បន្ទាយមានជ័យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​សម្រេច​បិទខ្ទប់​ការធ្វើដំណើរ​ចេញ-ចូល​ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​ភូមិ​អូរបីជាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​រយៈពេល ១៤ ​ថ្ងៃ ខណៈ​អាជ្ញាធរខេត្ត-រាជធានី​មួយចំនួន​បាន​បិទ​ផ្សារ និង​វត្ត​ បន្ទាប់ពី​រកឃើញ​មាន​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ​នៅតាម​ទីតាំង​ទាំងនោះ​។

លោក​ អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៩ ខែសីហា បានសម្រេច​បិទខ្ទប់​ការធ្វើដំណើរ​ចេញ-ចូល​ភូមិ​អូរបីជាន់ ឃុំ​អូរបីជាន់​។ ការបិទខ្ទប់​នេះ​មាន​រយៈពេល​ ១៤ ​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២៩ ខែសីហា ដល់​ថ្ងៃទី​ ១១ ​កញ្ញា ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។

ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់​រដ្ឋបាលខេត្ត​បានប្រកាស​ហាមឃាត់​បុគ្គល​គ្រប់រូប​មិន​ឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុង​ករណី​ចាំបាច់​មួយចំនួន​ដូចជា​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ការធ្វើដំណើរ​ដើម្បី​ទៅ​បង្ហាញខ្លួន​ដល់​មន្ត្រី​សុខាភិបាល​យក​សំណាក​ជាដើម​។

ក្នុង​លិខិត​លោក​អភិបាលខេត្ត​សរសេរថា​៖ «​រាល់​ការលើកលែង​បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​រួមមាន ការពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់ នូវ​ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការវាស់កម្តៅ​ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩»​។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ក៏​បាន​ដាក់​បម្រាម​គោចរ ចន្លោះ​ពី​ម៉ោង​ ២០:០០ ដល់​ម៉ោង​ ៥:០០ ​ព្រឹក​ផង​ដែរ ចំពោះ​រាល់​ការធ្វើដំណើរ លើកលែង​ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ឬ​មូលហេតុ​ចាំបាច់ ចំណែក​អាជីវកម្ម​ផ្សេងៗ​ត្រូវ​ផ្អាក​ប្រតិបត្តិការ​នៅ​ចន្លោះ​ម៉ោង​នេះ​ដូចគ្នា​។

ដោយឡែក​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត រដ្ឋបាល​ស្រុក​នេះ​បានសម្រេច​បិទ​ខ្ទប់​ផ្សារ​ទូកមាស​ចំនួន​ ១ ​សប្តាហ៍​ ក្រោយ​មាន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ត្រូវបាន​រកឃើញ​មាន​ជំងឺ​កូវីដ​ ១៩​។

លោក​ មួង នឿន អភិបាលស្រុក​បន្ទាយមាស​ថ្លែង​នៅ​ថ្ងៃទី​ ៣០ សីហា​ថា មន្ត្រី​សុខាភិបាល​បាន​ចុះ​យក​សំណាក​អាជីវករ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ៣០៦ ​នាក់​ក្នុងនោះ​មាន​វិជ្ជមាន​កូវីដ​ ១៦ ​នាក់​។ អ្នកជំងឺ​ទាំងអស់​ត្រូវបាន​នាំយកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជ័យ​។

លោក មួង នឿន បញ្ជាក់ថា ដំបូង​ពលរដ្ឋ​ជា​អាជីវករ​នៅក្នុង​ផ្សារ​កើត​ការមិន​ស្រួលខ្លួន​ក៏បាន​ទិញ​ឧបករណ៍​តេស្ត​រហ័ស​មក​ធ្វើតេស្ត​ដោយ​ខ្លួនឯង ឃើញ​មាន​វិជ្ជមាន​កូវីដ ៧ ​នាក់​ទើប​រាយការណ៍​ទៅ​អាជ្ញាធរ​។

លោក​ថា​៖ «​អាជ្ញាធរ​យើង​ក៏​ទាក់ទង​ខាង​មន្ទីរពេទ្យបង្អែក មក​យក​គាត់​ទៅ​ព្យាបាល ហើយ​ក៏​យើង​ទាក់ទង​ខាង​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ ដើម្បី​មក​យក​សំណាក​បងប្អូន​អាជីវករ​នៅក្នុង​ផ្សារ​ទូកមាស​ហ្នឹង​។ ដោយ​រកឃើញ​ចំនួន​ច្រើន​អ៊ីចឹង​យើង​មាន​គោល​ការណ៍​បិទ​ផ្សារ ១ ​សប្តាហ៍​សិន​»​។

ចំណែក​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ​សីហា អាជ្ញាធរ​ខណ្ឌទួលគោក​បាន​បិទផ្លូវ​លេខ ៣៣៦ ​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមគ ដើម្បី​យក​សំណាក​ពី​អាជីវករ​ផ្សារ​ដើមគ​។ មូលហេតុ​ដោយសារ​មាន​អ្នកជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី​ដែលតា​បាន​ចេញ-ចូលក្នុង​ផ្សារ​។ ក្រោយ​ធ្វើតេស្ត​រហ័ស​ភ្លាមៗ​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ចំនួន ២ ​នាក់​។

ដោយឡែក​អាជ្ញាធរ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ក៏បាន​សម្រេច​ផ្អាក​មិនឱ្យ​មានការ​ចេញ ចូល​ជា​បណ្តោះអាសន្ន​នៅ​ផ្នែក​ខ្លះ​នៃ​វត្ត​គល់​ទទឹង ក្រោយ​រកឃើញ​ព្រះសង្ឃ​ ៦ ​អង្គ​មាន​ជំងឺ​​កូវីដ​ ១៩​។ ក្រុម​អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី​ជាច្រើន​នាក់​កំពុង​ប្រចាំការ​យាមកាម​ការពារ​សន្តិសុខ​នៅ​ទីតាំង​ដែល​ត្រូវ​បិទ ដូចជា​កន្លែង​ដែល​ពលរដ្ឋ​តែង​នាំគ្នា​ទៅ​ហាត់ប្រាណ​លម្ហែកាយ នៅក្នុង​បរិវេណ​វត្ត និង​ទីតាំង​មាន​ការលក់ដូរ​គ្រឿង​ហូបចុក​ផ្សេងៗ​នៅក្នុង​វត្ត​៕