ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វិទ្យាស្ថាន​ជាតិ​អប់រំ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផុ​ស្ការ ឌីជីថល ឯ.ក (Poscar Digital) នៅ​ថ្ងៃទី ៣១ ខែសីហា​នេះ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​សាលារៀន​ឌីជីថល «Wiki School» ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​សាលា ការរៀន និង​ការបង្រៀន​តាមបែប​ឌីជីថល។

ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ នូវ​កម្មវិធី​គ្រប់គ្រង​សាលារៀន​ឌីជីថល «Wiki School» នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ថ្នាក់ដឹកនាំ ក្រុមហ៊ុន​ផុ​ស្ការ ឌីជីថល ឯ.ក រួម​នឹង​មន្ដ្រី​មកពី​ក្រសួង​អប់រំ និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​សរុប​ប្រមាណ ១៤១ នាក់​ទៀត តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ។

លោក ហង់​ជួន ណា​រ៉ុ​ន ថ្លែង​ថា​ កិច្ចសហការ​រវាង ក្រុមហ៊ុន​ផុ​ស្ការ ឌីជីថល ជាមួយ​ក្រសួង​អប់រំ​នេះ គឺ​មិនមែនជា​លើកទីមួយ​ទេ គឺ​បាន​សហការគ្នា​តាំងពី​ឆ្នាំ ២០១៨ និង​កំពុង​បន្ត​កិច្ច​សហការគ្នា​ក្នុងពេល​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នេះ​ផងដែរ ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ឯកសារ​ឌីជីថល​ជាច្រើន​ ដើម្បី​អាចឱ្យ​សិស្ស​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា៖ «ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​សាលា​ឌីជីថល​នេះ គឺ​ជួយ​ពង្រឹង មិន​ត្រឹមតែ​ការ​សិក្សា​​របស់​សិស្ស​ទេ ប៉ុន្ដែ​ក៏​ជួយ​ពង្រឹង​នូវ​ការគ្រប់គ្រង​សាលារៀន ធ្វើឱ្យ​គ្រឹះស្ថានសិក្សា មាន​គណនេយ្យភាព ចំពោះ​សិស្ស និង​មាតាបិតា ធ្វើឱ្យ​គ្រូ​មាន​គណនេយ្យភាព​ចំពោះ​គណៈ​គ្រប់គ្រង ក៏​ដូ​ជា​ចំពោះ​សិស្ស និង​មាតាបិតា​ផងដែរ»។

លោក ង​ន់ ម័​រ សហ​ស្ថាបនិក​ក្រុមហ៊ុន Poscar Digital បានឱ្យដឹងថា «Wiki School» ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមបច្ចេកទេស សុទ្ធតែជា​បញ្ញា​វ័​ន្ត​ខ្មែរ ដែលមាន​បទពិសោធ​ជិត ២០ ឆ្នាំ​ក្នុង​វិស័យ​អប់រំ និង​ផ្នែក​បច្ចេកវិទ្យា​ទំនើប ហើយ គោលបំណង​នៃ​ការបង្កើត ប្រព័ន្ធ​នេះ​ឡើង គឺ​ជួយ​ដល់​សាលារៀន​ឱ្យ​គ្រប់គ្រង​របាយការណ៍​ផ្សេងៗបាន​ឆាប់រ​ហ័យ កាត់បន្ថយ​ការបោះពុម្ព​របាយការណ៍ សេចក្តីជូនដំណឹង ដោយ​មាន​ជំនួយ​ពី Mobile App Wiki School។

លោក​បានឱ្យដឹងថា ក្រុមហ៊ុន ផុ​ស្ការ ឌីជីថល តាមរយៈ​កិច្ចសហការ​គ្នា​នេះ ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ការប្រើប្រាស់ និង​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​ឌីជីថល Wiki School Standard Edition (Annex 1) រយៈពេល ៧ ឆ្នាំ និង​ម៉ាស៊ីន​វត្តមាន​ឌីជីថល ចំនួន ៤ គ្រឿង ដល់​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​មិន​គិតថ្លៃ។

ការផ្ដល់​ឧបត្ថម្ភ​នេះ ក្នុង​គោលបំណង​លើកកម្ពស់ អភិបាលកិច្ច និង​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ជាពិសេស គឺ​ការរួមចំណែក​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល៕