ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​សាងសង់​អគារ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល កម្ពស់ ១ ​ជាន់​ទំហំ​ ៣៣ ​ម៉ែត្រ​គុណ​ ៩០ ​ម៉ែត្រ ដែល​អាចដាក់​គ្រែ​ព្យាបាល​បាន​ចំនួន​ ៣៥៦ ​គ្រែ ស្ថិតនៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​បច្ចុប្បន្ន ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ភាគច្រើន​ត្រូវបាន​ជួល​ពី​វិស័យ​ឯកជន​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៣០ សីហា​ថា អគារ​នេះ មាន​ឈ្មោះថា «​អគារ​តេជោ​ព្យាបាល​ជំងឺ​កូវីដ​ ១៩» ខេត្ត​ព្រះសីហនុ​។ តាម​គម្រោង ការសាងសង់​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧០ ​ម៉ឺន​ដុល្លារ​អាមេរិក ​ដែលជា​ថវិកា​ចូលរួម​ពី​សប្បុរសជន​។

លោក​បានឱ្យដឹងថា អគារ​ព្យាបាល​នេះ​អាចដាក់​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ​កម្រិត​ស្រាល​បាន​ចំនួន​ ៣៥៦ ​គ្រែ​ (​គ្រែ​ ១ ​ជាន់​) ឬ​អាចដាក់​បាន​ចំនួន​ ៧១២ ​គ្រែ​ប្រសិន​ប្រើ​គ្រែ ២ ​ជាន់​។

លោក​ថ្លែងថា​៖ «​ការសាងសង់​អគារ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​នេះ គឺ​យើង​បាននិងកំពុង​ដំណើរការ​ហើយ​។ បច្ចុប្បន្ន​នៅក្នុង​ខេត្ដ​របស់​យើង​មាន​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ចំនួន ៥ ទីតាំង ប៉ុន្ដែ​ភាគច្រើន​ជាទី​តាំង​ដែល​យើង​ជួល​ពី​វិស័យ​ឯកជន ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ហើយ ទើប​យើង​សាងសង់​អគារ មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ខ្លួន​យើង​។ ព្រោះ​បើតាម​ការព្យាករ​ជំងឺ​កូវីដ​ ១៩ មិនអាច​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ ដូច្នេះ​យើង​ត្រូវមាន​អគារ​ព្យាបាល​ដោយ​ខ្លួនឯង ដើម្បី​ធានា​និរន្តរភាព​នៃ​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ខេត្ដ​ព្រះសីហនុ​»​។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​គម្រោង​សាងសង់​អគារ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នេះ​គឺ​ធ្វើ​ពី​គ្រឹះ​សសរ បេតុង ដំបូល​ប្រក់​ស័ង្កសី នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

តាម​ការបញ្ជាក់​របស់​ក្រុមការងារ​ជំនាញ​គម្រោង​សាងសង់​អគារ​នេះ​នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល ៣ ​ខែ​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​នៅ​ថ្ងៃទី​ ៣០ ខែសីហា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​ក្រុមគ្រួសារ ដែល​បាន​ចូលរួមចំណែក​ផ្តល់​ថវិកា​ចំនួន ១០ ​ម៉ឺន ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ ព្យាបាល​ជំងឺ​កូវីដ​ ១៩ នេះ​។

ក្រៅពីនេះ​រដ្ឋបាលខេត្ត​ក៏បាន​ថ្លែងអំណរគុណ​លោក​ ទៀ វិចិត្រ និង​ក្រុមគ្រួសារ ដែល​បាន​ចូលរួម​ថវិកា​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ​អាមេរិក​។ លោក លី គួង និង​ក្រុមគ្រួសារ​បាន​ចូលរួម​ថវិកា​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ និង​លោក លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ជីបម៉ុង និង​ក្រុមគ្រួសារ​បាន​ចូល​ផ្តល់នូវ​ដែក​ ១៦ ​លី ចំនួន ១៤,៦៥ ​តោន និង​ដែក​ ១២ ​លី ចំនួន​ ៤,៩២ ​តោន ដើម្បី​សាងសង់​អគារ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ នេះ​ផងដែរ​៕