ភ្នំពេញៈ អ្នកសារព័ត៌មាន​ចំនួន​ ២ ​នាក់​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៣០ សីហា ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​ករណី​ថត​ឡាយ​រូបភាព​លំនៅឋាន​បំពាន​លើ​សិទ្ធិ​បុគ្គល នៅ​ចំណុច​ផ្ទះ​លេខ​ ១២០២ ផ្លូវ​ ១០០៧ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ កាលពី​ថ្ងៃទី​ ២៩ សីហា​។

លោក​ ហួរ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ខែសីហា ថា ព្រះរាជអាជ្ញា​បាន​ឱ្យ​លោក​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​ ២ ​រូបនេះ​ ទៅ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងណា លោក​ ថា​មិនដឹង​ពី​មូលហេតុ​ដែល​ជនសង្ស័យ​ទាំង​ ២ ​រូប​ ទៅ​ឡាយ​រូបភាព​លំនៅឋាន បំពាន​លើ​សិទ្ធិ​បុគ្គល​របស់​ប្រជាពលរដ្ឋ​នេះ ដោយសារ​មាន​រឿងរ៉ាវ​អ្វី​នោះទេ​។

លោក​ថ្លែងថា​៖ «​គាត់​ទៅ​ឡាយ ហ្នឹង​គាត់​មិនដឹងថា​ផ្ទះ​ពី​ណា​ពី​ណី ចេះតែ​ឡាយ ប៉ុន្តែ​បើ​គាត់​មាន​វិជ្ជាជីវៈ​គ្រប់គ្រាន់ គាត់​ដឹងខ្លួន​គាត់​ហើយ​។ បើ​គាត់​យល់​ពី​ច្បាប់​គាត់​ដឹង​ហើយ​ថា ធ្វើ​អ្វី​ត្រូវ និង​ធ្វើ​អ្វី​ខុស​នោះ​»​។

លោក​អធិការ​បន្តថា លោក​បាន​ទទួល​ការរាយការណ៍​ពី​ម្ចាស់ផ្ទះ​ពាក់ព័ន្ធ​នឹង​អ្នកសារព័ត៌មាន​ទាំង​ ២ ​រូបនេះ​ទៅ​ឡាយ​ក្នុងផ្ទះ​របស់គេ លោក​ក៏បាន​ស្នើសុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​មក​ចុះ​ធ្វើការ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ទាំង​ ២ ​នាក់​។ ម្ចាស់ផ្ទះ​បាន​អះអាងថា អ្នកសារព័ត៌មាន​ទាំង​ ២ ​រូបនេះ​បាន​ទៅ​ថត និង​ធ្វើការ​ឡាយ​ពេញ​ផ្ទះ​របស់គេ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សិទ្ធិ​របស់​បុគ្គល​។

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​បានឱ្យដឹងថា នៅ​ថ្ងៃទី​ ២៩ ខែ សីហា ឆ្នាំ​ ២០២១ ម៉ោង​ ១៥ និង​ ៣០ ​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់ ១- ​ឈ្មោះ​ ស៊ិន ឡូត ភេទ​ប្រុស អាយុ​ ៣៩ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន​កម្ពុជា​តេជោ​សន្តិភាព​។ ជននេះ​ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង សង្កាត់​ច្រាំងចំរេះ​ ៣ ខណ្ឌឫស្សីកែវ (​គ្មាន​សារធាតុ​ញៀន​)​។ ២- ​ឈ្មោះ​ ប៉ាន់ ផល្លា ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកសារព័ត៌មាន​អាស៊ាន​ TV​។

របាយការណ៍​បន្តថា ជនសង្ស័យ​ទាំង​ ២ ​រូបនេះ​បានធ្វើ​សកម្មភាព​ថតឡាយ​វីដេអូ​ផ្ទះ​របស់​ជនរងគ្រោះ ឈ្មោះ​ ទឹម ស្រីតូច ភេទ​ស្រី អាយុ​ ៣២ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន ស្នាក់នៅ​ផ្ទះជួល​ ១២០២ ផ្លូវ​ ១០០៧ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។ ក្នុង​ការចុះ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ប្រទះឃើញ​សម្ភារ​បន្សល់ទុក ទូរស័ព្ទដៃ​ ១ ​គ្រឿង​ម៉ាក​ VIVO និង​ដងឡាយ​ ១ ​។

លោក​ មាន ចាន់ធី អគ្គនាយក​សារព័ត៌មាន​អាស៊ាន​ TV ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ថា ករណីនេះ លោក​មិនដឹង​នោះទេ ព្រោះ​អ្នកសារព័ត៌មាន​របស់​លោក​រូបនេះ មិន​បាន​ឡាយ​នៅក្នុង​ផេក​របស់​សារព័ត៌មាន​របស់លោក​ឡើយ​។ បុគ្គល​រូបនោះ​បាន​ពាក់​កាត​អង្គភាព​របស់លោក​ទៅ​ឡាយ​នៅក្នុង​ផេក​របស់​គេ​ទេ [​សារព័ត៌មាន​កម្ពុជា​តេជោ​សន្តិភាព​]​។

លោក​ មាន ចាន់ធី បាន​ទាក់ទង​ទៅ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​នេះដែរ ប៉ុន្តែ​លោក ស ថេត បាន​ប្រាប់​ឱ្យ​ទាក់ទង​ទៅ​លោក​ព្រះរាជអាជ្ញា​ផ្ទាល់ ព្រោះ​ករណីនេះ​គ្រាន់តែ​ជា​ករណី​ជេរប្រទេច​កម្លាំង​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​ខ្ញុំ​អត់​ដឹង​ទេ មិនដឹងថា​គាត់​ឡាយ​ទាក់ទង​នឹង​អី​ទេ​។ ក្នុង​ការឡាយ រាល់​ទីតាំង​ទាំងអស់​ត្រូវមាន​ការអនុញ្ញាត​ពី​ខ្ញុំ​។ គាត់​ពាក់​កាត​ខ្ញុំ គាត់​ឡាយ​ឱ្យ​គេ​ [​តេជោ​សន្តិភាព​]​។ ខ្ញុំ​មាន​ផេក​ដែរ ប៉ុន្តែ​គាត់​អត់​ឡាយ​ទេ​។ ប៉ុន្តែ​ប្រហែល​ទីតាំង​នោះ​មាន​ករណី​អ្វី​ម្យ៉ាង​ហើយ បាន​ជា​ប្រភព​រាយការណ៍​មក​ពួកគាត់​ឱ្យ​ចុះទៅ​ឡាយ​បែបនេះ​»​។

ទោះជា​យ៉ាងណា លោក​ថា លោក​បាន​មើល​ការឡាយ​នៅក្នុង​ផេក​កម្ពុជា​តេជោ​សន្តិភាព​ ក្រុម​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ហាមឃាត់​មិនឱ្យ​ឡាយ​បន្ត​។ ប៉ុន្តែ​អ្នកសារព័ត៌មាន​ទាំង​ ២ ​នេះ​មិន​បញ្ឈប់​នោះទេ ហើយ​ស្នើឱ្យ​មាន​ព្រះរាជអាជ្ញា​មុន​នឹង​ធ្វើការ​ឃាត់ខ្លួន និង​បាន​បញ្ឈប់​ការឡាយ ដែល​ធ្វើឱ្យ​មាន​ការប៉ះពារ​ពាក្យសម្តី​មិនល្អ​ដាក់គ្នា​។

លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ សីហាថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​សារព័ត៌មាន​ទាំង​ ២ ​នេះ គឺ​វា​ខុស​ទៅនឹង​ច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​នៃ​អ្នក​សារព័ត៌មាន ព្រោះ​ពួកគាត់​បាន​ចូលទៅ​ថត​ឡាយ​នៅក្នុង​របង​ផ្ទះ​របស់គេ​។

លោក​បន្តថា ដោយ​មើលឃើញ​ពី​សកម្មភាព​បែបនេះ ម្ចាស់ផ្ទះ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ទាំង​ ២ ​រូបនេះ​។ ព្រោះ​វា​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​អ្នកសារព័ត៌មាន ហើយ​ក្រសួង​ក៏​មិន​គាំទ្រ​ឱ្យធ្វើ​សកម្មភាព​បែបនេះ​ដែរ​៕

វីដេអូ៖