សៀមរាបៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ (ACCB) ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប គ្រោង​នឹង​លែង​សត្វ​ត្រដក់​តូច​ចំនួន​ ៦ ​ក្បាល​បន្ថែមទៀត ចូលទៅក្នុង​ដែនជម្រក​ធម្មជាតិ​វិញ ក្រោយពី​ត្រូវបាន​ជួយសង្គ្រោះ និង​ស្តារនីតិសម្បទា​។

លោកស្រី Christel Griffioen នាយិកា​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា សត្វ​ត្រដក់​តូច​ទាំង​ ៦ ​ក្បាល​នេះ សមស្រប​នឹង​ការទៅ​រស់នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​វិញ​ក្រោយពី​ការធ្វើ​ស្តារនីតិសម្បទា​។

លោកស្រី​លើកឡើង​ថា​៖ «​សត្វស្លាប​ទាំងនោះ​បាន​យកមក ACCB តាមរយៈ​កម្មវិធី​ជួយ​សង្គ្រោះ និង​ស្តារនីតិសម្បទា​របស់​យើង ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិរក្ស​របស់​យើង និង​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​»​។

លោកស្រី Christel Griffioen បាន​បន្ថែមថា សត្វ​ត្រដក់​តូច​ទាំង​នោះ​បាន​មកដល់ ACCB ដោយសារ​ពួកវា​មាន​សភាព​ទន់ខ្សោយ ឬ​មាន​របួស ហើយ​មួយចំនួនទៀត គឺជា​សត្វ​ដែល​បាន​រឹបអូស​ដោយ​ក្រសួង បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​។ សត្វ​ត្រដក់​តូច​ទាំង​ ៦ ​ក្បាល​នោះ​នឹង​ត្រូវ​លែង​នៅ​ចន្លោះពេល​បច្ចុប្បន្ន​រហូត​ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០២១ នេះ​ដែល​អាស្រ័យ​ទៅលើ​ភាពសមស្រប​នៃ​ទីតាំង​ដែល​បានជ្រើសរើស​សម្រាប់​លែង និង​ការរឹតត្បិត​នៃ​ការធ្វើដំណើរ​ ដោយសារ​កូវីដ​ ១៩​។

សត្វ​ត្រដក់​តូច​គឺជា​ប្រភេទ​សត្វ​ដែល​ងាយ​រងគ្រោះ​ (Vulnerable) ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ ដើម្បី​អភិរក្ស​ធម្មជាតិ (ICUN)​។ យោងតាម ICUN ចំនួន​សត្វ​ត្រដក់​តូច​ពេញវ័យ​មាន​ចំនួន​ប្រមាណ​ពី ៥ ៥០០ ក្បាល​ទៅ​ ១ ​ម៉ឺន​ក្បាល​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក​។

លោកស្រី Christel Griffioen បញ្ជាក់ថា មជ្ឈមណ្ឌល​មានបំណង​ដោះលែង​សត្វ​ទាំងនោះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​ត្រូវ​លែង​ពួកវា​នៅ​រដូវវស្សា​នៅពេល​ដែលមាន​អាហារ​ច្រើន​សម្រាប់​ពួកវា​នៅ​តំបន់ដីសើម​ដែល​បើកចំហ និង​មានព្រៃ​ការពារ​។

កាលពី​ឆ្នាំ​ ២០២០ ACCB បាន​លែង​សត្វ​ចំនួន​ ៨០ ​ក្បាល​ទៅកាន់​ដែន​ជម្រក​ធម្មជាតិ​វិញ ដែល​ក្នុងនោះ​មាន​ ៤ ​ក្បាល​ជា​សត្វ​ត្រដក់​តូច​។ នៅក្នុង​ឆ្នាំ ២០២១ ACCB បាន​លែង​សត្វ​ចំនួន​ ៤៣ ​ក្បាល​គិត​មកដល់​ពេល​នេះ​។

លោកស្រី​បន្តថា​៖ «​នៅពេល​ [​សត្វ​ស្លាប​] ​មកដល់ ACCB ពេទ្យសត្វ​របស់​យើង នឹង​ផ្តល់​ការពិនិត្យ​សុខភាព​ដល់​ពួកវា ហើយ​យើង​នឹងធ្វើ​តេស្ត​មេរោគ​គ្រុនផ្តាសាយ​បក្សី ដើម្បី​ធានាថា ពួកវា​អវិជ្ជមាន​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​»​។

កាលពី​ថ្ងៃទី​ ២១ ខែសីហា ACCB ទើប​លែង​សត្វ​ត្រដក់​តូច​ចំនួន​ ៤ ​ក្បាល​នៅក្នុង​សង្កាត់​ជ្រាវ ខេត្តសៀមរាប​។

ACCB គឺជា​គម្រោង​អភិរក្ស​ជីវចម្រុះ​មួយ​នៅ​កម្ពុជា​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៣ ដែលមាន​ទីតាំង​នៅក្នុង​ឧទ្យានជាតិ​ភ្នំ​គូលែន​។ បច្ចុប្បន្ននេះ ACCB គឺជា​ទីតាំង​ផ្តល់​ជម្រក​ដល់​សត្វ​ប្រមាណ​ ១ ​ពាន់​ក្បាល ដែលមាន​ ៤៥ ​ប្រភេទ​។ ក្នុងនោះ​ប្រមាណ​ជា ៩០ ​ភាគរយ​នៃ​សត្វ​សរុប​នៅក្នុង​មជ្ឈមណ្ឌល គឺជា​ប្រភេទ​សត្វ​ដែល​ចាត់ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ជា​សកល​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN៕

រ៉ូ គីមឡុង