ភ្នំពេញៈ អ្នក​គ្រូ​ពេទ្យ​ អឹុម ស្រី​និ អាយុ​ ២៨ ​ឆ្នាំ ​ដែល​បម្រើការងារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​ស្លាប់បាត់បង់ជីវិត​នៅ​យប់​ថ្ងៃទី២៩ ខែសីហា ក្រោយ​ឆ្លង​វីរុស​កូ​វីដ ​១៩ ​និង​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ នេះបើ​យោងតាម​លិខិត​រំលែក​មរណ​ទុក្ខ​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​។​

​លោកបានសរសេរថា៖ «​មរណភាព​របស់ កញ្ញា អឹុម ស្រី​និ គឺជា​ការបាត់បង់​នូវ​បុគ្គលិក​សុខាភិបាល​មួយរូប ដែល​បាន​លះបង់​កម្លាំងកាយ​-​ចិត្ត ក្នុងការ​រួមចំណែក​ថែទាំ​អ្នកជំងឺ​កូ​វីដ​ ១៩»​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានទេ​នៅ​ថ្ងៃទី ៣០ ខែសីហា​នេះ ប៉ុន្តែ បើតាម​ការចុះផ្សាយ​របស់សារព័ត៌មាន Fresh News បានឱ្យដឹងថា​អ្នកគ្រូ​ពេទ្យ អឹុម ស្រី​និ បាន​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ក្នុងនោះ​ដំបូង​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​​ខ្លាំង គួបផ្សំ​នឹងមាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​ផង ក៏​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​បន្ត នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ ព្រី​មៀម សែន​សុខ បានតែ​រយៈពេល ​២​ ថ្ងៃ អ្នកគ្រូ​ពេទ្យ​រូបនេះ​ ​ក៏​បានទទួលមរណភាព ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ មិន​អាចជួយ​សង្គ្រោះបាន​។

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងឱ្យដឹងថា ខេត្ត​ព្រះសីហនុ បាន​ចាត់ទុក​មរណភាព​របស់​អ្នកគ្រូ​ពេទ្យ​រូបនេះ គឺជា​ការបាត់បង់​មន្ត្រី​ជួរមុខ​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្តថា​៖ «​កញ្ញា អឹុម ស្រី​និ កន្លងមកនេះ បាន​បូជា​កម្លាំងកាយ​ចិត្ត​ក្នុងការ​ព្យាបាល​អ្នក​ជំ​ងឺកូ​វីដ ១៩ នៅក្នុង​ខេត្ត​ព្រះសីហនុ យើង​មានតែ​សម្តែង​មរណទុក្ខ​ចំពោះ​គ្រួសារ​សព​របស់គាត់។ នេះ​គឺ​ការបាត់​ធនធាន​មនុស្ស​មួយរូប​ប្រចាំខេត្ត​ព្រះសីហនុ​»៕