The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ស៊ុន ចាន់ថុល៖ ​កម្ពុជា​មិន​រើសអើង ប្រភព​ថវិកា​​ដែល​ផ្តល់ឱ្យ​សម្រាប់​អភិវឌ្ឍ​វិស័យ​សាធារណការ​នោះទេ




លោក​ ស៊ុន ចាន់ថុល៖ ​កម្ពុជា​មិន​រើសអើង ប្រភព​ថវិកា​​ដែល​ផ្តល់ឱ្យ​សម្រាប់​អភិវឌ្ឍ​វិស័យ​សាធារណការ​នោះទេ

Content image - Phnom Penh Post
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​។ រូបថត ក្រសួង

លោក​ ស៊ុន ចាន់ថុល៖ ​កម្ពុជា​មិន​រើសអើង ប្រភព​ថវិកា​​ដែល​ផ្តល់ឱ្យ​សម្រាប់​អភិវឌ្ឍ​វិស័យ​សាធារណការ​នោះទេ

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ចូន​បាន​លើកឡើងថា កម្ពុជា​មិន​រើសអើង​ប្រភព​ថវិកា​ដែល​ផ្តល់ឱ្យ​ក្នុងការ​អភិវឌ្ឍ​វិស័យ​សាធារណការ​នោះទេ ខណៈ​ដែល​ប្រទេស​ចិន​នៅតែ​ឈរ​ក្នុង​លំដាប់​លេខ​ ១ ក្នុង​ការផ្តល់​ប្រាក់កម្ចី និង​ជំនួយ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​។

ឆ្លើយតប​ទៅនឹង​សំនួរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​កម្មវិធី MPWT LIVE SHOW នា​ថ្ងៃទី​ ៣០ ​សីហា ២០២១ ​លោក ស៊ុន ចាន់ថុល បានឱ្យ​ដឹងថា ប្រទេស​ចិន គឺជា​ប្រទេស​លំដាប់​ទី​ ១ ដែល​បានផ្តល់​ប្រាក់កម្ចី​ជិត ៣ ​ពាន់​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដល់​កម្ពុជា​។ កម្ចី និង​ជំនួយ​ទាំងនេះ កម្ពុជា មិនអាច​ខ្វះ​បាន និង​មិនអាច​ពន្យារពេល​ទទួល​បាន​នោះទេ ព្រោះ​កម្ពុជា​ត្រូវការ​ការអភិវឌ្ឍ​។

បើទោះជា​ទំហំ​នៃ​ការទទួល​កម្ចី និង​ជំនួយ​ពី​ចិន​មាន​ទំហំ​ធំ​យ៉ាងណាក្តី ក៏​លោក​ ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា កម្ពុជា​មិន​រើសអើង​ប្រភព​ថវិកា ដែល​ប្រទេស និង​ដៃគូ​អភិវឌ្ឍន៍​ចង់​ផ្តល់​ឱ្យ​កម្ពុជា​នោះទេ ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​អភិវឌ្ឍ និង​កសាង​ប្រទេស​ឱ្យ​រីកចម្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​មិត្ត​ណា​ចង់​ជួយ​យើង​នឹង​ទទួល មិនដែល​បដិសេធថា យើងខ្ញុំ​មិន​ត្រូវការ​ថវិកា​របស់​ប្រទេស​នេះ​របស់​ប្រទេស​នោះឡើយ​។ សុំ​ជម្រាប​ឱ្យ​ច្បាស់ ដោយសារ​មានការ​លើកឡើង​ចោទថា ហេតុដូចម្តេច​បាន​កម្ពុជា​ពឹងពាក់​លើ​ចិន​ច្រើន​ម្ល៉េះ​?»​។

ជាមួយ​នឹង​ការបកស្រាយ​បែបនេះ លោក ស៊ុន ចាន់ថុល បាន​និយាយទៀតថា ចំពោះ​ប្រាក់កម្ចី និង​ជំនួយ​ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា ទាន់ពេលវេលា ដើម្បី​មក​កសាង​ផ្លូវ​ស្ពាន នោះ​កម្ពុជា​នឹង​ទទួល​ដោយ​មិន​រង់ចាំ​នោះទេ ខណៈ​កម្ចី និង​ជំនួយ​ពី​ប្រទេស​ខ្លះ ត្រូវការ​ការសិក្សា​ច្រើន​ឆ្នាំ ដែល​កម្ពុជា​មិន​អាច​រង់ចាំ​បាន​នោះឡើយ​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​រង់ចាំ​ ៥ ​ឆ្នាំ ទើបបាន​ថវិកា​ប្រាក់កម្ចី​មក​កសាង​ផ្លូវ ឬ​ស្ពាន យើង​ខាតបង់​ច្រើនណាស់​។ ខាតបង់​ពី​ចំណូល​ពី​ការកសាង​ផ្លូវ និង​ស្ពាន ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​យើង​មាន​ការរីកចម្រើន​លឿន​។ ដូច្នេះ យើង​មិនដែល​បដិសេធ​ប្រាក់កម្ចី​ទេ មកពី​ប្រភព​ណា ក៏​យើង​ទទួល​ដែរ​»​។

ក្រៅពី​ប្រទេស​ចិន ដែល​ឈរលើ​លំដាប់​លេខ ១ ប្រទេស​ជប៉ុន គឺ​ឈរ​ក្នុង​លំដាប់​លេខ​ ២ ក្នុង​ការផ្តល់​កម្ចី និង​ជំនួយ​ដល់​កម្ពុជា ហើយ​ប្រទេស​កូរ៉េខាងត្បូង គឺ​ឈរ​ក្នុង​លំដាប់​លេខ​ ៣​។ ក្រៅពីនោះ​ក៏​មាន​ដៃគូ​អភិវឌ្ឍន៍​ចំនួន ២ គឺ​ធនាគារពិភពលោក និង​ធនាគា​អភិវឌ្ឍន៍អាស៊ី ក៏បាន​ចូលរួម​ជួយ​កម្ពុជា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ផងដែរ​។ នេះ​បើតាម​លោក​ ស៊ុន ចាន់ថុល​។

លោក គង់ សុវណ្ណ ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​លើកឡើងថា ជា​ការពិត​ប្រទេស​កម្ពុជា​ត្រូវការ​ដៃគូ​ជួយ​ជ្រោមជ្រែង​ក្នុង​ការអភិវឌ្ឍ​ប្រទេស ជាពិសេស​គឺ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។ លោក​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ គឺជា​សរសៃឈាម​ប្រទេសជាតិ ហើយ​ផ្លូវ​កាន់តែ​សម្បូរបែប​នឹង​កាន់តែ​ធ្វើឱ្យ​ប្រទេស​រីកចម្រើន តាមរយៈ​ផលចំណេញ​នៃ​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។

ដូច្នេះ​លោក​ចង់ឃើញ​ប្រទេស​ផ្តល់​កម្ចី ឬ​ដៃគូ​អភិវឌ្ឍន៍​ទាំងនោះ គួរ​ពិចារណា​ដោយ​ធ្វើ​យ៉ាងណា​បង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់ប្រាក់​កម្ចី​ ឬ​ជំនួយ​ទាំងនេះ​បាន​រហ័ស ដើម្បី​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍ ដូចជា​កម្ពុជា​ជាដើម​។

លោកបាន​និយាយ​ថា​៖ «​យើង​គួរតែ​ពិភាក្សា​ធ្វើ​ម៉េច​ឱ្យបាន​រលូន​ទាំងអស់​គ្នា ទាំង​កម្ពុជា និង​ប្រទេស​ផ្តល់​កម្ចី ឬ​ដៃគូ​អភិវឌ្ឍន៍​ព្រោះថា នេះ​គឺជា​យន្តការ​ក្នុង​ការជួយ​ដល់​ប្រទេស​ក្នុង​ការអភិវឌ្ឍ ហើយ​កម្ពុជា​ត្រូវការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​សរសៃឈាម​សេដ្ឋកិច្ច​នេះ​ដើរទៅ​ដោយ​រលូន​»៕

អត្ថបទគួរចាប់អារម្មណ៍