ភ្នំពេញៈ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស និង​បញ្ជា​ឱ្យ​ពន្លឿន​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​គ្រប់​រាជធានី-ខេត្ត​មកដល់​ពេលនេះ​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​ចំនួន​ជាង​ ៩ ​លាន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​នេះ និង​ខេត្ត​ខ្លះ​បាន​កំពុងតែ​ឈាន​រក​ការបិទបញ្ចប់​ការចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​ជាតិ​នេះ​ផងដែរ​។

ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅក្នុង​ខេត្តពោធិ៍សាត់​អាច​នឹង​ឈានទៅដល់​ការបិទបញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែសីហា​នេះ ដោយសារ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​អាច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​បាន​មក​ទទួល​ការចាក់​វ៉ាក់សាំង​គ្រប់គ្នា​ហើយ​ទាំង​អ្នក​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង និង​ក្រុមមនុស្ស​អាយុ​ ១២ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​។

លោក អ៊ឹង គឹមលាង អភិបាលរង​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែសីហា​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទូទាំង​ខេត្ត​ទទួល​បាន​លទ្ធផល​ ៩០ ​ទៅជិត​ ១០០% ​ហើយ ហើយ​ខេត្ត​នឹង​បន្ត​ការចាក់​ទៅដល់​ប្រជាពលរដ្ឋ និង​ជនចំណាកស្រុក​នៅតាម​សហគមន៍​បន្តទៀត​សម្រាប់​អ្នក​ដែល​មិនបាន​ចាក់​សោះ​។

លោក​បាន​ប្រាប់ថា​៖ «​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​សរុប​មាន​ជាង​ ២៧ ​ម៉ឺន​នាក់ ហើយ​ក្រុម​អាយុ​ពី​ ១២ ​ដល់​ក្រោម​ ១៨ ​ឆ្នាំមាន​ចំនួន​ជាង​ ៧ ​ម៉ឺន​នាក់ ក៏បាន​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​ផងដែរ​»​។

លោក អ៊ឹង គឹមលាង បាន​បន្ថែមថា រដ្ឋបាលខេត្ត​ក៏បាន​រៀបចំ​ត្រៀម​វ៉ាក់សាំង​ចាក់​នៅតាម​បណ្តា​មណ្ឌល​សុខភាព​ទូទាំង​ ៤៩ ​ឃុំ-សង្កាត់​សម្រាប់​ផ្តល់ជូន​អ្នក​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ផងដែរ បើទោះបីជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នឹង​ប្រកាស​បិទ​នៅ​ចុងខែ​សីហា​នេះ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​មាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​នេះ ហើយ​ពួកគាត់​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​នឹង​អាជ្ញាធរ ដែល​ធ្វើឱ្យ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​យើង​ទទួលបាន​ជោគជ័យ និង​ឈានដល់​ការបញ្ចប់​បាន​យ៉ាង​លឿន​ដូចនេះ​»​។

ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តពោធិ៍សាត់​​ទាំងអស់​មាន​ចំនួន​ប្រមាណ​ ៥០ ​ម៉ឺន​នាក់ ហើយ​អ្នក​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​អាច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​មានតែ​ជាង​ ២៩ ​ម៉ឺន​នាក់​។ ​ចំណែក​ខេត្តកំពង់ឆ្នាំង ដំណើរ​ការចាក់​វ៉ាក់សាំង​ក៏​កំពុងតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​ផងដែរ ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​បណ្តា​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ទទួល​ចាក់​វ៉ាក់សាំង​នេះ​។

លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែសីហា ថា ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ឡើងទៅ ចំនួន​ជាង​ ២១ ​ម៉ឺន​នាក់ ឬ​ស្មើនឹង​ ៥៨,៣២% បានទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ចូលរួម​ច្រើន​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​បានរៀបចំ​ការចាក់​វ៉ាក់សាំង​នេះ​ដែល ១ ​ថ្ងៃ​យើង​អាច​ចាក់​បាន​ជាង​ ១ ​ម៉ឺន​នាក់​នៅ​ទូទាំង​ខេត្ត​។ ពួកគាត់​សប្បាយរីករាយ​ក្នុង​ការទទួល​យក​ការចាក់​វ៉ាក់សាំង​សម្រាប់​ការពារ​ពី​ការឆ្លង​នៃ​មេរោគ​កូវីដ​ ១៩ ​នេះ​»​។

លោក អម សុភា បាន​ថ្លែងថា នឹងធ្វើការ​ខិតខំ​ដោយ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បញ្ចប់​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ចុងខែ​តុលា​ ឬ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ​។

លោក ហ៊ុន សែន កាលពី​សប្តាហ៍មុន​បានធ្វើ​ការបញ្ជា និង​បាន​ព្រមាន​ទៅដល់​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ដែលមាន​ការយឺតយ៉ាវ​ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ ដោយ​ធ្វើការ​ពន្លឿន​នូវ​ការចាក់​វ៉ាក់សាំង​ និង​ត្រូវយក​ការប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ជា​ការងារ​អាទិភាព​ទី​ ១ ​ដែល​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ-១៩​នេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​មក​ចូលរួម​ចាក់​ដែល​នេះ​ជា​យុទ្ធនាការ​ជាតិ និង​ស្រប​ពេលដែល​កម្ពុជា​កំពុងតែ​ទទួលរង​នូវ​ការវាយលុក​ពី​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​ ២៩ ខែសីហា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​សរុប​ចំនួន​ជាង​ ៩ ​លាន​នាក់​ ឬ​ស្មើនឹង​ ៩០,៩២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​។

ក្រសួង​ថា សម្រាប់​ក្រុមមនុស្ស​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ​មាន​ចំនួន​ជាង​ ១,៤ ​លាន​នាក់ ឬ​ស្មើនឹង​ ៧៤,៧៨% បាន​ចាក់​វ៉ាក់សាំង​ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​៕