ភ្នំពេញៈ នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​​ការ​ឆបោក​ក្រោម​រូបភាព​មនោ​សញ្ចេត​នា​ (Romantic Scam) ចំនួន ​៥ ​ចំណុច​ លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ក្រោយ​មាន​ករណី​ឆបោក ​បាន​កើត​ឡើង​ ជាប​ន្ត​បន្ទាប់​លើ​ជន​រងគ្រោះ​។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣០ ​សីហា​ថា​ កន្លង​មក​ក្រុម​ការងារ​បាន​ចុះ​ផ្សាយ​ស្តីពី​ល្បិច​ឆបោក​ប្រាក់​ផ្សេងៗ​របស់​ជនខិល​ខូច​ដោ​យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​គមនា​គមន៍​និង​ព័ត៌​មាន​ជា​មធ្យោ​បាយ។ ដូច្នេះ​នៅ​ពេល​នេះ នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា សូម​លើក​យក​ល្បិច​ឆបោក​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​មនោ​សញ្ចេតនា​ (Romantic Scam) ដើម្បី​រៀបចំ​គម្រោង​ទុច្ចរិត​ទៅ​លើ​ជន​រង​គ្រោះ តាម​វិធី​សាស្ត្រ​ជា​សង្ខេប​ចំនួន​ ៥​ ចំណុច​។

នាយក​ដ្ឋាន​ព័ត៌​មាន​វិទ្យា​ បាន​រៀប​រាប់​ថា របៀប​ទី១ ជន​ខិល​ខូច​​ប្រមូល​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ជនរងគ្រោះ​គោល​ដៅ (Target Victims)លើ​បណ្តាញ​អ៊ីន​ធឺណិត ដើម្បី​រៀបចំ​គម្រោង​ឆបោក​របស់​ពួកគេ។ ទី២​ ជនខិល​ខូច​ចាប់ផ្តើម​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ជនរង​គ្រោះ ​តាមរយៈ​កម្មវិធី​បណ្តា​ញ​ទំនាក់​ទំនង​សង្គម​ផ្សេងៗ តួយ៉ាង​ដូចជា ​កម្មវិធី​ហ្វេ​ស​ប៊ុ​ក កម្មវិធី​សារ​អ​ឡិច​ត្រូ​និក និង​ទី៣ ជន​ខិល​ខូច​ធ្វើការ​តាម​ដាន​រាល់​ព័ត៌មាន មតិ​យោប​ល់ ឬ​សកម្ម​ភាពផ្សេងៗ​របស់​ជនរង​គ្រោះ​លើ​បណ្តាញ​អ៊ីន​ធឺណិត​ ដើម្បី​សន្និដ្ឋាន​ទឹក​ចិត្ត និង​សតិ​អារម្មណ៍​របស់​ជន​រង​គ្រោះ។​

ចំណែក​ទី៤​ នាយក​ដ្ឋាន​ព័ត៌​មាន​វិទ្យា បាន​រៀបរាប់​បន្តថា ជន​ខិល​ខូច​ក៏ជជែក​លេង​ជា​ញឹក​ញាប់​ជាមួយ​ជនរង​គ្រោះ ​ពិសេស​នៅ​ពេល​ដែល​ពួកគេ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​ជីវិត​ឯក​ជន គ្រួសារ ឬ​ជំនួញ ​ហើយ​របៀប​ទី៥ នៅពេល​ដែល​ជនរង​គ្រោះ​ធ្លាក់​ក្នុង​អន្លង់​មនោ​សញ្ចេត​នា​ក្លែង​ក្លាយ ជន​ខិត​ខូច​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទុច្ចរិត ​តួយ៉ាង​ដូចជា​ ការ​ឆបោក​ប្រាក់​ ដោយ​ហេតុ​ផល​ផ្សេងៗ​រួមមាន​ការ​លួង​លោម​ថត​សកម្ម​ភាព រូបភាព​អាស​អាភាស​ឬ​ការ​ណាត់​ជួបនិង​បន្ទាប់​មក​ប្រព្រឹត្ត​សកម្ម​ភាព​ល្មើសផ្សេ​ងៗជាដើម​។

លើស​ពីនេះ​ទៀត ក្រុម​ការងារ​នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា ក៏បាន​សង្កេត​ឃើញ​ផង​ដែរ​ថា មាន​ជន​ខិល​ខូច​មួយ​ចំនួន​កំពុង​ធ្វើ​សកម្មភាព​ល្មើស​ពី​ក្រៅ​ប្រទេស(ជន​បរទេស)​និង​មាន​ជន​ល្មើស​មួយ​ចំនួន(ជន​បរទេសឬ​ជនជាតិ​ខ្មែរ) ក៏​កំពុង​ប្រព្រឹត្ត​សកម្ម​ភាព​ទុច្ចរិត​នេះ​ក្នុង​ទឹកដី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ផង​ដែរ​។

ក្រុម​ការងារ​នៃ​នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យាបាន​បញ្ជាក់​ថា៖ «អាស្រ័យ​ដូច​ជម្រាបជូន​ខាងលើ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ ពិសេស​អ្នក​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​បណ្តាញ​ទំនាក់​ទំនង​សង្គម មេត្តា​ប្រុង​ប្រយ័ត្ន​នូវ​ល្បិច​កល​ខាង​លើ និង​សូម​ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​មន្ត្រី​មាន​សមត្ថ​កិច្ច​នៅ​ពេល​បាន​ដឹង​ជួប​ប្រទះ ឬ​សង្ស័យ​ថា​ ជា​ប្រភេទ​បទ​ល្មើស​ខាង​លើនេះ»​។

លោក ង៉ែត ម៉ូ​សេ​ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្តិ​សុខ​បច្ចេក​វិទ្យាបាន​លើក​ឡើងថា ភាគ​ច្រើន​ការបោក​ប​ឆោត​លក្ខណៈ​មនោ​សញ្ចេត​នាគឺ​ជន​ល្មើស​ច្រើនតែ​ប្រើ​ប្រាស់​ទឹកចិត្ត​ឲ្យ​ដៃគូ​ម្ខាង​ទៀតជឿ​លើ​ដោយ​លួង​លោមជា​ថ្នូរ​នឹង​របស់​អ្វី​ម្យ៉ាង​ដូច​ជា​សាច់​ប្រាក់​ជា​ដើម​។

លោក​បន្ត​ថាជន​ឆបោក​ទាំងនេះក៏​តែង​តែង​ប្រើ​ប្រាស់​តួអង្គ​ជា​អ្នកមាន​ប្រាក់ច្រើននិង​ជា​អ្នក​ដើរ​លេង​ជុំវិញ​ពិភព​លោក ដើម្បី​បង្ហាញ​ទៅ​គោល​ដៅ​របស់​ខ្លួន តាម​រយៈ​អា​ខោ​ន​ក្លែង​ក​ក្លាយ ដែល​ងាយ​នឹង​ឲ្យ​ជន​រងគ្រោះ ជា​ពិសេស​ស្ត្រី​ងាយ​ជឿ​លង់​​។

លោក​បាន​រៀប​រាប់​ថា៖​«ភាគច្រើន​នៃ​ក្រុម​គោល​ដៅ​ដែល​ក្រុម​នេះវាយប្រហារ​នោះគឺ​សុទ្ធសឹង​តែ​ជា​ស្ត្រី​ដែល​មាន​ទុក្ខ​លំបាក​មាន​អាយុ​ចន្លោះ​ពី​២០​ទៅ​៣៥​ឆ្នាំ ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​មួយ​ចំនួន​ គឺ​ចាញ់​បោក​គេ​ជាមួយនឹង​ទំនាក់​ទំនង​ស្នេហ៍»​។

លោក ង៉ែត​ម៉ូ​សេ ​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រា​ស់​បណ្តាញ​សង្គម​ទាំងអ​ស់មិនត្រូវ​ប្រគល់​ប្រាក់​ទៅ​ឲ្យ​បុគ្គល​ដែល​មិន​បាន​ស្គាល់​ប្រភព​ច្បាស​លាស់ជាពិសេស​បុគ្គល​ដែល​មិនបាន​ជួប​ដោយ​ផ្ទាល់​នោះទេ។បន្ថែម​ពីនេះ​លោក​ថា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គមក៏​មិន​ត្រូវមាន​ទំនាក់​ទំនងឬ​ត្រូវ​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​ភ្លាម​និង​ស្វះ​ស្វែង​រក​កិច្ច​អន្តរ​គម​ន៍​ទៅ​អាជ្ញាធរដោយ​មិន​ត្រូ​វសម្ងំ​ស្ងៀម​នោះ​ឡើយ៕