កំ​ពតៈ​ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ដ​កំពត នៅ​ថ្ងៃទី ៣០ សីហា​នេះ បានសម្រេច ចោទប្រកាន់​បុរសម្នាក់​ដែល​ប្រើ​ហិង្សា​លើ​កូនចុង ដែលជា​អនីតិជន​ បណ្ដាលឱ្យ​រង​របួស​ធ្ងន់ កាលពី​ថ្ងៃទី ២៧ សីហា ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​។ នេះ​បើតាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ពត។

កាលពី​ថ្ងៃទី ២៧ សីហា​ វេលា​ម៉ោង​ប្រហែល ២០ មាន​ករណី​ហិង្សា​ដោយ​ចេតនា​ លើ​អនីតិជន (ឪពុកចុង​វាយ​កូនចុង) ស្ថិតនៅ​ភូមិ​អូរ​ច្រនៀង​ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះ​ឈ្មោះ ឃុន សុខ​ហេង ភេទ​ប្រុស អាយុ ៨ ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ខ្នង និង​ភ្លៅ​ទាំងសងខាង ផ្ទៃមុខ​ខាងស្តាំ ១ កន្លែង។ ចំណែក ជនដៃដល់​ឈ្មោះ ខាន់ ខា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ច្រនៀង​ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត។

លោក លក ​ញ៉ា​វ ស្នងការរង​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ដ​កំពត ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី ៣០ សីហា​ថា ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនបង្ករភ្លាមៗ និង​បាន​កសាង​សំណុំរឿង​ បញ្ជូនទៅ​តុលាការ ​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែសីហា​។

លោក​ ខា​ ដែន​ណា​ អ្នកនាំពាក្យ​អយ្យការ​ អម​សាលាដំបូង​ខេត្ដ​ពត ថ្លែង​នៅ​ល្ងាច​ថ្ងៃទី ៣០ ខែសីហា​​ថា៖ «តំណាង​អយ្យការ​ បាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ​តាម​មាត្រា ២១៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ»។

លោក លក ​ញ៉ា​វ​ បានឱ្យដឹងថា ករ​ណី​ហិង្សា​នេះ​កើតឡើង​នៅពេល​ជនដៃដល់ ​បាន​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​ នៅវេលា​ម៉ោង​ប្រហែល២០ ថ្ងៃទី២៧ សីហា​។

ជន​ដៃដល់ ​បានឃើញ​កុមារ​រងគ្រោះ​ យក​របស់របរ​របស់​​ខ្លួន​​មកលេង និង​ហូបបាយ​ម្ហូប​អស់ មិន​ទុកឱ្យ​ខ្លួន​ក៏​កើត​កំហឹង​យក​ខ្សែភ្លើង​វាយ​ទៅលើ​ក្មេង​រងគ្រោះ​តែម្តង។

លោក​បញ្ជាក់ថា៖«ឪពុកចុង​រូបនេះ បាន​ប្រ​ព្រឹ​ត្ដ អំពើហិង្សា​មកលើ​កូនចុង មិនមែន​ទើបតែ​លើកទីមួយ​ទេ កន្លងមក​ក៏​កើតមានឡើង​ដែរ ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ដូច​លើក​នេះ»។

តាម​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទំងន់ទោស​ ទាក់ទង​ទៅនឹង​ជនរងគ្រោះ​តាម​មាត្រា ២១៩ បាន​ចែងថា ជា​អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល៕