បាត់ដំបងៈ ​នគរបាល​ស្រុក​មោងឫស្សី​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ ៣០ ​សីហា បន្ទាប់ពី​ឃាត់ខ្លួន​ករណី​រំលោភ​កូនស្រី​ចុង ប្រព្រឹត្ត​នៅ​ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ពីថ្ងៃ​ទី​ ២៧ សីហា​។

លោក ស គឹមឡុង អធិការនគរបាល​ស្រុក​មោងឫស្សី​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ​សីហា​ថា ជនសង្ស័យ​ឈ្មោះ វ៉ាង សីហៈ អាយុ​ ២៧ ​ឆ្នាំ រីឯ​កូនស្រី​ចុង​ឈ្មោះ ន.ធ មាន​អាយុ​ ១៣ ​ឆ្នាំ​។ ​ពួកគេ​រស់នៅ​ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ចំពោះ​ជនសង្ស័យ​គឺ​លោក​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​ ៣០ ​សីហា​នេះ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលា​ដំបូង​ខេត្តបាត់ដំបង​។

លោក​ថា​៖ «​ជនសង្ស័យ​បាន​សារភាពថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​។ ​ដូច្នេះ​យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ក្នុង​រឿងនេះ​»​។

លោក អោក សុភ័ក្ត្រ នាយនគរបាល​ប៉ុស្តិ៍​ឃុំ​មោង ស្រុក​មោងឫស្សី​បានឱ្យដឹង​តាម​សម្តី​ស្ត្រី​ម្តាយ​ក្មេងរងគ្រោះ​ថា គាត់​​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង និង​ជា​ស្ត្រី​មេម៉ាយ​មាន​​តែ​កូនស្រី​ជា​ជនរងគ្រោះ​ម្នាក់​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ក្រោយមក​បាន​ឈ្មោះ វ៉ាង សីហៈ ដែល​មាន​ស្រុកកំណើត​នៅ​ឃុំ​មោង ស្រុក​មោងឫស្សី​ជា​ប្ដី​ចុង និង​បាន​​មក​រស់នៅ​ខាង​ប្ដី​។

លោក​បន្តថា ដោយសារ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​ត្រូវ​ទៅ​​ធ្វើជា​កម្មករ​នៅ​ភ្នំពេញ​យូរថ្ងៃ​​គាត់​ក៏បាន​ផ្ញើ​កូនស្រី​នឹង​ស្ត្រីចំណាស់​ម្នាក់​ដែល​ត្រូវជា​ម្តាយធម៌​ក្នុង​ភូមិ ដោយ​មិន​ហ៊ាន​ឱ្យនៅ​ផ្ទះ​ជាមួយ​ប្ដី​ចុង​ទេ ។

លោក សុភ័ក្ត្រ បន្ត​ថា ហេតុការណ៍​ចាប់រំលោភ​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​ ២៧ សីហា​មក​ម្ល៉េះ ខណៈ​ជនសង្ស័យ​បាន​មក​យក​ក្មេងស្រី​រងគ្រោះ​ទៅលេង​នៅផ្ទះ​របស់ខ្លួន​។ ​ពេល​​រំលោភ​រួច ជនសង្ស័យ​បាន​គំរាម​​មិន​ឱ្យ​នាង​ប្រាប់​នរណា​ទេ ហើយ​បើ​រឿងនេះ​បែកការណ៍ គេ​នឹង​សម្លាប់​នាង​ចោល​។

លោក​ថា​៖ «​ក៏ប៉ុន្តែ​ក្មេងស្រី​នោះ​និយាយ​ប្រាប់​យាយធម៌​នាង​ពី​បញ្ហា​នេះ​ទើប​យាយធម៌​ក៏​ទូរស័ព្ទ​ទៅ​ម្តាយ​ក្មេង​នៅ​ភ្នំពេញ​»​។

បើតាម​លោក សុភ័ក្ត្រ បន្ទាប់ពី​ម្តាយ​ក្មេងស្រី​ដឹង​រឿងនេះ​ភ្លាម​ក៏​ជិះ​រថយន្ត​មក​ដាក់​ពាក្យប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​របស់លោក​នៅ​ថ្ងៃ​ ២៩ សីហា ហើយ​​សមត្ថកិច្ច​ក៏​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ល្ងាច​ថ្ងៃ​ដដែល​តែម្តង​។ ​ករណីនេះ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ក៏​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ ៣០ សីហា​​ជាមួយ​ក្មេងរងគ្រោះ​ដែរ ដើម្បី​បំភ្លឺ​បន្ថែម​ពាក់ព័ន្ធ​ករណីនេះ​។

លោក ប៊ន់ វណ្ណារ៉ា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣០ ​សីហា​ថា លោក​បាន​​ទទួល​របាយការណ៍​បទល្មើស​នេះហើយ ដោយ​លោក​កំពុង​ចាត់ការ​តាម​នីតិវិធី​។

លោក​ថ្លែងថា​៖ «​ជា​នីតិវិធី​រាល់​សំណុំរឿង​ពី​ស្រុក​មក​ត្រូវ​ចូលមក​ការិយាល័យ​ជំនាញ ហើយ​យើង​ពិនិត្យ​បន្ថែម​ទើប​បញ្ជូន​ទៅកាន់​តុលាការ​»៕