ភ្នំពេញៈ វ៉ាក់សាំង​ស៊ី​ណូ​វ៉ាក់ ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន ២ លាន​ដូ​សទៀត ត្រូវ​បាន​ដឹក​មកដល់​​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែសីហា​នេះ ហើយ​រាជរដ្ឋាភិបាល​ ក៏បាន​បញ្ជា​ទិញ​បន្ថែមទៀត​ ពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ាក់​នូវវ៉ាក់​សាំង​ចំនួន៥លាន​ដូ​ស​ដែល​នឹង​​ដឹក​មកដល់​នៅ​ខែកញ្ញា​។ នេះ​បើតាម​ ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

លោកស្រី​បាន​ថ្លែង​នៅពេល​ចុះទៅ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ាក់ ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា សរុបមក​ដល់ពេលនេះ​ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ សរុប​ទាំង​ជំនួយ​និង​ការបញ្ជាទិញ គឺមាន​ចំនួន​ជាង ២៧ លាន​ដូ​ស​ហើយ។

លោកស្រី យក់ សម្បត្តិ បាន​ថ្លែងថា៖ «វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ ចំនួន ២ លាន​ដូ​ស​នេះ ​គឺ​សម្រាប់​ផ្តល់ជូន​ទៅតាម​គោលដៅ​ផែនការ​ចាក់​ដូ​ស​ទី៣ ឬ​ដូ​ស​ជំរុញ​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​គោលនយោបាយ​ចាក់​វ៉ាក់សាំង​របស់​យើង​ដែល​ដាក់​ដោយ​សម្តេច​តេ​ជោ»។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏ដូចជា​ក្រសួងសុខាភិបាល ​មិនទាន់មាន​ផែនការ​ណាមួយ​នៅឡើយ​ទេ​សម្រាប់​ការចាក់​វ៉ាក់សាំង​ទៅដល់​ក្រុមមនុស្ស​អាយុ​ពី ១២ ឆ្នាំ​ចុះក្រោម​ ដោយសារ ក្រុម​គណៈកម្មការ​ជំនាញ​កំពុងតែធ្វើការ​សិក្សា​ជាមួយនឹង​អង្គការ​ដៃគូ និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ផងដែរ៕