដ ​១៩​ បំប្លែង​ថ្មី​ ​វា​មាន​កម្រិត​ឆ្លង​ខ្លាំង ​និង​លឿន​ដែល​មេរោគ​នេះ​បាន​កំពុង​តែ​កើត​មាន​នៅ​ក្នុងសហ​គមន៍​​ក្នុង​ប្រ​ទេស​កម្ពុជា​។​​

លោក​ស្រីបាន​ឱ្យ​ដឹង​ថា៖​ ​«វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា ​នៅ​ទី​នេះ​ជា​មួ​​យ​យើង​ ​ហើយ​ឥឡូវ​នេះ​វា​ពិត​ជា​ធ្វើ​ការ​គំរាម​កំហែង​ខ្លាំង​ ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​»​៕​