ភ្នំពេញៈ «​រាជរដ្ឋាភិបាល​កម្ពុជា​​សង្គ្រាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​មាត់ជ្រោះ​មរណៈ​កូវីដ​ ១៩» ​គឺជា​សៀវភៅ​ថ្មី​ ១ ​ទៀត​ដែល​ត្រូវបាន​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ ១ ​រូប រៀបរៀង​ឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​​ការស្វះស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ មកចាក់​ជូន​ពលរដ្ឋ និង​ការរិះរក​វិធានការ​នានា​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​ដ៏កាចសាហាវ​នេះ​។

សៀវភៅ​នេះ​មាន​កម្រាស់​ជិត​ ៩០០ ​ទំព័រ​បែងចែក​ជា​ ៦ ​ជំពូក និង​ត្រូវ​បានប្រកាស​ចេញផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ​ ២០២១ ក្នុង​ចំនួន ​៥ ០០០ ​ច្បាប់​។ ​វា​ត្រូវបាន​គេ​ចាត់ទុក​ជា​ឯកសារ​កាលប្បវត្តិ​ថ្មី​ដ៏កម្រ​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ទូទៅ​ទាំង​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​បានដឹង​អំពី​ផលប៉ះពាល់​ដ៏ស្រួចស្រាល់​ដល់​អាយុជីវិត សេដ្ឋកិច្ច និង​សង្គមជាតិ​ដែល​បណ្ដាលមកពី​ជំងឺ​កូវីដ​ ១៩​។

លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា សៀវភៅ​នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដ៏កម្រ​មួយ​ដែល​បាន​ចារទុក​ពី​សកម្មភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការស្វះស្វែង​រក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ គ្រប់​ច្រកល្ហក​យក​មក​ចាក់​ជូន​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ រួមទាំង​ជនបរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។

លោក​បាន​ថ្លែងថា​៖ «​សង្គ្រាម​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ គឺជា​សង្គ្រាម​ដណ្ដើម​ជីវិត​ពលរដ្ឋ​ចេញពី​មាត់ជ្រោះ​មរណៈ​។

ប្រសិនបើ​គ្មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ចាក់​បាន​ទាន់ពេលវេលា​ទេនោះ ហើយ​បើ​សម្តេច​តេជោ មិនមាន​យុទ្ធសាស្ត្រ​ត្រៀមប្រយុទ្ធ ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ​ទុកជាមុន​ទេនោះ​មហន្តរាយ​ដ៏ធំ​អាច​នឹង​កើតមាន​ចំពោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​»​។

បើតាម​លោក ឆាយ សុផល ការសរសេរ និង​រៀបរៀង​ចងក្រង​សៀវភៅ​​នេះ​ឡើង គឺ​លោក​បាន​ចំណាយពេល​តាមដាន អាន​ប្រមូល និង​សន្សំ​ឯកសារ​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ​មាន​សម្រង់​សម្ដី សុន្ទរកថា​គន្លឹះ សេចក្តីសម្រេច សេចក្តីណែនាំ​អំពាវនាវ សេចក្តី​ថ្លែងការណ៍​ពិសេស ប្រកាស និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាច្រើន​ទៀត​ដែល​រួមបញ្ចូល​ទាំង​សារាចរ​ណែនាំ វិធានការ របាយការណ៍ ច្បាប់ អនុក្រឹត្យ គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា​ (SOP) ...​និង​អត្ថបទ​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​ផងដែរ ដើម្បី​ចង​ជា​បណ្តុំ​ឯកសារ​ជំនួយ​ស្មារតី​។

លោក សុផល និយាយ​បែប​កំប្លែង​ថា​៖ «​តាមពិត ទម្រាំ​បាន​សៀវភៅ​មួយ​​ច្បាប់ៗ​គឺ​ហត់​ណាស់ ពេលខ្លះ​ស្ត្រេស ហើយ​យប់​ខ្លះ​ខួរក្បាល Error ដេក​អត់​លក់ ខុសពី​អ្នកលក់​អត់​ដេក​។ បើ​គ្មាន​ការព្យាយាម និង​មិន​អត់ធ្មត់​ទេ នោះ​អំបិល​ជា​គ្នា​»​។

កាន់តែ​លំបាក និង​ប្រយ័ត្នប្រយែង​បំផុត​នោះ​គឺ​ការសរសេរ និង​ការចង​ក្រង​សៀវភៅ​ឯកសារ​ក៏ដូចជា​កំណត់ត្រា​បែប​ប្រវត្តិសាស្ត្រ ដែល​ផ្ទុយ​ពី​សំណេរ​បែប​អក្សរសិល្ប៍ ដូចជា ប្រលោមលោក កំណាព្យ និង​ចម្រៀង​ជាដើម ព្រោះ​បែប​ប្រវត្តិសាស្ត្រ​ទាមទារ​បង្ហាញ​គន្ថនិទ្ទេស ឈ្មោះ និង​​កាលបរិច្ឆេទ​ព្រឹត្តិការណ៍​ឱ្យបាន​ច្បាស់លាស់ ពោល​គឺ​ត្រូវ​ផ្ទៀងផ្ទាត់​ប្រភព​ឱ្យបាន​ត្រឹមត្រូវ​។ នេះ​មិនទាន់​គិតពី​ការប្រើពាក្យ ប្រយោគ ឃ្លាឃ្លោង និង​អក្ខរាវិរុទ្ធ រួមទាំង​រចនា​ទំព័រ​ផង​ទេ​។

អ្នកនិពន្ធ​សៀវភៅ​រូបនេះ​បាន​បន្តថា​៖ «​ខ្ញុំ​ខ្លាច​គេឯង​ពិបាក​រក​ឯកសារ​នៅ​ថ្ងៃក្រោយ​។ ​ហេតុនេះ​ខ្ញុំ​ចេះតែ​អង្គុយ​សំកុក​តាមដាន​ព្រឹត្តិការណ៍ សន្សំ​ឯកសារ​ចារ​ជា​កម្រង​ចងទុក​ក្នុង​សៀវភៅ​មួយ​ទៅ ហើយ​ថ្ងៃក្រោយ បើ​មាន​នរណា​ចង់​រំឭក និង​ចង់ដឹង​ពី​ហេតុការណ៍​នានា​ដែល​កើតមាន​នៅក្នុង​កាល​នៃ​ការរាតត្បាត​មេរោគ​កូវីដ​ ១៩ នោះគេ​នឹង​នឹកឃើញ និង​ដឹងថា តើ​ប្រជាជន​​ និង​ប្រទេសជាតិ​ក៏ដូចជា ពិភពលោក​ទាំងមូល​បាន​ពើបប្រទះ​ក្តី​លំបាក​បែបណា ហើយ​ថ្នាក់ដឹកនាំ​ប្រទេស អាជ្ញាធរ​​គ្រប់លំដាប់​ថ្នាក់ និង​ក្រុមគ្រូពេទ្យ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រឹងប្រែង​របៀប​ម៉េច​នៅ​ចំពោះមុខ​កលិយុគ​ដ៏ធំ​នេះ​»​។

ទោះយ៉ាងណា​សៀវភៅ​នេះ គឺជា​ភាគ​ ១ ​ដែល​ផ្តោតលើ​ព្រឹត្តិការណ៍​ចាប់ពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ មកដល់​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០២១ ​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដល់​កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​ពី​ ១២ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​។

លោក សុផល បាន​ថ្លែងថា ការកើតចេញ​ជា​រូបរាង​នៃ​សៀវភៅ​នេះ​ឡើង​ក៏​​ ដោយសារ​មាន​ការជួយ​គាំទ្រ​ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​ និង​អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ផង​ដែរ ហើយ​ថា​សៀវភៅ​នេះ​នឹង​ចែកជូន​ដល់​បណ្ណាល័យ​ជាតិ និង​បណ្ណាល័យ​សាកល​នៃ​វិទ្យាល័យ​នានា​នៅ​ទូទាំងប្រទេស និង​មាន​ដាក់លក់​តាម​បណ្ណាគារ​មួយចំនួន​ផងដែរ​ក្នុងតម្លៃ​ ១៤ ​ដុល្លារ​ក្នុង​ ១ ​ក្បាល​។

លោក​បាន​បន្តថា ពេលនេះ​លោក​កំពុង​សរសេរ​សៀវភៅ​ភាគ​ ២ ​ដែល​បន្ត​ចាប់ពី​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ​ ២០២១ ដែល​គិត​មកទល់​ចុងខែ​សីហា​នេះ​គឺ​បានសម្រេច​ជាង​ ១០០ ​ទំព័រ​ហើយ​។

ទន្ទឹមនឹងនេះ លោក សុផល ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​យុវវ័យ និង​យុវជន​ត្រូវ​ឆ្លៀតពេល​អាន​សៀវភៅ​ឱ្យបាន​ច្រើន តែ​ត្រូវ​ចងចាំ​ថា​ «​សៀវភៅ​ល្អ​មិន​អាស្រ័យ​លើ​គម្រប​មុខក្រោយ​» ​នោះទេ​។ ​

ម្យ៉ាងទៀត​​សូម​ឪពុកម្តាយ និង​អាណាព្យាបាល​គួររៀបចំ​បណ្ណាល័យ​តូច​មួយ​នៅផ្ទះ​សម្រាប់​គ្រួសារ ហើយ​ឧស្សាហ៍​ទិញ​សៀវភៅ​ឱ្យ​កូន​អាន និង​ជំរុញ​កូនៗ​ឱ្យ​ប្រឹង​រៀនសូត្រ​ផង ព្រោះ​អាន​ច្រើន​កើន​ពុទ្ធិ គំនិត​កាន់តែ​ទូលាយ ការវិភាគ​កាន់តែ​ស៊ីជម្រៅ ហើយ​ការសម្រេច​ចិត្តបាន​កាន់តែ​ត្រឹមត្រូវ​។ ទោះ​យ៉ាងណា ក្នុងខណៈ​ពេលនេះ «​សូមកុំ​ភ្លេច​ ៣ កុំ ៣ ការពារ​”៕