ព្រះ​សីហនុៈ ជនសង្ស័យ​ប្រុស-​ស្រី ៣ នាក់​ ជា​ជនជាតិ​ចិន ដែល​​បាន​លួច​ទូរ​ដែក​ដាក់​លុយចំនួន​ ១១ ម៉ឺន​ដុល្លារ​អាមេរិក​រប​ស់បុរ​សជន​ជាតិ​​ចិន​ដូចគ្នា​ ដែល​ប្រព្រឹត្ត​នៅ​ភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​ ២៥​ សីហា នឹង​ត្រូវ​​​បញ្ជូនទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃទី ៣១ សីហា។

លោក​ លី​ សុខហ៊ី​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សី​ហ​នុ​ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​រសៀល​ថ្ងៃទី ៣០ សីហា​ថា ​ពាក់ព័ន្ធ​អំពើចោរកម្ម​នេះ​ មាន​ជនសង្ស័យ៣នាក់​ ជា​ជនជាតិ​ចិន។

ក្នុងនោះ​មាន​ស្ត្រី ២ នាក់ និង​បុរស​ម្នាក់។ ប៉ុន្តែ​លោក​មិនអាច​ប្រាប់​ឈ្មោះ​របស់​ពួកគេ​បានទេ​ ព្រោះ​ពាក់ព័ន្ធ​នឹង​នីតិវិធី​របស់​តុលាការ។

លោក​​បញ្ជាក់​ថា៖«ក្រុម​ជនសង្ស័យ​ទាំង៣នាក់​នេះ ​ខ្ញុំ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​ហើយ​(ថ្ងៃទី ៣១ សីហា)»។​​

លោក លី សុខហ៊ី មិនបាន​បញ្ជាក់​លម្អិត​ អំពី​អង្គហេតុ​ នៃ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣នាក់​ខាងលើ​នេះទេ​ខណៈ​លោក ​តី វិសាល អធិការនគរបាល​ក្រុងព្រះសីហនុ​ ប្រាប់​យ៉ាងខ្លី​ថា​ រឿងនេះ​ជា​សមត្ថកិច្ច​របស់​ការិយា​ល័យ​​ព្រហ្មទណ្ឌ​ជា​ម្ចាស់​ករណី​ ហើយ​សមត្ថកិច្ច​ គ្រាន់តែ​សហការ​ប៉ុណ្ណោះ។

ទោះយ៉ាងណា​បើ​យោងតាម​របាយការណ៍​ដែល​បាន​សរសេរ​ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឱ្យ​ដឹង​ថា ​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នេះ​ គឺធ្វើឡើង​តាម​បណ្តឹង​របស់​បុរស​ជន​ជាតិចិន​ម្នាក់។ ​អំពើចោរកម្ម​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១ ហើយ​ជនរងគ្រោះ​ បានដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​នៅ​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២១។

នគរបាល​​បាន​បង្ហាញ​តាម​ការរៀបរាប់​របស់​ជនរងគ្រោះ​ថា​ នៅវេលា​ម៉ោង ៣ ទៀបភ្លឺ​ មាន​ចោរ​បាន​លួច​ចូលទៅក្នុង​បន្ទប់​លេខ ៨៧២០ នៃ​កាស៊ីណូ មាន​យីហោ​ឈ្មោះ ឆាង​ឆឹង ស្ថិតនៅ ភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្ត​ព្រះសីហនុ។

ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ទូរ​ដែក ១ គ្រឿង​ ហើយគេចខ្លួនបាត់។ ​នៅក្នុង​ទូរ​ដែក​នោះ​មាន​លុយ ១១ ម៉ឺន​ដុល្លារ​អាមេរិក និង​នាឡិការ​ដៃ ១ គ្រឿង​។

នគរបាល​​បន្តថា​ បន្ទាប់ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​មក​ក៏​ធ្វើការ​ស្រាវជ្រាវ​ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន ​នៅវេលា​ប្រហែល​ម៉ោង៨យប់​ថ្ងៃទី ២៩ សីហា​ តែ​ម្តង៕